កណ្ដាល: សមត្ថកិច្ច​ជំនាញ​ស្រុក​ពញាឮ និង​ខេត្តកណ្ដាល​កំពុង​ស៊ើបអង្កេត​ករណី​ឃាតកម្ម​លើ​ព្រះគ្រូ​ចៅអធិការ​វត្ត​ព្រះចេតិយ​ថ្មី ព្រះនាម ជ័យ រិទ្ធ នៅ​ភូមិ​ចេតិយថ្មី ឃុំ​វិហារហ្លួង ស្រុក​ពញាឮ កាលពី​យប់​ថ្ងៃទី​ ១៩ ខែ​ធ្នូ ខណៈ​សាច់ញាតិ​ព្រះសង្ឃ​រងគ្រោះ​អះអាង​ថា ក្រោយ​កើតហេតុ​មាន​បាត់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី និង​ទ្រព្យសម្បត្តិ​មាន​តម្លៃ​មួយចំនួន​។

លោក ឈឿន សុចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្ដាល​បានឱ្យដឹង​ពី​ម្សិលមិញ​ថា មន្ត្រី​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល និង​មន្ត្រី​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ​កំពុង​ស្រាវជ្រាវ​ករណី​ឃាតកម្ម​នេះ​យ៉ាង​យក​ចិត្ត​ទុកដាក់​។ ​ប៉ុន្ដែ​លោក​មិនទាន់​អាច​សន្និដ្ឋាន​បាន​ថា​តើ​ជា​អំពើ​ឃាតកម្ម​ដោយសារ​គំនុំ ឬ​អំពើ​ប្លន់​យក​ទ្រព្យសម្បត្តិ​ទេ​។

លោក​បញ្ជាក់ថា​៖ «​យើង​ស្រាវជ្រាវ​សិន បើ​មាន​ព័ត៌មាន​អ្វី​បន្ថែម ខ្ញុំ​នឹង​ជូនដំណឹង​បន្ត​ទៀត តែ​អំឡុង​ពេលនេះ​ខ្ញុំ​អត់​អាច​បង្ហាញ​អ្វី​បានទេ​។ ​ចំពោះ​ការបាត់បង់​ទ្រព្យសម្បត្តិ​លោក គឺ​យើង​កំពុង​ស្រាវជ្រាវ​ដែរ​»​។

លោក ដួង តេង អធិការ​នគរបាល​ស្រុក​ពញាឮ​បាន​ថ្លែង​ពី​ម្សិលមិញ​ដែរ​ថា ក្រោយពេល​កើតហេតុ គណៈកម្មការ​វត្ត​ព្រះចេតិយ​ថ្មី​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ពី​ករណី​ឃាតករ​បាន​ចូល​ធ្វើ​គុត​ព្រះគ្រូ​ចៅអធិការ​វត្ត​ព្រះចេតិយ​ថ្មី ព្រះនាម ជ័យ រិទ្ធ ហៅ លោកតា រ៉ន ដែលមាន​ព្រះជន្ម​ជាង​ ៥០ ​ព្រះវស្សា​នៅក្នុង​បន្ទប់​កុដិ​របស់​ព្រះអង្គ​។

លោក​បន្តថា បន្ទាប់ពី​ទទួល​ព័ត៌មាន​នេះ មន្ត្រី​ជំនាញ​បាន​ចុះ​ទៅ​ធ្វើ​កោសល្យវិច័យ​លើ​ព្រះ​សព​ព្រះអង្គ​ដល់​កន្លែង​កើត​​ហេតុ ហើយ​បាន​ពិនិត្យឃើញ​ថា​ពិតជា​ពាក់ព័ន្ធ​អំពើ​ឃាតកម្ម​​មែន​។ ​សមត្ថកិច្ច​ជំនាញ​កំពុង​សាកសួរ​សាក្សី និង​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​មិនទាន់​អាច​បង្ហាញ​អ្វី​ច្រើន​លើសពីនេះ​ទេ ព្រោះ​យើង​កំពុង​ធ្វើការ​ស្រាវជ្រាវ​តាម​នីតិវិធី ដើម្បី​ឈាន​ទៅ​ចាប់ខ្លួន​ឃាតករ​មក​ផ្ដន្ទាទោស​តាមច្បាប់​»​។

