ភ្នំពេញៈ ​នគរ​ខណ្ឌ​ពោធិ៍សែនជ័យ​កំពុង​បន្ត​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ជនសង្ស័យ​ករណី​ប្លន់​​សម្លាប់​ស្ដ្រី​ម្នាក់​នៅ​បន្ទប់​ជួល​មួយ​ក្នុង​ភូមិ​ចាក់ជ្រូក សង្កាត់​សំរោងក្រោម​ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​កាលពី​​ព្រលប់​ថ្ងៃទី​ ២៥ ខែ ឧសភា ឆ្នាំ​ ២០២០​។

លោក ជា សុវណ្ណ អធិការរង​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ស្ត្រី​រងគ្រោះ​នោះ​ឈ្មោះ​ អ៊ុច យ៉េន អាយុ​ ៤៦ ​ឆ្នាំ​ មុខរបរ​លក់​ចាប់ហួយ​ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​កើតហេតុ​ខាងលើ​ជាមួយ​ប្អូនស្រី​បង្កើត​ម្នាក់​ឈ្មោះ អ៊ុច សារ៉ន ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​នៅ​រាជធានីភ្នំពេញ​។

លោក​ថ្លែង​ថា បើ​តាម​ការរៀបរាប់​របស់​នារី​ជា​ប្អូនបង្កើត​​ជនរងគ្រោះ​ថា នៅ​ថ្ងៃកើតហេតុ​​ពេល​នាង​ត្រឡប់​ពី​ធ្វើការ​វិញ​ឃើញ​បន្ទប់​ជួល​ដែល​នាង និង​បងស្រី​ស្នាក់នៅ​ត្រូវបាន​ចាក់សោ​ជាប់​ពី​ខាងក្រៅ​។ ​ភ្លាមៗ​នោះ​​នាង​មិន​ចាប់​អារម្មណ៍​អ្វី​ទេ​ដោយ​នឹកស្មាន​ថា បងស្រី​រងគ្រោះ​នោះ​ចេញ​ទៅ​ទិញ​ទំនិញ​ដើម្បី​ទុក​លក់ដូរ​ដូច​សព្វមួយដង​។

លោក​ សុវណ្ណ បាន​ដកស្រង់​សម្ដី​របស់​កញ្ញា អ៊ុច សារ៉ន មក​បញ្ជាក់​ថា​៖ «​បន្ទាប់​មក​ខ្ញុំ​បាន​​ពិនិត្យ​ឃើញ​ធុង​ទឹកកក​ដែល​​បងស្រី​ខ្ញុំ​ដាក់​ក្លាស្សេ​ភេសជ្ជៈ​នៅមុខ​បន្ទប់​បើកចំហ​ខុស​ប្រក្រតី ខ្ញុំ​ក៏​ទូរស័ព្ទ​ទៅរក​គាត់​តែ​ទូរស័ព្ទ​មិន​ចូល​។ បន្ទាប់​មក​ទៀត​ខ្ញុំ​ក៏​ទូរស័ព្ទ​ហៅ​ប្អូនប្រុស​ជីដូនមួយ​របស់​ខ្ញុំ​ដែលជា​កូន​ម្ចាស់​ផ្ទះជួល​ឲ្យ​មកជួយ​ពិនិត្យ​ហើយ​ពេល​វាយ​ដោះ​សោ​ទ្វារ​បន្ទប់​ក៏​ឃើញ​បងស្រី​ស្លាប់ និង​ឃើញ​របស់របរ​មួយ​ចំនួន​នៅ​​រាយប៉ាយ​ពេញ​បន្ទប់ ព្រមទាំង​មាន​ការបាត់បង់​ម៉ូតូ Honda Dream-125 មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​ DC7457»​។

លោក សុវណ្ណ បាន​បន្តថា តាម​ការបំភ្លឺ​ពី​សាច់ញាតិ​ជនរងគ្រោះ និង​វត្ថុតាង​នៅ​កន្លែង​កើតហេតុ​រួមទាំង​លទ្ធផល​នៃ​ការធ្វើ​កោសល្យវិច័យ​វិទ្យាសាស្ត្រ​លើ​សព​ជនរងគ្រោះ សមត្ថកិច្ច​ជំនាញ​បាន​សន្និដ្ឋាន​​ថា ករណី​នេះ​​ «​ជា​អំពើ​ឃាតកម្ម ប្លន់​សម្លាប់​យក​ទ្រព្យ​»​។

លោក​បាន​បញ្ជាក់ថា​៖ «​នៅ​​កន្លែង​កើតហេតុ សមត្ថកិច្ច​​យើង​បាន​រកឃើញ​ស្បែកជើង​​ផ្ទាត់​ ១ ​គូ​សង្ស័យ​ជា​របស់​ជនល្មើស​។ យើង​បាន​ពិនិត្យឃើញ​សព​ជនរងគ្រោះ​មាន​ស្នាម​ជាំ​ផ្នែក​បំពង់ក និង​គល់​ថ្គាម​ផ្នែក​​ខាងស្ដាំ ដែល​អាច​សន្មត​ថា​ជនរងគ្រោះ​ស្លាប់​ដោយសារ​ជន​មិន​ស្គាល់មុខ​វាយ​នឹង​កណ្ដាប់ដៃ ឬ​ដោយ​ច្របាច់ក​»​។

បើ​តាម​លោក សុវណ្ណ សមត្ថកិច្ច​នគរបាល​ជំនាញ​បាន​ស្កេន​ស្នាម​ក្រយៅ​ជើង​នៅលើ​ស្បែកជើង​ផ្ទាត់​មួយគូ​នោះ ព្រមទាំង​ស្នាម​ក្រយៅដៃ​ដែល​ជាប់​នៅលើ​ផ្នែក​ក​របស់​ជនរងគ្រោះ​យក​ទៅ​ពិសោធ ដើម្បី​ស្រាវជ្រាវ​បន្ត​ស្វែងរក​មុខសញ្ញា​ជនសង្ស័យ ដើម្បី​ចាប់ខ្លួន​បញ្ជូន​ឲ្យ​តុលាការ​ផ្ដន្ទាទោស​ទៅតាម​​ផ្លូវច្បាប់​៕