ពោធិ៍សាត់: មន្ត្រី​ជំនាញ​ខេត្ត​ពោធិ៍សាត់​កំពុង​ស្រាវជ្រាវ​រក​ជនល្មើស​ដែល​បាន​លួច​ដាំ​ដើម​កញ្ឆា​ខុសច្បាប់​នៅ​ភូមិ​ដីក្រហម ឃុំ​អន្លង់រាប ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ បន្ទាប់ពី​បាន​រកឃើញ​តាមរយៈ​ពលរដ្ឋ និង​បាន​ដុតបំផ្លាញ​ដើម​កញ្ឆា​ចំនួន​ ៥ ៥៣០ ​ដើម​ នៅ​នឹង​កន្លែង​ក្នុង​ពេល​ចុះបង្ក្រាប​ពីថ្ងៃ​ទី​ ១៨ កក្កដា ខណៈ​ជនសង្ស័យ​លួច​ដាំ​លើ​ផ្ទៃដី​ ២ ​ហិកតា​។

លោក​ ធាង ឡេង អធិការ​នគរបាល​ស្រុក​វាលវែង​បាន​ប្រាប់​ពី​ម្សិលមិញ​ថា សមត្ថកិច្ច​ជំនាញ​បាននិង​កំពុង​ស្រាវជ្រាវ​រក​ជនសង្ស័យ​ដែល​បាន​លួច​ដាំ​កញ្ឆា​ទាំងនេះ​នៅ​ជ្រលង​ភ្នំ​អូរ ៧០ ក្នុង​ភូមិ​ដីក្រហម ឃុំ​អន្លង់រាប ស្រុក​វាលវែង​។ ក្នុងនោះ​សមត្ថកិច្ច​ក៏បាន​រកឃើញ​កញ្ឆា​ក្រៀម​ជាង​ ៣០ ​គីឡូក្រាម​បន្ថែមទៀត​នៅ​ទីតាំង​នោះ​ផងដែរ​។

លោក​បន្តថា វត្ថុតាង​ដែល​បាន​រកឃើញ​រួមមាន​ដើម​កញ្ឆា​, កញ្ឆា​ក្រៀម​,​រោង​ (​លក្ខណៈ​តង់​សម្រាប់​ជ្រក​) ​ចំនួន​ ៣ ​កន្លែង និង​សម្ភារ​មួយចំនួន​ដែល​បម្រើ​ឲ្យ​ការដាំ​កញ្ឆា​ទាំងនេះ​។ លោក​​ថា សមត្ថកិច្ច​ដុតបំផ្លាញ​ចោល​នៅនឹង​កន្លែង​តែម្ដង ដោយសារ​មិនអាច​ដឹកជញ្ជូន​ចេញ​មក​ក្រៅ​បាន ព្រោះ​ឆ្ងាយ​ពេក និង​គ្មាន​ផ្លូវ​បើករថយន្ត​ចូល​ទៅ​ដឹក​ជញ្ជូន​ចេញ​ពី​ក្នុងព្រៃ​បាន​។

លោក ធាង ឡេង បញ្ជាក់​ថា​៖ «​ពេល​កម្លាំង​យើង​ចុះទៅ​ដល់​​ទីតាំង​នោះ គឺ​ម្ចាស់​ហ្នឹង​បាន​រត់គេច​ខ្លួន​បាត់​អស់ហើយ ឥឡូវ​យើង​កំពុង​ព្យាយាម​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ ព្រោះ​យើង​មិន​អាច​អនុញ្ញាត​ឲ្យ​មាន​ការដាំដុះ​ដំណាំ​បែបនេះ​បាន​ទេ វា​ខុសច្បាប់​។ យើង​មិន​ចំណាយពេល​យូរ​ទេ គឺ​ជនសង្ស័យ​នឹង​ចាប់ខ្លួន​បាន​នាពេល​ឆាប់ៗ​នេះ ព្រោះ​យើង​កំពុង​មមាញឹក​ក្នុង​ការស្រាវជ្រាវ​»​។

លោក​បន្ថែមថា ប្រតិបត្តិការ​នេះ​គោរព​តាម​បទបញ្ជា​លោក​ សារុន ចាន់ធី ស្នងការ​នគរបាល​ខេត្ត​ពោធិ៍សាត់​ដែល​បាន​ចាត់​ឲ្យ​លោក​ដឹកនាំ​កម្លាំង​នគរបាល​ស្រុក​វាលវែង និង​កម្លាំង​ប៉ុស្តិ៍​អន្លង់រាប សហការ​ជាមួយ​កងរាជ​អាវុធហត្ថ​ស្រុក​សរុប​កម្លាំង​ទាំងអស់​ ៣៤ ​នាក់​បាន​ចុះទៅ​បង្ក្រាប​ទីតាំង​ដាំដុះ​រុក្ខជាតិ​កញ្ឆា​​ដោយ​ខុសច្បាប់​នេះ​។

