ភ្នំពេញៈ នគរបាល​ខណ្ឌ​មានជ័យ​កំពុង​ស្វែងរក​ចាប់ខ្លួន​ស្ត្រី​ជា​ម្តាយបង្កើត ពាក់ព័ន្ធ​នឹង​ការកាប់​កូនប្រុស​របស់​ខ្លួន​ស្លាប់​ ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​ភូមិ​ទ្រា៤ សង្កាត់​ស្ទឹងមានជ័យ​ ៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ២៣ កុម្ភៈ​។

លោក​ ម៉េង វិមានតារា អធិការនគរបាល ខណ្ឌ​មានជ័យ​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា​ស្ដ្រី​ជា​ម្ដាយ​ឈ្មោះ​ ហាស់ សុភាព រីឯ​កូនប្រុស​ជា​ជនរងគ្រោះ​ឈ្មោះ​ កង ច័ន្ទសុខុម អាយុ​ ៣២ ​ឆ្នាំ​។ ពួកគេ​រស់នៅ​ជាមួយ​គ្នា​នៅផ្ទះ​លេខ​ ១៤៣២ ផ្លូវ​បេតុង ភូមិ​ទ្រា៤ សង្កាត់​ស្ទឹងមានជ័យ​ ៣ ខណ្ឌមានជ័យ​។ ឃាតកម្ម​នេះ សមត្ថកិច្ច​កំពុង​ស្វែងរក​គ្រប់​មធ្យោបាយ​ដើម្បី​ចាប់ខ្លួន​ជនសង្ស័យ​។ ការសង្ស័យ​ជា​ជំហាន​ដំបូង និង​ផ្អែក​តាម​ការប្រមូល​ព័ត៌មាន​បាន​ពី​សាក្សី​នៅ​ជុំវិញ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​គឺជា​ម្តាយបង្កើត​របស់​បុរស​រងគ្រោះ​។

លោក​ប្រាប់ថា​៖ «​ជនល្មើស​មិន​អាច​គេចផុត​ពី​ដៃ​សមត្ថកិច្ច​យើង​បានទេ ហើយ​ពេល​នេះ​សមត្ថកិច្ច​ខ្ញុំ​កំពុង​ដុតដៃ​ដុតជើង​រក​ចាប់ខ្លួន​ជន​នោះ​ហើយ​»​។

លោក​ ឯម ភារី នាយ​នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្ទឹងមានជ័យ​ ៣ ប្រាប់​ពី​ម្សិលមិញ​ថា ជនរងគ្រោះ​មាន​ប្រពន្ធ​ឈ្មោះ​ កែវ ស្រីភឿក និង​មាន​កូនស្រី​ម្នាក់​ឈ្មោះ​ រ៉ា ដានី អាយុ​ ៧ ​ឆ្នាំ​។ គ្រួសារ​នេះ​មាន​មុខរបរ​លក់​ចាប់ហួយ​នៅផ្ទះ​។ ​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​ ២ ​រសៀល​ថ្ងៃទី​ ២៣ កុម្ភៈ​។ អ្នក​នៅក្បែរ​ខាង​ផ្ទះ​របស់​ជនរងគ្រោះ​បានឮ​ជនរងគ្រោះ​ឈ្មោះ​ កង ច័ន្ទសុខុម ដែល​មាន​ជំងឺ​សរសៃប្រសាទ​ឈ្លោះ​ប្រកែក​ពាក្យសម្ដី​ជេរ​បញ្ចោរ​គ្នា​ជាមួយ​ម្ដាយបង្កើត​របស់​ខ្លួន​ឈ្មោះ​ ហាស់ សុភាព នៅក្នុង​ផ្ទះ​។

