ពោធិ៍សាត់: សមត្ថកិច្ច និងមន្ត្រីជំនាញខេត្តពោធិ៍សាត់កំពុងស្វែងរកម្ចាស់ទីតាំងកែច្នៃឈើខុសច្បាប់ ១ កន្លែង នៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ បន្ទាប់ពីបង្ក្រាបពីថ្ងៃទី ២២ ខែមករា ដោយរឹបអូសឈើចម្រុះ ១៣ ដុំ និង ៩០ សន្លឹក និងសម្ភារបម្រើឱ្យអាជីវកម្មកែច្នៃឈើមួយចំនួនទៀត ប៉ុន្ដែម្ចាស់ទីតាំងបានរត់គេចខ្លួន។
លោក នៅ សុជាតិ មេបញ្ជាការកងរាជអាវុធហត្ថស្រុកក្រគរបានឱ្យដឹងពីម្សិលមិញថា មន្ត្រីជំនាញលោកបានចូលរួមសហការជាមួយមន្ត្រីជំនាញ ឧទ្យានុរក្សដែនជម្រកសត្វព្រៃឈើតុំចុះបង្ក្រាបទីតាំងកែច្នៃឈើខុសច្បាប់ ១ កន្លែងដោយបានរឹបអូសឈើចម្រុះ ១៣ ដុំ និង ៩០ សន្លឹក ផ្លែរណារយន្ត ៦ ខ្សែ ម៉ាស៊ីនអារឈើ ១ គ្រឿង ម៉ូទ័របូមទឹក ២ គ្រឿង កង់យោងម៉ាស៊ីន ២ គ្រឿង អាគុយ ២ ធុង កៅឡាក់ ១ គ្រឿង និងសម្ភារមួយចំនួនទៀត។
លោកថា៖ «យើងកំពុងស្រាវជ្រាវរកអត្តសញ្ញាណជនសង្ស័យដែលលួចលាក់កែច្នៃឈើក្នុងតំបន់ហ្នឹង ដោយសារនៅពេលសមត្ថកិច្ចយើងចុះទៅដល់ទីតាំងហ្នឹង គឺអត់ឃើញជនល្មើសទេ គាត់រត់គេចខ្លួនបាត់អស់ហើយ។ ខ្ញុំអត់ដឹងថាជនល្មើសមានគ្នាប៉ុន្មាននាក់ទេ យើងស្រាវជ្រាវសិន»។
បើតាមលោក សុជាតិ វត្ថុតាងដែលរឹបអូសនេះត្រូវបានមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃឈើតុំវាស់វែង និងធ្វើកំណត់ហេតុរួចរាល់ហើយ ដោយបានប្រគល់ជូនមន្ត្រីជំនាញយកទៅរក្សាទុក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់។ បន្ទាប់ពីបង្ក្រាបនៅទីតាំងនេះ សមត្ថកិច្ចបានស្វែងរកកន្លែងក្បែរៗនោះបន្ថែមទៀត ប៉ុន្ដែមិនមានឃើញបទល្មើសដូចករណីនេះទេ។
លោក ប៉ុល ចាន់ថា នាយផ្នែករដ្ឋបាលព្រៃឈើស្រុកក្រគរបានថ្លែងពីម្សិលមិញថា លោកបានចូលរួមក្នុងប្រតិបត្តិការនេះដែរ ប៉ុន្ដែសំណុំរឿងនេះបានប្រគល់ជូនមន្ត្រីឧទ្យានុរក្សឈើតុំនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ជាអ្នកចាត់ចែងតាមនីតិវិធីច្បាប់ និងរក្សាវត្ថុតាងនោះ។
លោកបន្តថា ការបង្ក្រាបបទល្មើសនេះដឹកនាំដោយលោក នៅ សុជាតិ មេបញ្ជាការកងរាជអាវុធហត្ថស្រុក សហការជាមួយកម្លាំងចម្រុះដោយបានដកហូតឈើចម្រុះ ១៣ ដុំ និង ៩០ សន្លឹកក៏ដូចជាសម្ភារមួយចំនួនទៀត ប៉ុន្ដែម្ចាស់ទីតាំងបានរត់គេចខ្លួន។
លោក ចាន់ថា បញ្ជាក់ថា៖ «ចំពោះវត្ថុតាងទាំងអស់ យើងបានប្រគល់ជូនទៅឧទ្យានុរក្សដែនជម្រកសត្វព្រៃឈើតុំរក្សាទុក ហើយប្រសិនបើគាត់ចង់កសាងសំណុំរឿងបញ្ជូនទៅតុលាការក៏ចាត់ចែងតាមហ្នឹងទៅព្រោះយើងបានប្រគល់ជូនគាត់ហើយ ...»។
មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃឈើតុំមិនទាន់អាចស្វែងរកប្រភពទាក់ទងសុំការបញ្ជាក់បន្ថែមជុំវិញករណីនេះបានទេកាលពីម្សិលមិញ។
ចំណែកលោក គង់ ពុទ្ធីរ៉ា ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់កាលពីម្សិលមិញក៏មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមជុំវិញករណីនេះបានដែរ ដោយសារទូរស័ព្ទរបស់លោកគ្មានអ្នកទទួល៕