បើតាម​លោក​ ហួត កក្កដា អាយុ ២៤ ​ឆ្នាំ​រស់នៅ​ភូមិ​ក្របីព្រៃ ឃុំ​ភ្នំតូច ស្រុក​ឧដុង្គ​ខេត្ត​កំពង់ស្ពឺ ត្រូវ​ជា​ក្មួយបង្កើត​របស់​ព្រះគ្រូ​អធិការរងគ្រោះ​បាន​ឱ្យ​​ដឹង​ពី​ម្សិលមិញ​ថា ព្រះអង្គ​ព្រះនាម ជ័យ រិទ្ធ មាន​ស្រុកកំណើត​នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល ពុំ​ធ្លាប់​មាន​ប្រពន្ធ​កូន​ទេ​។ ​

ព្រះអង្គ​ធ្លាប់​បាន​ប្រាប់​សាច់ញាតិ​ថា ព្រះអង្គ​មាន​ផ្ទះ​ ២ ​ល្វែង​នៅ​ផ្សារ​មាន់​អាំង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ និង​កំពុង​ជួល​ឱ្យគេ​ស្នាក់នៅ​ព្រម​ទាំង​មាន​ដីធ្លី​ជាច្រើន​កន្លែង​សុទ្ធតែ​មាន​ប្លង់រឹង និង​មាន​បច្ច័យ​ច្រើន​ទៀត​​ផង​។ ​ប៉ុន្តែ​ក្រោយ​កើតហេតុ​មាន​ការបាត់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​​ និង​ទ្រព្យសម្បត្តិ​មាន​តម្លៃ​របស់​ព្រះអង្គ​មួយចំនួន​។

បុរស​ជា​សាច់ញាតិ​រូបនេះ​បាន​រំឭក​ប្រាប់ថា នៅ​ព្រឹក​ថ្ងៃទី​ ២០ ខែធ្នូ មាន​ដូនជី​ម្នាក់​ឆ្ងល់​មិនឃើញ​ព្រះគ្រូ​ចៅអធិការ​វត្ត​និមន្ត​មក​ឆាន់​អាហារ​ពេលព្រឹក​ដូច​សព្វមួយដង​។ ​ពេលនោះ​​គាត់​ក៏​ដើរទៅ​មើល​នៅក្នុង​កុដិ​ឃើញ​ទ្វារ​កុដិ​ចំហ​បន្ដិច ប៉ុន្ដែ​បើកទ្វារ​មិន​រួច​ក៏​បាន​ទៅ​ហៅ​ដូនជី​ម្នាក់ទៀត​មកជួយ​មើល ស្រាប់តែ​ប្រទះ​ឃើញ​ព្រះអង្គ​សុគត​បាត់​ទៅ​ហើយ​។ សាកសព​ព្រះអង្គ​ឃើញ​មាន​ស្នាម​ប៉ោង​មុខ ប៉ោង​មាត់ និង​ឃើញ​មាន​ខ្សែពួរ​ចងរឹត​ក​ព្រះអង្គ​ទៀតផង​។

លោក​បញ្ជាក់ថា​៖ «​នៅពេល​ដូនជី​គាត់​ឃើញ​ហេតុការណ៍​បែបនេះ ពួកគាត់​ក៏បាន​ស្រែក​ឆោឡោ​ឱ្យ​គេ​ជួយ ហើយ​ក៏​មាន​​ការភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ និង​សាច់ញាតិ​ដទៃ​ទៀត ហើយ​លោកតា​អាចារ្យ​បាន​ប្ដឹងទៅ​សមត្ថកិច្ច​ចុះ​ធ្វើ​កោសល្យវិច័យ​សាកសព​ព្រះអង្គ​តែម្ដង​»​។

បើតាម​លោក ហួត កក្កដា កន្លងមក​ព្រះអង្គ​បាន​រាប់អាន​បុរស​ម្នាក់​រស់នៅ​ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ ជា​បង​ប្អូនធម៌ ហើយ​ប្អូនធម៌​ព្រះអង្គ​ធ្លាប់​ចេញចូល​កុដិ​ក្នុង​វត្ត​នោះ​ជា​ញឹកញាប់ ប៉ុន្ដែ​គេ​មិនទាន់​អាច​សន្និដ្ឋានថា​ជា​អ្នកពាក់ព័ន្ធ​ករណី​ឃាតកម្ម​នេះឡើយ ដោយ​រង់ចាំ​សមត្ថកិច្ច​ស្រាវជ្រាវ​ឱ្យបាន​ច្បាស់លាស់​សិន​។ យ៉ាងណា​ក្ដី​លោក​បាន​អំពាវនាវ​ដល់​សមត្ថកិច្ច​ជួយ​ស្វែងរក​ឃាតករ​ឱ្យ​ឃើញ​ដើម្បី​យកមក​ផ្ដន្ទាទោស​តាមច្បាប់​៕