តាកែវ៖ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកទ្រាំងខេត្តតាកែវបាននិងកំពុងស្វែងរកចាប់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីកាប់បងថ្លៃខ្លួនឯងស្លាប់កាលពីយប់ថ្ងៃទី២៣មេសា ដោយសារទំនាស់ពាក្យសម្តីក្នុងវង់ផឹកស៊ី នៅភូមិតាស្រែន ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។
លោក ប៉ិច វណ្ណ អធិការរងនគរបាលស្រុកទ្រាំងប្រាប់ភ្នំពេញេប៉ុស្តិ៍នៅថ្ងៃ២៦មេសាថា ជនសង្ស័យនោះ ឈ្មោះ យន់ រង្សី ភេទប្រុស អាយុ ២០ឆ្នាំ(ត្រូវជាប្អូនថ្លៃ)។ រីឯជនរងគ្រោះ ឈ្មោះ សោ វុទ្ធី ភេទប្រុស អាយុ៥៣ឆ្នាំ ពួកគេជាកសិករនិងរស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។
លោកថា៖«យើងចាប់គេមិនទាន់បានទេប៉ុន្តែយើងបានស្គាល់អត្តសញ្ញាណរបស់ជនសង្ស័យហើយហើយកម្លាំងសមត្ថកិច្ចរបស់យើងកំពុងស្វែងរកចាប់ជនរូបនោះហើយ»។
លោករំឭក ប្រាប់តាមសម្តីសាច់ញាតិរបស់ជនរងគ្រោះថាកាលពីថ្ងៃកើតហេតុក្រុមគ្រួសារជនសង្ស័យនិងជនរងគ្រោះបានជួបជុំគ្នាផឹកស្រាតាំងពីម៉ោង៤រសៀលរហូតយប់ដោយមានវត្តមានប្រពន្ធជនសង្ស័យនិងប្រពន្ធជនរងគ្រោះចូលរួមផង។លុះផឹកស្រវឹងរៀងៗខ្លួនជនរងគ្រោះបាននិយាយទៅជនសង្ស័យថា៖«មួយថ្ងៃៗគិតតែផឹកមិនចេះរកស៊ីចិញ្ចឹមប្រពន្ធកូនទេ»។ ក្រោយមកក៏មានជម្លោះដោយជនសង្ស័យថា៖«និយាយមើលងាយខ្ញុំហើយ»។
លោក សុវណ្ណបន្តថា រីឯជនរងគ្រោះក៏ស្រែកខ្លាំងៗទៅជនសង្ស័យវិញថា៖«គ្រាន់តែអញថាប៉ុណ្ណឹងអ្ហែងខឹងអញឥឡូវចង់ធ្វើម៉េចអញ»។
ភ្លាមៗនោះភាគីទាំង២បានស្ទុះទៅយកកាំបិតប៉័ងតោរៀងៗខ្លួនប្រុងកាប់គ្នា។បន្ទាប់មកស្រាប់តែជនសង្ស័យកាប់មុនមួយទំហឹងលើជនរងគ្រោះចំនួន៣កាំបិតគឺត្រូវត្រង់ក្បាល១កន្លែងគល់ថ្គាមត្រង់រង្វះមាត់ ក្រោមត្រចៀកខាងស្តាំ១កន្លែង និងត្រង់ឆ្អឹងជំនីរផុតខាងឆ្វេង១កន្លែងដួលស្លាប់ភ្លាមៗតែម្ដង។
លោកប្រាប់តាមសម្តីសាក្សីថាហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃកើតហេតុហើយ១៥នាទីក្រោយមកទើបសមត្ថកិច្ចលោកទទួលបានសេចក្តីរាយការណ៍ពីក្រុមគ្រួសារជនរងគ្រោះ។ប៉ុន្តែដោយសារពីស្នាក់ការនគរបាលប៉ុស្តិ៍ទៅកន្លែងកើតហេតុឆ្ងាយ ដូច្នេះទម្រាំសមត្ថកិច្ចទៅដល់គឺជនសង្ស័យរត់គេចខ្លួនបាត់។
លោកថ្លែងថា៖«យើងឃើញថាការផ្តល់ព័ត៌មានឲ្យសមត្ថកិច្ចយើងវាយឺតពេលប៉ុន្តែការអង្កេតរបស់យើងមិនឃើញមានតម្រុយណាលាក់កំបាំងបទល្មើសទេគ្រាន់តែរាយការណ៍យឺត»។
លោកបន្តថាបច្ចុប្បន្នសមត្ថកិច្ចរបស់អធិការដ្ឋាននគរបាលស្រុកទ្រាំងរួមទាំងស្នងការដ្ឋាននគរបាលខេត្តតាកែវកំពុងបន្តស្រាវជ្រាវដើម្បីកំណត់គោលដៅដែលជនសង្ស័យទៅសម្ងំលាក់ខ្លួន។ បើទោះជាចាប់ជនបង្កបទល្មើសមិនបានក្តីក៏សមត្ថកិច្ចបានធ្វើកំណត់ហេតុបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តតាកែវដើម្បីទុកជូនតុលាការបន្តនីតិវិធី។ ករណីនេះក្រោយតុលាការទទួលបានកំណត់ហេតុអស់ហើយគឺមានតែតុលាការចេញដីកាស្វែងរកចាប់ខ្លួនជនសង្ស័យ៕