កំពង់ស្ពឺៈ សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​កំពុង​ស្វែង​ចាប់ខ្លួន​ជនដៃដល់​ករណី​ប្លន់​ចាក់​សម្លាប់​អ្នក​បើករថយន្ត​តាក់ស៊ី​ម្នាក់​ទម្លាក់​ពីលើ​រថយន្ត​កាលពី​ប្រមាណ​ម៉ោង​ជាង​ ៨ ​យប់​ថ្ងៃទី​ ៣ មេសា ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ៤ ​ត្រង់​ចំណុច​ផ្សារ​កំពង់ស្ពឺ​។

លោក​ សម សាក់ ស្នងការរង​នគរបាល​ខេត្តកំពង់ស្ពឺ​ប្រាប់​ពី​ម្សិលមិញ​ថា ជនរងគ្រោះ​ឈ្មោះ​ មឿន ចេក ហៅ​ ណាល់ ​អាយុ​ ៥០ ​ឆ្នាំ​ ជា​អ្នកបើករថយន្ត​តាក់ស៊ី​រត់​ពី​ខេត្ត​ព្រះសីហនុ​ទៅ​រាជធានី​ភ្នំពេញ​។ ករណីនេះ​សមត្ថកិច្ច​របស់លោក​កំពុង​ស៊ើបអង្កេត​ដើម្បី​ស្វែង​ចាប់ខ្លួន​ជនសង្ស័យ​។ ព្រោះ​អំពើ​ឃាតកម្ម​នេះ​ជា​ករណី​ប្លន់​សម្លាប់​យក​ទ្រព្យសម្បត្តិ​ពី​ជនរងគ្រោះ​។

លោក​ថ្លែងថា​៖ «​អំពើ​ឃាតកម្ម​នេះ​សមត្ថកិច្ច​មិនទាន់​ដឹង​ច្បាស់​ថា ជនល្មើស​មាន​គ្នា​ប៉ុន្មាន​នាក់​ពិតប្រាកដ និង​ជា​ជនជាតិ​អ្វី​នោះទេ ប៉ុន្តែ​សមត្ថកិច្ច​របស់ខ្ញុំ​កំពុង​ស្វែងរក​អ្នកពាក់ព័ន្ធ​ហើយ​»​។

លោក​រៀបរាប់​ថា​កាលពី​វេលា​ម៉ោង​ជាង​ ៨ ​យប់​ថ្ងៃទី​ ៣ ​មេសា​ ​អ្នកដំណើរ​បាន​ប្រទះឃើញ​ជនរងគ្រោះ​ខាងលើ​ដេកស្លាប់​ដែល​ខ្លួន​របស់គាត់​មាន​ប្រឡាក់​ឈាម​ជោក​អាវ និង​ខោ​។ ពេលនោះ​ប្រជាពលរដ្ឋ​បាន​ចោមរោម​មើល ប៉ុន្តែ​គ្មាន​នរណាម្នាក់​ស្គាល់​ពី​អត្តសញ្ញាណ​របស់​ជនរងគ្រោះ​ឡើយ ហើយ​ក៏​បានរាយការណ៍​ប្រាប់​សមត្ថកិច្ច​របស់លោក​ដើម្បី​ចុះ​ត្រួតពិនិត្យ​សាកសព​។

សមត្ថកិច្ច​បាន​ពិនិត្យមើល​លើ​ខ្លួន​របស់​សាកសព​ឃើញ​មាន​ស្នាម​ចាក់​នឹង​កាំបិត​ចំនួន​ ៦ ​កន្លែង​ គឺ​នៅត្រង់​ក​ខាងឆ្វេង ត្រង់​ក​ខាងស្តាំ​ចំនួន​ ២ ​កន្លែង ទងត្រចៀក​ខាងស្តាំ​ ១ ​កន្លែង ពោះ​ ១ ​កន្លែង នាងដៃ​ឆ្វេង និង​នាងដៃ​ស្តាំ​ចំនួន​ ២ ​កន្លែង​ទៀត​។ ករណីនេះ​សមត្ថកិច្ច​នៅ​មិនទាន់​ដឹង​ច្បាស់​ថា អាច​បណ្តាល​មកពី​រឿង​គំនុំ​ឬ​យ៉ាងណា​នៅឡើយ​ទេ ព្រោះ​សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង​​ក្នុង​ការស្រាវជ្រាវ​រឿងនេះ​យ៉ាង​យកចិត្ត​ទុកដាក់​។

លោក​បញ្ជាក់ថា ក្រោយពី​សម្លាប់​ជនរងគ្រោះ​ហើយ​ជនសង្ស័យ​បាន​យក​រថយន្ត​របស់​ជនរងគ្រោះ​ជិះ​ទៅ​ផ្លូវ​លេខ​ ៥១ (​ផ្លូវ​ចេញពី​ថ្នល់ទទឹង​ទៅ​ស្រុក​ឧដុង្គ​) ​ហើយ​បាន​បើក​បុក​ខឿន​ថ្ម​មួយ​កន្លែង​ដែលជា​កន្លែង​បំពាក់​ទូ ATM​។ ពេលនោះ​ធ្វើឲ្យ​រថយន្ត​បែក​កាង​មុខ​ និង​បែក​កង់​មុខ​មួយ​ចំហៀង​ទៅ​មុខ​លែងរួច ហើយ​ប្រហែល​ជា​ជនសង្ស័យ​អាច​ចុះ​រត់គេចខ្លួន​នៅ​ត្រង់​ចំណុច​បែក​កង់​នោះ​។ ទីតាំង​ដែល​ជនសង្ស័យ​ចត​រថយន្ត​ចោល​នោះ​ស្ថិត​នៅ​ឃុំ​សេដ្ឋី ស្រុក សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង​។

លោក​ សម សាក់ ប្រាប់ថា​៖ «​បើ​តាម​ប្រពន្ធ​របស់គាត់​ប្រាប់​ខ្ញុំ​ថា ប្តី​គាត់​ជា​អតីត​យោធា ប៉ុន្តែ​ឈប់​ធ្វើជា​យោធា​ ៣ ​ឆ្នាំ​ហើយ ហើយ​មក​រត់​តាក់ស៊ី​»​។

លោក​បន្តថា ដើម្បី​ស្វែងរក​មូលហេតុ​នៃ​ឃាតកម្ម​នេះ​សមត្ថកិច្ច​របស់លោក​បាន​សុំ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ ដើម្បី​ឆែកមើល​កាមេរ៉ា​សុវត្ថិភាព​រកមុខ​សញ្ញា​ដែល​ជួល​រថយន្ត​ជិះ​ដំបូង​។ បន្ត​មក​ទៀត សមត្ថកិច្ច​ទៅសុំ​សហការ​ជាមួយ​នគរបាល​ខេត្តកំពង់ឆ្នាំង​ កន្លែង​ដែល​ជនសង្ស័យ​យក​រថយន្ត​របស់​ជនរងគ្រោះ​ទៅ​ចត​ចោល​។

ដោយឡែក​លោក​ អ៊ឹង សុភាព អធិការ​ស្តីទី​ក្រុង​ច្បារមន​ប្រាប់​ពី​ម្សិលមិញ​ដែរ​ថា ជនរងគ្រោះ​មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពង់ធំ តែ​បើ​តាម​អត្តសញ្ញាណ​ប័ណ្ណសម្គាល់​ខ្លួន​បច្ចុប្បន្ន​រស់នៅ​ភូមិ​ដើមចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​៕