The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ ករណី​មនុស្ស​ស្លាប់​ ៨ ​នាក់ សង្ស័យ​ពុល​ស្រា នៅ​ស្រុក​ល្វាឯម

សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ ករណី​មនុស្ស​ស្លាប់​ ៨ ​នាក់ សង្ស័យ​ពុល​ស្រា នៅ​ស្រុក​ល្វាឯម

Content image - Phnom Penh Post
មន្ត្រី​ចុះ​ពិនិត្យ​ករណី​ស្លាប់​សង្ស័យ​ពុល​ស្រា​នៅ​ស្រុក​ល្វាឯម​នា​ថ្ងៃទី​ ១៧ ​ឧសភា​។ ​រូប FB

សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ ករណី​មនុស្ស​ស្លាប់​ ៨ ​នាក់ សង្ស័យ​ពុល​ស្រា នៅ​ស្រុក​ល្វាឯម

កណ្តាលៈ សមត្ថកិច្ច​ខេត្ត​កណ្តាល បាននិង​កំពុង​ស្រាវជ្រាវ​ករណី​ពលរដ្ឋ​ស្លាប់​ ៨ ​នាក់ និង​កំពុង​សម្រាក​ព្យាបាល​ម្នាក់​នៅ​មន្ទីរពេទ្យ​ព្រែកព្នៅ ដែល​សង្ស័យ​បណ្តាលមកពី​ពុល​ស្រា ស្ថិត​ក្នុង​ភូមិ​ស្គរ ឃុំ​សារិកា ស្រុក​ល្វាឯម ខេត្តកណ្តាល​។

លោក​ ហេង សុផល អធិការ​នគរបាល​ស្រុក​ល្វាឯម បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៧ ឧសភា ថា សមត្ថកិច្ច​បានដាក់​ការសង្ស័យ​បឋម​ថា ការស្លាប់​ពលរដ្ឋ ទាំង​ ៨ ​នាក់ និង​ម្នាក់​កំពុង​ត្រូវបាន​ជួយសង្គ្រោះ​អាច​បណ្តាល​មកពី​ការពុល​ស្រា ព្រោះ​ជន​ទាំងនេះ​គឺជា​អ្នកញៀន​ស្រា​។

ទោះជា​យ៉ាងណា លោក ហេង សុផល មិនទាន់​ហ៊ាន​អះអាង​ទាំងស្រុង​ថា ករណី​ពលរដ្ឋ​ស្លាប់​នេះ មកពី​ការពុល​ស្រា ឬ​យ៉ាងណា​នោះទេ ព្រោះ​លោក​មិនទាន់​ទទួល​បាន​លទ្ធផល​នៃ​ការពិនិត្យ​ពី​មន្ទីរពិសោធន៍​នៅឡើយ​ទេ​។ រីឯ លោក​ ឈឿន សុចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល​បាន​ចុះ​ទៅពិនិត្យ និង​ប្រមូល​វត្ថុតាង​ផ្សេងៗ​យក​ទៅ​កាន់​មន្ទីរ​ពិសោធន៍​អស់ហើយ​។

លោក​ ហេង សុផល ថ្លែង​​ថា​៖ «​ឥឡូវនេះ យើង​កំណត់ថា អ្នក​ដែល​ស្លាប់​ទាំងអស់​ហ្នឹង​សុទ្ធតែ អ្នកញៀន​ស្រា​។ ប៉ុន្តែ​មិនទាន់​កំណត់ថា គាត់​បាន​ពុល​ស្រា​នៅឡើយ​ទេ​។ រង់ចាំ​មើល​លទ្ធផល​សិន​»​។

មន្ត្រី​នគរបាល​រូបនេះ​បន្តថា បើសិនជា​មន្ទីរពិសោធន៍​ពិនិត្យឃើញថា ពលរដ្ឋ​ដែល​ស្លាប់​នេះ បណ្តាល​មកពី​ការផឹកស្រា​ទាំង​អ្នកលក់ និង​អ្នក​ផលិត​ស្រា នឹងត្រូវ​អនុវត្ត​ទៅតាម​ច្បាប់​ជា​ធរមាន​។ ប៉ុន្តែ​សម្រាប់​កន្លែង​ដែល​មិន​ជាប់​ពាក់ព័ន្ធ​ក៏​នឹងត្រូវ​ទទួល​ការណែនាំ និង​ឱ្យមាន​អនាម័យ​។

បើតាម​លោក​ ហេង សុផល ទាំង​អ្នកស្លាប់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​ម្នាក់ បាន​ទៅ​ចូលរួម​បុណ្យសព​គេ​នៅក្នុង​ភូមិ ក៏បាន​ពិសា​ស្រា​ជុំគ្នា​ហើយក៏​មាន​ករណី​ស្លាប់​ជា​បន្តបន្ទាប់​។ បន្ទាប់ពី​ដឹង​រឿងនេះ អាជ្ញាធរ​ក៏​បាន​ចុះទៅ​គ្រប់គ្រង បិទ​កន្លែង​លក់ និង​កន្លែង​ផលិត​ស្រា​ជា​បណ្តោះអាសន្ន​។

