ភ្នំពេញ៖ មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (ក.ប.ប) នៃ​ក្រសួង​ពាណិជ្ជកម្ម​បាន​ឱ្យ​ដឹង​ថា សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​អ្នក​ផលិត ឬ​អ្នក​នាំចូល​អាល់កុល​ក្លែងក្លាយ ឬ​មេតាណុល​ប្រមាណ ៣០ តោន ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ បន្ទាប់​ពី​បង្ក្រាប​បាន​ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​នៅ​រាជធានី​ភ្នំពេញ។

ប្រធាន​សាខា ក.ប.ប រាជធានី​ភ្នំពេញ​ លោក ហេង មាលី ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី ១៦ ឧសភា​នេះ​ថា ក្នុង​រយៈពេល​បិទ​ខ្ទប់​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ជាង ១ ខែ​មក​នេះ ដោយ​គិត​ពី​ដើម​ខែ​មេសា ដល់​ថ្ងៃ​ទី ១៣ ខែ​ឧសភា ២០២១ នេះ មន្ត្រី​ជំនាញ​បាន​ចុះ​បង្ក្រាប​អាល់កុល​ក្លែងក្លាយ ឬ​មេតាណុល​ប្រមាណ ៣០ តោន និង​បាន​ដុត​បំផ្លាញ​ចោល​មួយ​ចំនួន។

លោក​ថា៖ «អគ្គនាយកដ្ឋាន ក.ប.ប បាន​ធ្វើ​ការ​បង្ក្រាប​នូវ​អាល់កុល​ក្លែងក្លាយ​នៅ​ភ្នំពេញ​ដោយ​គិត​ជា​មធ្យម ៥ ករណី បាន​ចំនួន​ជិត ៣០ តោន យើង​បង្ក្រាប​គ្រប់​ទីតាំង​ទីកន្លែង​ទាំង​អស់​នៅ​តាម​ស្តុក​ចែកចាយ​នៅ​តាម​បណ្តា​ឱសថស្ថាន និង​ទីកន្លែង​សាធារណៈ​ផ្សេង យើង​ធ្វើ​ការ​ប្រមូល​បាន​ច្រើន»។

លោក​បន្ត​ថា ក្នុង​កិច្ចការ​ទាំង​អស់​នេះ សមត្ថកិច្ច​បាន​និង​កំពុង​រៀបចំ​សំណុំ​រឿង ដើម្បី​បញ្ជូន​ទៅ​តុលាការ និង​កំពុង​ស្វះស្វែង​រក​ជន​ទុច្ចរិត​ដែល​នាំចូល​អាល់កុល​ក្លែងក្លាយ​នេះ។

លោកថា៖ «យើង​កំពុង​រៀបចំ​វត្ថុតាង និង​សំណុំ​ឯកសារ​ផ្សេងៗ​ទៀត​បញ្ជូន​ទៅ​តុលាការ​យើង​ដឹង​ស្រាប់​ហើយ​អ្នក​លក់​អាល់កុល​ខ្លះ​គាត់​ទទួល​ទិញ​ពី​អាជីវករ​ផ្សេងៗ​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​អស់​យក​មក​លក់​បន្ត ដូច្នេះ​យើង​ស្វែងរក​អ្នក​នាំចូល​ធំ​ថា អ្នក​ណា​ជា​អ្នក​នាំ​ចូល​ពិត​ប្រាកដ និង​អ្នក​ណា​ម្ចាស់​ពិត​ប្រាកដ»។

យ៉ាង​ណា​ក៏​ដោយ លោក​មិន​ទាន់​អាច​ប្រាប់​ពី​ចំនួន​មនុស្ស​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន ឬ​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​នោះ​ទេ ខណៈ​សមត្ថកិច្ច​កំពុង​សួរ​នាំ ដើម្បី​ប្រមូល​ភ័ស្តុតាង​បន្ថែម​ទៀត។

លោក ហេង មាលី ឱ្យ​ដឹង​ដែរ កាល​ពី​ថ្ងៃទី ១៣ ឧសភា​ ថ្មីៗ​នេះ សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​ស្តុក​ទុក​អាល់កុល​ក្លែងក្លាយ ឬ​មេតាណុល​ប្រមាណ​ជាង ១២ តោន នៅ​រាជធានី​ភ្នំពេញ បន្ទាប់​ពី​បាន​សិក្សា​ស្រាវជ្រាវ​មួយ​រយៈ​មក​នេះ។

