ភ្នំពេញ: ​សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​កំពុង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ជនល្មើស​ចំនួន​​ ២​ នាក់​ ពាក់ព័ន្ធ​អំពើ​ឃាតកម្ម​បាញ់សម្លាប់​មន្ត្រីនគរបាល​ម្នាក់​កាលពី​យប់​ឈានចូល​ថ្ងៃទី​ ៣០ ​ខែ​ធ្នូ ដែល​ផ្តើមចេញពី​គ្រោះថ្នាក់​ចរាចរណ៍​បន្តិច​បន្តួច​នៅ​ភូមិ​ក្បាលដំរី​ទី​ ២ សង្កាត់​កាកាប​ទី​ ២ ខណ្ឌ​ពោធិ៍សែនជ័យ​។

លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ថ្លែង​ពី​ម្សិលមិញ​ថា សមត្ថកិច្ច​ជំនាញ​បាន​រកឃើញ​រថយន្ត​របស់​ជនល្មើស​ជិះ​ធ្វើ​សកម្មភាព​ដែល​យក​មក​លាក់ទុក​នៅ​សង្កាត់​ពន្សាំង ខណ្ឌ​ព្រែកព្នៅ ប៉ុន្ដែ​មិនទាន់​ចាប់​ជនល្មើស​បានទេ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​មិនទាន់​អាច​ប្រាប់​ពី​នីតិវិធី​របស់​សមត្ថកិច្ច​ជំនាញ​បានទេ ដោយសារ​យើង​កំពុង​ស្រាវជ្រាវ​យ៉ាង​មមាញឹក ប៉ុន្ដែ​យើង​នៅ​មិនទាន់​កំណត់​អត្តសញ្ញាណ​ជនបង្ក​ហេតុ​នៅឡើយ​។ ទោះយ៉ាងណា យើង​នៅតែ​បន្ត​ការងារ​ស្រាវជ្រាវ​របស់​យើង​»​។

លោក ម៉ន វុធី អធិការ​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ​ពី​ម្សិលមិញ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ ជុំវិញ​ករណី​នេះ​ដោយ​លោក​ថា កំពុង​ជាប់រវល់​។ ប៉ុន្តែ បើ​តាម​របាយការណ៍​របស់​លោក ជ្រេង ធី នាយ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​កាកាប​ទី​ ២ បាន​ឱ្យដឹងពី​ម្សិលមិញ​ថា កាលពី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​ ៣០ ខែធ្នូ មាន​ករណី​ឃាតកម្ម​បាញ់​សម្លាប់​ដែល​បង្កឡើង​ដោយ​ជនសង្ស័យ​ចំនួន ២ ​នាក់​ស្លៀកពាក់​ស៊ីវិល​ប្រដាប់​ដោយ​អាវុធខ្លី​ ១ ​ដើម​ដែល​ជិះ​រថយន្ត Lexcus RX300 ពាក់​ស្លាក​លេខ​សៀមរាប 2A-4546​។

ជនសង្ស័យ ២ ​នាក់​ មិន​ស្គាល់​អត្តសញ្ញាណ​មាន​ភិនភាគ​ទម្រង់​មុខធំ​ល្មម មាឌធំ សម្បុរស ពាក់​វ៉ែនតា​មីញ៉ូប​ពណ៌​ស អាយុ​ប្រហែល ៣៨ ​ឆ្នាំ ជនជាតិ​ខ្មែរ​ពាក់អាវ​ដៃខ្លី​វែង​ស​ឆ្នូត​ស្លៀកខោ​ជើងវែង កាត់សក់​ខ្លី ចិញ្ចើម​ស្ដើង​រាង​ខ្លី ប្រើ​អាវុធខ្លី​មិន​ស្គាល់​ម៉ាក​ ១ ​ដើម​ពណ៌​ប្រាក់​។ បក្ខពួក​រាង​ស្គម​ខ្ពស់​ល្មម សម្បុរស​ខ្មៅ ខោ​ក្រណាត់​ជើង​ខ្លី អាវយឺត​ក្រណាត់​ដៃខ្លី​ពណ៌​ក្រហមមុខ​រាង​ជ្រុង​ស្រួច ភ្នែក​ធំ ចិញ្ចើម​ស្ដើង អាយុ​ប្រហែល ៣០ ​ឆ្នាំ​។

