ព្រះវិហារៈ អាជ្ញាធរ​ស្រុក​រវៀង និង​ក្រុមមន្ត្រី​ឧទ្យានុរក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ​កំពុង​បន្ត​កិច្ចសហការ​គ្នា ស្រាវជ្រាវ​ស្វែងរក​អត្តសញ្ញាណ​ក្រុម​ជនសង្ស័យ​ក្នុង​បទល្មើស​កាប់​រាន​ដីព្រៃ​ប្រមាណ​ ២០០ ​ហិកតា​ ក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​បឹងពែរ ដើម្បី​ចាប់​ឃាត់ខ្លួន​បញ្ជូន​ឲ្យ​តុលាការ ចាត់វិធានការ​ទៅ​តាម​នីតិវិធី​ច្បាប់​។

លោក​ ព្រំ ស៊ីថា អធិការរង​ស្រុក​រវៀង​បាន​ថ្លែងថា ក្នុង​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​រវាង​កង​បញ្ជាការ​ឯកភាព​ស្រុក​រវៀង និង មន្ត្រី​ឧទ្យានុរក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​ ១៩ ខែ​ មិថុនា ឆ្នាំ​ ២០២០ សមត្ថកិច្ច​ចម្រុះ​បាន​រកឃើញ​បទល្មើស​កាប់រាន​ដីព្រៃ​ ១ ​កន្លែង​ក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​បឹងពែរ​ក្នុង​ភូមិសាស្ត្រ​ឃុំ​រម្មណីយ៍​។

លោក ស៊ីថា បាន​បញ្ជាក់ថា​៖ «​ទីតាំង​ដែល​ត្រូវបាន​គេ​កាប់រាន​មាន​ទំហំ​ប្រមាណ​ ២០០ ​ហិកតា និង​មាន​ដាំ​កូនឈើ​ហូបផ្លែ​ជាច្រើន​ប្រភេទ​រួមមាន​ដូងក្រអូប ស្វាយចន្ទី ទុរេន សាវម៉ាវ ស្វាយខ្ទិះ និង ស្វាយកែវ​រមៀត​។ នៅ​ចំកណ្ដាល​ទីតាំង​ដី ដែល​ត្រូវ​បាន​កាប់​រានមាន​សង់​ផ្ទះ​ឈើ ប្រក់​ស័ង្កសី​ ១ ​ខ្នង និង ឧបករណ៍​សម្ភារ​កសិកម្ម​ជាច្រើន​ទៀត​»​។

បើ​តាម​លោក​ ស៊ីថា ក្រុម​ជនប្រព្រឹត្ត​បទល្មើស​ទំនង​ជា​បានដឹង​ខ្លួន​ជាមុន ហើយ​បាន​នាំគ្នា​រត់គេចខ្លួន​ពី​ទីតាំង​ខាងលើ​នេះ​មុន​ពេល​សមត្ថកិច្ច​ទៅ​ដល់​។ យ៉ាងណា​ក៏ដោយ រហូត​មកទល់​ពេលនេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ​នៅ​មិនទាន់​រុះរើ​ផ្ទះ និង ដក​ឬ​កាប់បំផ្លាញ​ដំណាំ​ហូបផ្លែ​ពី​ទីតាំង​ដីព្រៃ​នៃ​តំបន់​ដែនជម្រក​សត្វព្រៃ​បឹង​ពែរ​នោះ​នៅ​ឡើយ​ទេ​។

លោក សុង ច័ន្ទសុជាតិ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ​បាន​ឲ្យ​ដឹងថា ក្រោយពី​ប្រទះ​ឃើញ​ករណី​នេះ​លោក​បាន​ដាក់​បញ្ជា​ឲ្យ​ក្រុមមន្ត្រី​ឧទ្យានុរក្ស បន្ត​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​កម្លាំង​សមត្ថកិច្ច​ប្រដាប់អាវុធ​ទាំង​ ៣ ​ប្រភេទ ចុះ​ស្រាវជ្រាវ​រក​ឲ្យ​ឃើញ​អត្តសញ្ញាណ​នៃ​ក្រុម​ជនសង្ស័យ​ដែល​បាន​កាប់រាន​ដីព្រៃ​ក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​បឹង​ពែរ ដើម្បី​ឃាត់ខ្លួន​មក​សួរនាំ និង​កសាង​សំណុំរឿង​បញ្ជូន​ឲ្យ​តុលាការ​ចាត់វិធានការ​ទៅ​តាម​ផ្លូវច្បាប់​។

លោក ច័ន្ទសុជាតិ ថ្លែងថា​៖ «​នៅពេល​នេះ​ក្រុមមន្ត្រី​ឧទ្យានុរក្ស​យើង​ទទួល​បាន​តម្រុយ​ខ្លះៗ​ពាក់ព័ន្ធ​ទៅនឹង​ក្រុម​ជនប្រព្រឹត្ត​បទល្មើស​ហើយ និង​កំពុង​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ឈាន​ទៅ​ដល់​ការឃាត់ខ្លួន ក្រុម​ជនប្រព្រឹត្ត​បទល្មើស​មក​សួរនាំ និង​ចាត់វិធានការ​ទៅតាម​នីតិវិធី​ច្បាប់​»​។ កាលពី​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ សមត្ថកិច្ច​សង្កាត់​រដ្ឋបាល​ព្រៃឈើ​រវៀង​បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ និង​ប្រជាសហគមន៍​ព្រៃឈើ​សំព្រាង​ចុះ​ស្រាវជ្រាវ​ និង​បង្ក្រាប​បាន​ច្រើន​ករណី និង​បាន​ឃាត់ខ្លួន​ជន​ប្រព្រឹត្ត​បទល្មើស​ ៨ ​នាក់​បញ្ជូន​ទៅ​តុលាការ ដើម្បី​ផ្ដន្ទាទោស​ផងដែរ​។

លោក ហោ ប៊ុនហួរ អភិបាលស្រុក​រវៀង​បាន​ថ្លែងថា ករណី​កាប់រាន​ដីព្រៃ​សហគមន៍ និង​ដីព្រៃ​សាធារណៈ​របស់​រដ្ឋ​មក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន គឺជា​អំពើ​ល្មើសច្បាប់​។ លោក​ថ្លែង​ថា​៖ «​ខ្ញុំ​ និង​ក្រុមការងារ​បាន​ចុះ​ទៅ​ពិនិត្យ​ដល់​ទីតាំង​នោះ និង​បានឃើញ​ទីតាំង​នោះ​ត្រូវ​បាន​គេ​កាប់រាន ពិតប្រាកដ​មែន​។ ករណី​នេះ​យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​ជន​ប្រព្រឹត្ត​បទល្មើស​រួចខ្លួន​ឡើយ​។ យើង​នឹង​ស៊ើបអង្កេត​រក​ម្ចាស់ និង​មេខ្លោង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​»៕