ព្រះវិហារៈ មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះវិហារ និងមន្ត្រីជំនាញផ្នែករដ្ឋបាលព្រៃឈើ កំពុងស្រាវជ្រាវរកម្ចាស់ទីតាំងកែច្នៃឈើចំនួន ២ កន្លែងផ្សេងគ្នា បន្ទាប់ពីចុះបង្ក្រាបក្នុងថ្ងៃតែមួយនៅស្រុករវៀង និងស្រុកជាំក្សាន្តក្នុងខេត្តនេះ ដោយរឹបអូសបានឈើប្រភេទលេខ ១ និងលេខ ២ សរុប ២០៦ សន្លឹក និងដកហូតគោយន្តបាន ៣ គ្រឿង ប៉ុន្ដែម្ចាស់ទីតាំងបានគេចខ្លួនបាត់។
លោក កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារបានថ្លែងពីម្សិលមិញថា នៅថ្ងៃទី ៣ ខែមេសាថ្មីៗនេះ កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត និងកងរាជអាវុធហត្ថស្រុករវៀងសហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្រុក និងខេត្តព្រះវិហារបានចុះបង្ក្រាបករណីកែច្នៃឈើ ២ កន្លែងផ្សេងគ្នា និងបានបង្ក្រាបករណីដឹកជញ្ជូនឈើខុសច្បាប់ផងដែរ ប៉ុន្ដែជនល្មើសបានគេចខ្លួនបាត់។
លោកបន្តថា សិប្បកម្មកែច្នៃឈើខុសច្បាប់ ២ កន្លែងនោះត្រូវបានកងរាជអាវុធហត្ថស្រុកជាំក្សាន្តចុះបង្ក្រាបនៅឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ដោយបានដកហូតវត្ថុតាងឈើប្រភេទលេខ ១ (ផ្ចឹក) សរុប ៩៣ សន្លឹក ប៉ុន្ដែម្ចាស់បានគេចខ្លួន។ រីឯកងរាជអាវុធហត្ថស្រុករវៀងបានចុះបង្ក្រាបគោយន្តកន្រៃ្តចំនួន ៣ គ្រឿង ដែលដឹកផលអនុផលព្រៃឈើគ្មានច្បាប់នៅឃុំរមណីយ ស្រុករវៀងដោយដកហូតគោយន្តកន្រៃ្តបាន ៣ គ្រឿង ឈើអារប្រភេទលេខ ២ (ផ្តៀកឈើទាល) ចំនួន ១១៣ សន្លឹក ហើយម្ចាស់ក៏បានរត់គេចខ្លួនបាត់ផងដែរ។
លោកបញ្ជាក់ថា៖ «បច្ចុប្បន្នវត្ថុតាងដែលទាំងនោះយើងបានប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើរក្សាទុកដើម្បីចាត់ចែងតាមនីតិវិធី។ សមត្ថកិច្ចពួកខ្ញុំកំពុងស៊ើបរកម្ចាស់ និងបន្តចុះស្រាវជ្រាវនៅតាមដែនជម្រកសត្វព្រៃព្រះរកា ព្រោះមួយរយៈនេះតែងតែមានរបាយការណ៍ពីបទល្មើសព្រៃឈើ។ ដូច្នេះពួកខ្ញុំធ្វើការមិនបង្អង់ដៃទេ គឺចុះបង្ក្រាបជាបន្តបន្ទាប់ទៀតតាមការណែនាំពីថ្នាក់លើដើម្បីការពារព្រៃឈើរបស់យើង»។
តាមរបាយការណ៍របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឲ្យដឹងកាលពីថ្ងៃទី ៤ ខែមេសាថា វត្ថុតាងឈើប្រភេទលេខ ១ (ផ្ចឹក) ចំនួន ៩៣ សន្លឹកដែលមន្ត្រីកងរាជអាវុធហត្ថស្រុកជាំក្សាន្តបានសហការជាមួយរដ្ឋបាលព្រៃឈើជាំក្សាន្តចុះបង្ក្រាបសិប្បកម្មកែច្នៃឈើខុសច្បាប់កាលពីថ្ងៃទី ៣ មេសា គឺបានទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើរំដោះស្រែរួចហើយ។
របាយការណ៍បន្តថានៅថ្ងៃខែដដែលនោះកម្លាំងកងរាជអាវុធហត្ថស្រុករវៀង និងសង្កាត់រដ្ឋបាលព្រៃឈើរវៀងក៏បានចាប់គោយន្តកន្រៃ្តចំនួន ៣ គ្រឿងផងដែរទាក់ទងនឹងការដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានច្បាប់នៅភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។ រីឯវត្ថុតាងដែលដកហូតបានរួមមានគោយន្តកន្រៃ្ត ៣ គ្រឿង ឈើអារប្រភេទលេខ ២ (ផ្តៀកឈើទាល) ចំនួន ១១៣ សន្លឹកហើយបានប្រគល់ឲ្យផ្នែករដ្ឋបាលព្រៃឈើរវៀង។
លោក ពីង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារបានថ្លែងពីម្សិលមិញថា លោកបានទទួលព័ត៌មាននេះហើយ ប៉ុន្ដែលោកមិនទាន់បានឃើញរបាយការណ៍លម្អិតនៅឡើយទេ ដោយសារមន្ត្រីជំនាញកំពុងរៀបចំសំណុំរឿងដើម្បីឲ្យលោកពិនិត្យមុនបញ្ជូនទៅតុលាការ។
លោកបញ្ជាក់ថា៖ «ខ្ញុំអត់បានចាំពីចំនួនរោងកែច្នៃឈើដែលសមត្ថកិច្ចជំនាញយើងបានចុះទៅបិទ និងរឹបអូសសម្ភារទេ ព្រោះយើងបានធ្វើជាបន្តបន្ទាប់ ហើយមានរោងសិប្បកម្មតូចមានធំៗជាច្រើនករណី បើចង់បានរបាយការណ៍បូកសរុបគឺមានតែរង់ចាំនៅចុងខែ ឬចុងឆ្នាំ ទើបក្រុមការងារបូកសរុបតែម្ដង»។
លោកបន្ថែមថា នៅមុនពេលចុះបង្ក្រាបករណីនេះសមត្ថកិច្ចបានចុះទៅរោងកែច្នែឈើទាំងតូច និងធំ (មិនចាំចំនួន) ដែលបានបើកនៅក្បែរៗដែនជម្រកសត្វព្រៃព្រះរកា ព្រៃឡង់ និងដែនជម្រកសត្វព្រៃជាច្រើនកន្លែងទៀត។ ចំពោះទីតាំងដែលមានលក្ខណៈតូច ឬមួយជាលក្ខណៈគ្រួសារនោះត្រូវបានសមត្ថកិច្ចអប់រំផ្សព្វផ្សាយ។
រីឯទីតាំងដែលមានកម្មករ ឬលក្ខណៈធំត្រូវបានសមត្ថកិច្ចបង្ក្រាបដោយដកហូតសម្ភារទាំងអស់រួមទាំងឃាត់មនុស្សផងដែរ៕