លោក​ថា៖ «បន្ទាប់​ពី​បាន​ស្រាវជ្រាវ​ស៊ើប​អង្កេត​រក​ទីតាំង​ភូមិសាស្ត្រ ដែល​កំពុង​ចរាចរ និង​ស្តុក​ទុក​អាល់កុល​ក្លែងក្លាយ​បាន​ច្បាស់លាស់​នៅ​ល្ងាច​ថ្ងៃទី ១៣ ខែ​ឧសភា មន្ត្រី​អគ្គនាយកដ្ឋាន ក.ប.ប ដោយ​មាន​ការ​ឯកភាព​ពី​លោក​ព្រះរាជ​អាជ្ញារង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចុះ​ត្រួត​ពិនិត្យ និង​ឃាត់​ទុក​បណ្តោះ​អាសន្ន​អាល់កុល​ក្លែងក្លាយ ឬ​មេតាណុល​ចំនួន ១២ ៣៦០ លីត្រ នៅ​ខណ្ឌ​បឹងកេងកង»។

បើ​តាម​លោក មាលី ក្នុង​ចំណោម​អាល់កុល​ក្លែងក្លាយ ឬ​មេតាណុល​ប្រមាណ ៣០ តោន ត្រូវ​បាន​មន្ត្រី​ជំនាញ​បំផ្លាញ​ចោល​អស់​ជាង ១២ តោន​រួច​ហើយ ខណៈ​អាល់កុល​ដែល​នៅ​សេសសល់​កំពុង​រៀបចំ​បំផ្លាញ​ចោល​ជា​បន្តបន្ទាប់។

ទន្ទឹម​នេះ​ដែរ អគ្គនាយកដ្ឋាន ក.ប.ប អំពាវនាវ​ដល់​អ្នក​ប្រើប្រាស់​មាន​ការ​ប្រុងប្រយ័ត្ន​ក៏​ដូចជា អាជីវករ​លក់ដុំ លក់រាយ ម្ចាស់​ឱសថស្ថាន ម្ចាស់​ផ្សារ​ទំនើប និង​អ្នក​នាំចូល​ផលិតផល​អាល់កុល​ទាំង​អស់​សូម​កុំ​យក​សារធាតុ​មេតាណុល​បន្លំ​ជា​អាល់កុល​លក់​ជូន​ពលរដ្ឋ​ដោយ​ចាត់​ទុក​ថា សកម្មភាព​នេះ​មិន​ត្រឹមតែ​មិន​អាច​ទប់ស្កាត់​ការ​ចម្លង​មេរោគ ឬ​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ប្រឈម​ចំពោះ​មុខ​ច្បាប់​ដល់​ខ្លួន​ថែម​ទៀត​ផង។

ក.ប.ប បញ្ជាក់​ថា «សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ប្រើប្រាស់​ទាំង​អស់​ប្រុងប្រយ័ត្ន​មុន​ទិញ​អាល់កុល ឬ​ជែល យក​មក​ប្រើប្រាស់​ក្នុង​គោល​បំណង​សម្លាប់​មេរោគ សូម​ពិនិត្យ និង​ជ្រើសរើស​ផលិតផល​ដែល​មាន​ស្លាកសញ្ញា និង​ប្រភព​ត្រឹមត្រូវ​ច្បាស់លាស់»។

អគ្គនាយកដ្ឋាន ក.ប.ប ក៏​បាន​ពន្យល់​ដែរ​ថា មេតាណុល​គឺ​ជា​សារធាតុ​គីមី ដែល​គេ​ច្រើន​ប្រើ​ធ្វើ​ជា​សារធាតុ​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​ឧស្សាហកម្ម ឬ​សំណង់។ សារធាតុ​នេះ​មិន​មាន​ប្រសិទ្ធភាព​ក្នុង​ការ​សម្លាប់​មេរោគ​កូវីដ ១៩ នោះ​ទេ ។

ផ្ទុយ​ទៅ​វិញ​ការ​ប្រើ​មេតាណុល​សម្រាប់​លាងដៃ​សម្រាប់​សម្លាប់​មេរោគ​កូវីដ ១៩ អាច​នឹង​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នកប្រើ ដូចជា​បណ្តាល​ឱ្យ​រលាក​ស្បែក រលាក​ភ្នែក ឈឺ​ក្បាល វិលមុខ ស្រវាំង​ភ្នែក ងងុយ​ដេក បាត់បង់​ស្មារតី ក្អួត​ចង្អោរ រំខាន​ដល់​ការ​រំលាយ​អាហារ ឬ​អាច​បណ្តាល​ឱ្យ​ស្លាប់​បាន​ប្រសិន​បើ​យក​ទៅ​លាយ​ជាមួយ​ស្រា​ហើយ​បរិភោគ​លើស​កម្រិត៕