លោក​ សុខ ណាត នាយប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ឃុំ​អន្លង់រាប​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ក្នុង​ភូមិសាស្ត្រ​នោះ​សម្បូរ​ភ្នំ ផ្លូវ​ចូល​លំបាក​ដែល​មាន​ចម្ងាយ​ ៣០ ​គីឡូម៉ែត្រ​ពី​ផ្លូវជាតិ​លេខ​ ៥៥ ជាហេតុ​ធ្វើឲ្យ​សមត្ថកិច្ច​ចាប់​មុខសញ្ញា​មិនបាន​។ ម្យ៉ាង​ជនល្មើស​បាន​ចិញ្ចឹម​សត្វ​ឆ្កែ​នៅ​ខ្ទម​ចាំចម្ការ ​ខណៈ​សមត្ថកិច្ច​ទៅជិត​ដល់​ទីតាំង​ប្រព្រឹត្ត​បទល្មើស ឆ្កែ​ក៏​ព្រុស​​ធ្វើឲ្យ​ជនល្មើស​អាច​គេចខ្លួន​។

លោក​បន្តថា សមត្ថកិច្ច​មិន​អាច​បើក​រថយន្ត ឬ​គោយន្ត​ចូល​​ទៅកាន់​តំបន់​ដាំ​ដំណាំ​កញ្ឆា​នោះ​បាន​ទេ ដោយ​នាំគ្នា​ដើរ​ចម្ងាយ​ជាង​ ៣០ ​គីឡូម៉ែត្រ​ឆ្លងកាត់​ព្រៃ និង​មាន​ទឹកជ្រោះ​ច្រើន​កន្លែង ហើយ​ត្រូវ​ចំណាយពេល​ជិត​ ៤ ​ម៉ោង​ទើប​ទៅដល់​ទីនោះ​។ ទីតាំង​នោះ​អំណោយផល​ល្អ​ដល់​​ដំណាំ​កញ្ឆា ព្រោះ​មាន​ព្រៃធំៗ ហើយ​អាច​ដាំ​កញ្ឆា​បន្លំ​នឹង​ព្រៃឈើ​តូចៗ​បាំង​ភ្នែក​សមត្ថកិច្ច​។ ជាពិសេស​ជនល្មើស​បាន​យក​ទឹកជ្រោះ​ទៅ​ស្រោច​ដំណាំ​កញ្ឆា​របស់​ខ្លួន​យ៉ាង​ងាយស្រួល​។

លោក សុខ ណាត បញ្ជាក់ថា​៖ «​រហូត​មក​ទល់​ពេលនេះ យើង​កំណត់​អត្តសញ្ញាណ​ជនល្មើស​បាន​ខ្លះ​ហើយ​។ បើតាម​ខ្ញុំ​បាន​សាកសួរ​អ្នកភូមិ គឺ​ជនល្មើស​មាន​សរុប​ ៤ ​នាក់​ ក្នុង​នោះ​មាន ៣ ​នាក់​ មកពី​ស្រុក​គិរីវង់ ខេត្ត​តាកែវ ហើយ​ម្នាក់​ជា​អ្នកភូមិ​នៅទីនេះ​ផ្ទាល់ ប៉ុន្ដែ​យ៉ាងណា ពួកគាត់​បាន​រត់គេច​ខ្លួន​បាត់​អស់​ហើយ​។ យើង​នៅតែ​បន្ត​ស្រាវជ្រាវ​បន្តទៀត​»​។

លោក​បន្ថែមថា មុនពេល​ចុះ​ធ្វើ​ប្រតិបត្តិការ​នេះ​អ្នកភូមិ​បាន​រាយការណ៍​មក​សមត្ថកិច្ច​អំពី​សកម្មភាព​របស់​ជនល្មើស​ដែល​លួចលាក់​ដាំ​ដំណាំ​កញ្ឆា​នៅក្នុង​​ព្រៃ​ជ្រៅ ខណៈ​ពួកគាត់​បាន​ប្រទះ​ឃើញ​ពេល​ដើរ​បោចវល្លិ​ក្នុង​ភូមិសាស្ត្រ​នេះ​។ ក្រោយ​ឃើញ​ករណី​នេះ​ពួកគាត់​បាន​ប្រញាប់​មក​រាយការណ៍​ប្រាប់​ទៅ​សមត្ថកិច្ច​ដើម្បី​បង្ក្រាប និង​ចាត់​វិធានការ​តាម​ច្បាប់​៕