ភ្នំពេញៈ សមត្ថកិច្ច​ខណ្ឌ​បឹងកេងកង​បាន​កំពុង​ស្វះស្វែង​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ករណី​ជិះ​ម៉ូតូ​ឆក់​កាបូប​របស់​ស្ត្រី​ម្នាក់​រងគ្រោះ​ត្រូវ​ដួល​ម៉ូតូ​ស្លាប់​កាលពី​ថ្ងៃទី​ ៧ ខែ​មេសា ឆ្នាំ​ ២០២០ ​នៅ​សង្កាត់​បឹងកេងកង​ ៣ ខណ្ឌ​បឹងកេងកង​។

លោក​ ធឹម សំអាន អភិបាលខណ្ឌ​បឹងកេងកង​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ករណី​នេះ​សមត្ថកិច្ច​ត្រូវ​ប្រមូល​ព័ត៌មាន​ដើម្បី​ធ្វើយ៉ាងណា​កំណត់​អត្តសញ្ញាណ​របស់​ជនសង្ស័យ​ដើម្បី​ចាប់ខ្លួន​។

លោក​ថ្លែងថា​៖ «​គេ​កំពុងតែ​ធ្វើ​កិច្ចការងារ​នេះហើយ ហើយ​នៅ​ថ្ងៃទី​ ៨ មេសា​នេះ ខ្ញុំ​បាន​ប្រាប់​ទៅ​លោក​អធិការ​ដែរ​ហើយ​ប៉ូលិស​មិនទាន់​ធ្វើការងារ​នេះ​ចប់​»​។

លោក សូយ សាមិត្ត នាយ​នគរបាល​ប៉ុស្តិ៍​សង្កាត់​បឹងកេងកង​៣​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ដែរ​ថា ទាក់ទង​បញ្ហា​នេះ​សមត្ថកិច្ច​ខណ្ឌ​បឹងកេងកង​កំពុង​ស្រាវជ្រាវ​ស៊ើបអង្កេត​ព័ត៌មាន​ជុំវិញ​ការបង្ក​បទល្មើស​នេះហើយ​រួមទាំង​ឆែក​មើល​តាម​កាមេរ៉ា​សុវត្ថិភាព​ផងដែរ​។ ​ប៉ុន្តែ​ទុក​រឿងនេះ​ឲ្យ​សមត្ថកិច្ច​ធ្វើការងារ​សិន​។

ទោះយ៉ាងណា​បើ​តាម​មន្ត្រីនគរបាល​ប៉ុស្តិ៍​បឹង​កេងកង​ ៣ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​ថា​ហេតុការណ៍​បានកើត​ឡើង​នៅ​ប្រហែល​ជា​ម៉ោង​ជាង​ ៨ ​យប់​ថ្ងៃទី​ ៧ ខែ​មេសា នៅ​ចំណុច​មុខផ្ទះ​លេខ​ ៩៦ ផ្លូវ​លេខ​ ៣១០ ក្រុមទី​ ៣៧ ភូមិ​ ១៣ សង្កាត់​បឹងកេងកង​៣​។

មុនពេល​កើតហេតុ​គេ​ឃើញ​នារី​រងគ្រោះ​ឈ្មោះ​ លីវ ឡៃហួយ អាយុ​ ២៣ ​ឆ្នាំ​ជា​បុគ្គលិក​ក្រុមហ៊ុន​លក់​គ្រឿង​អេឡិចត្រូនិក​យីហា​ K៤ បាន​ជិះ​ម៉ូតូ​ម្នាក់ឯង​ ១ ​គ្រឿង​ម៉ាក​ហុងដា​សេ ១២៥ ​តាម​បណ្តោយ​ផ្លូវ​ខាងលើ​។ ​ស្របពេល​នោះគេ​បានឃើញ​ម៉ូតូ​ ១ ​គ្រឿង​ជិះ​ទៅ​អែបជិត​ម៉ូតូ​របស់​ស្ត្រី​រងគ្រោះ​ហើយ​បានធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​របស់​នារីរងគ្រោះ​បណ្តាល​ឲ្យ​ដួល​ហើយ​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​៕