លោក​បញ្ជាក់ថា អាជ្ញាធរ​នឹង​ប្រកាស​បិទ​កន្លែង​ផលិត​ស្រា​ទាំងអស់​នៅ​ទូទាំង​ស្រុក បើ​ពិនិត្យឃើញ​ថា មិនមាន​ច្បាប់​អាជីវកម្ម​។ លុះត្រាតែ​មានច្បាប់​អាជីវកម្ម ទើប​អនុញ្ញាត​ឱ្យធ្វើ​អាជីវកម្ម ប៉ុន្តែ​បច្ចុប្បន្ន​សមត្ថកិច្ច​បាន​បិទ​កន្លែង​លក់ និង​ផលិត​ស្រា​បណ្តោះអាសន្ន​សិន​។

ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​ទាក់ទង លោក​ ឈឿន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល​សុំ​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​បានទេ ជុំវិញ​ករណី​នេះ​ដោយ​ហៅ​ទូរស័ព្ទ​ចូល​ហើយ លោក​បាន​ចុច​ផ្តាច់​វិញ​។ ប៉ុន្តែ​នៅ​ថ្ងៃទី​ ១៧ ឧសភា លោក​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​ទីតាំង​កន្លែង​កើតហេតុ​ដោយផ្ទាល់ ដើម្បី​សួរនាំ និង​ស្រាវជ្រាវ រក​មូលហេតុ​ឱ្យ​បាន​ពិតប្រាកដ​។

បើតាម​របាយការណ៍​របស់​លោក​ ឈឿន សុចិត្ត ករណី​សង្ស័យ​ពុលស្រា បណ្តាល​ឱ្យ​ពលរដ្ឋ​ស្លាប់​ ៨ ​នាក់ និង​សង្គ្រោះបន្ទាន់ ១ ​នាក់​នេះ ​បាន​កើតឡើង​ជា​បន្តបន្ទាប់​ចាប់តាំងពី​ថ្ងៃទី​ ១០ ខែ ឧសភា ឆ្នាំ​ ២០២១ ស្ថិតក្នុង​ភូមិ​ស្គរ ឃុំ​សារិកា ស្រុក​ល្វាឯម ខេត្ត​កណ្តាល ដោយ​ពួកគាត់​បាន​ទៅ​ចូលរួម​កំដរ បុណ្យសព​ឈ្មោះ​ ម៉ន ងន អាយុ​ ៥១ ​ឆ្នាំ​។

ក្រោយពី​ការចុះ​ត្រួតពិនិត្យ​លោក​ ឈឿន សុចិត្រ បាន​ប្រាប់​ឱ្យកម្លាំង​សមត្ថកិច្ច​ស្រុក​ចុះទៅ​កាន់​ទីតាំង​លក់​ស្រា និង​យក​ស្រា​ទៅពិនិត្យ​នៅ​មន្ទីរពិសោធន៍ ដើម្បី​ឱ្យដឹងពី​មូលហេតុ​ឱ្យបាន​ច្បាស់លាស់ ដើម្បី​មាន​វិធានការ និង​ទប់ស្កាត់​ឱ្យ​បាន​ទាន់ពេលវេលា​។

បើតាម​របាយការណ៍​ដដែល អ្នក​ដែល​ស្លាប់​មានឈ្មោះ​ ម៉េន ម៉ន ភេទ​ប្រុស អាយុ ៥១ ​ឆ្នាំ,​ ឈ្មោះ ម៉ាង បឹង ភេទ​ប្រុស​អាយុ ៥៦ ​ឆ្នាំ​, ឈ្មោះ ម៉ន វាសនា ភេទ​ប្រុស អាយុ​ ៥៣ ​ឆ្នាំ, ឈ្មោះ​ ហេង គ័ង ភេទ​ប្រុស អាយុ​ ២៩ ​ឆ្នាំ, ឈ្មោះ​ សុខ ស៊ូ ភេទ​ប្រុស អាយុ ៥៣ ​ឆ្នាំ, ឈ្មោះ សុខ ស៊ឹម ភេទ​ប្រុស​អាយុ​ ៥៧ ​ឆ្នាំ, ឈ្មោះ​ សុខ ចំរើន ភេទ​ប្រុស​អាយុ​ ៤៧ ​ឆ្នាំ, ឈ្មោះ​ ហុង ផាន់ណា ភេទ​ប្រុស អាយុ ៣៥ ​ឆ្នាំ​។ ឈ្មោះ​ មាំង សារុន ភេទ​ប្រុស អាយុ​ ៤២ ​ឆ្នាំ​ កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រែកព្នៅ​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