លោក​បន្តថា ស្ត្រី​ជា​ម្តាយ​ក៏​ជា​មនុស្ស​មាន​ជំងឺ​សរសៃប្រសាទ​ដូចគ្នា​ដែរ​។ ពួកគេ​រស់នៅ​ក្នុង​គ្រួសារ​តែមួយ​ដែល​មាន​ទីតាំង​ដូចខាងលើ​។ មុនពេល​កើតហេតុ​គេ​បាន​ឃើញ​ស្ត្រី​ជា​ប្រពន្ធ​របស់​ជនរងគ្រោះ​ដេកលក់​នៅ​ខាង​ក្រៅ​ផ្ទះ​។ ឯ​កូនស្រី​នៅ​លេង​ក្នុង​ផ្ទះ​ហើយ​បានឃើញ​ស្ត្រី​សង្ស័យ​កាប់​សម្លាប់​ជនរងគ្រោះ​។ ប៉ុន្តែ​ពេល​ស្ត្រី​សង្ស័យ​កាប់​ជនរងគ្រោះ​នោះ​កូនស្រី​របស់​ជនរងគ្រោះ​មិន​បាន​ប្រាប់​ម្តាយ​របស់​ខ្លួន​ទេ​។ លុះ​ពេល​ស្ត្រី​សង្ស័យ​ចេញ​ពី​ផ្ទះ​បាត់ ទើប​ក្មេងស្រី​ទៅ​ដាស់​ម្តាយ​ប្រាប់​ពី​ហេតុការណ៍​នោះ​។

លោក​បញ្ជាក់ថា​៖ «​សមត្ថកិច្ច​សង្ស័យថា ម្តាយបង្កើត​របស់​ជន​រងគ្រោះ ព្រោះ​សំអាង​លើ​សម្តី​ក្មេងស្រី​ជា​កូន​របស់​ជនរងគ្រោះ​ដែល​បានឃើញ​ហេតុការណ៍​នោះ​ផ្ទាល់​ភ្នែក​»​។

លោក​វេជ្ជបណ្ឌិត​ នង សុវណ្ណរ័ត្ន គ្រូពេទ្យ​ផ្នែក​ជំនាញ​កោសល្យវិច័យ​លើ​សាកសព​ប្រាប់​ពី​ម្សិលមិញ​ថា លើ​ក្បាល​សាកសព​មាន​ស្នាម​កាប់​ចំហៀង​ក្បាល​ផ្នែក​ខាង ស្តាំ​ផុង​លលាដ៍​ចេញ​ខួរ​ ៤ ​កន្លែង​។ ចំណែក​នៅលើ​ផ្ទៃមុខ​មាន​ស្នាម​កាប់​ផុង​ដល់​ឆ្អឹង​ចំនួន​ ៣ ​កន្លែង​។

លោក​ប្រាប់ថា​ ​នៅក្នុង​ផ្ទះ​ផ្នែក​ខាងក្រោយ​សមត្ថកិច្ច​រក​ឃើញ​ពូថៅ​ ១ ​ប្រឡាក់​ឈាម​ដែល​ជនសង្ស័យ​លាក់ទុក​។ ​ដោយ​ផ្អែកលើ​ពូថៅ​ប្រឡាក់​ឈាម​នេះហើយ​បាន​ជា​សមត្ថកិច្ច​សន្និដ្ឋាន​ថា ​ពូថៅ​នោះ​ជា​មធ្យោបាយ​ដែល​ជនសង្ស័យ​យក​ទៅ​សម្លាប់​ជនរងគ្រោះ​។ ពេល​លោក​កំពុង​ពិនិត្យ​សាកសព​នោះ គឺ​លោក​ឃើញ​សមត្ថកិច្ច​សាកសួរ​ឪពុក​បង្កើត និង​ប្រពន្ធ​របស់​ជនរងគ្រោះ​តែ​បាត់​ម្តាយ​ជនរងគ្រោះ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​មាន​នាទី​តែ​កោសល្យវិច័យ​លើ​សាកសព​ទេ គឺ​បង្ហាញថា​ជនរងគ្រោះ​ស្លាប់​ដោយ​កាប់​ផុង​លលាដ៍ក្បាល​ហើយ​ពូថៅ​វា​ស័ក្តិសម​នឹង​ស្នាម​កាប់​។ ដូច្នេះ​សមត្ថកិច្ច​សន្និដ្ឋាន​ថា​ ជា​វត្តុតាង​»៕