ចំណែក​ជនរងគ្រោះ​ឈ្មោះ រ៉េត ស៊ីណែត ហៅ​ ញ៉ក់ ភេទ​ប្រុស អាយុ​ ៤០ ​ឆ្នាំ​ មុខរបរ​ជា​មន្ត្រី​នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​។ ជនរងគ្រោះ​ត្រូវបាន​គេ​បាញ់​ពីក្រោយ​ខ្នង​ចំនួន ៣ ​គ្រាប់​ធ្លាយ​មក​មុខ និង​ថ្ងាស​ ១ ​គ្រាប់​ធ្លាយ​មក​ក្រោយ​។ ចំណែក​អាវុធ​ខ្លីម៉ាក Glock 19 លេខ AALU204 របស់​ជនរងគ្រោះ​បាន​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ​ជា​បណ្ដោះអាសន្ន​។

លោក ជ្រេង ធី បន្ថែម​ថា​មុនពេល​កើតហេតុ ជនរងគ្រោះ និង​មិត្តភក្តិ​ឈ្មោះ ង៉ាន់ ភីលីន ភេទ​ប្រុស​អាយុ ២៩ ​ឆ្នាំ​ បាន​ចេញពី​ហាង​ហូប​ស៊ុប​នៅ​ម្ដុំ​វត្តភ្នំ ហើយ​បាន​បើករថយន្ត Ford Raptor ចេញដំណើរ​ដល់​ចំណុច​កើតហេតុ ក៏មាន​រថយន្ត​ជនបង្ក​មាន​អ្នករួមដំណើរ​ចំនួន​ ៥ ​នាក់​ ក្នុង​នោះ​មាន​ប្រុស​ ២ ​នាក់ ស្ត្រី​ ២ ​នាក់ និង​កុមារា​ម្នាក់​ដោយ​រថយន្ត​ជនបង្ក​បាន​បុក​រថយន្ត​ជនរងគ្រោះ​ខាងឆ្វេង​ពីក្រោយ បណ្ដាល​ឱ្យ​ខូចខាត​តិចតួច​។ ក្រោយមក ជនរងគ្រោះ​ជិះ​វ៉ា​រថយន្ត​ជនបង្ក ហើយ​ទៅ​បាំង​ពីមុខ​រថយន្ត​ជនសង្ស័យ ហើយ​ជនរងគ្រោះ​ក៏​ដក​កាំភ្លើង​ភ្ជង់​លើ​ជនសង្ស័យ​ឱ្យ​ឈប់​រថយន្ត ដើម្បី​ឱ្យ​ឈប់​ដោះស្រាយ​គ្នា​។ លោក​បន្ថែម​ថា ភាគី​ទាំង​ ២ ​បាន​ចរចា និង​ព្រមព្រៀងគ្នា​ដោយ​យក​រថយន្ត​ជនរងគ្រោះ​ទៅ​ជួសជុល ដើម្បី​បញ្ចប់រឿង​។

ភ្លាមៗ​នោះ​ជនបង្ក​បាន​ប្រាប់​ឱ្យ​អ្នក​រួមដំណើរ​ជា​ស្ត្រី​ ២ ​នាក់ និង​កុមារា​ម្នាក់​ជិះ​ម៉ូតូ​កង់​បី​ទៅផ្ទះ​មុន​។ ចំណែក​ជនរងគ្រោះ និង​ឈ្មោះ ង៉ាន់ ភីលីន អង្គុយ​មើល​ចំណុច​ខូចខាត​រថយន្ត​ខ្លួន​ស្រាប់តែ​ជនសង្ស័យ​បាន​ដក​កាំភ្លើង​ពី​ចង្កេះ​បាញ់​សំដៅ​មក​ជនរងគ្រោះ​ពីក្រោយ​ចំនួន ៤ ​គ្រាប់​បណ្ដាល​ឱ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ រីឯ​ជនល្មើស​ ២ ​នាក់​ បាន​រត់ឡើង​រថយន្ត​ជិះ​គេចខ្លួន​បាត់​។ ប៉ុន្ដែ​ឈ្មោះ ង៉ាន់ ភីលីន ​បាន​រត់​ទៅ​ដក​កាំភ្លើង​ពី​ជនរងគ្រោះ​មក​បាញ់​តបត​វិញ​ដែរ​។

បើ​តាម​លោក​វេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យ​ផ្នែក​កោសល្យវិច័យ​នៃ​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ រាជធានី​ភ្នំពេញ​បញ្ជាក់​ថា ជនរងគ្រោះ​បាន​ស្លាប់​ដោយ​អំពើ​ឃាតកម្ម​បាញ់​សម្លាប់​៕