កណ្ដាលៈ នគរបាល​ក្រុង​តាខ្មៅ កាលពី​ថ្ងៃទី ១៨ ឧសភា បាន​បញ្ជូន​របាយការណ៍​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល រឿង​មន្ត្រីនគរបាល​ម្នាក់​បានប្រើ​​កាំភ្លើង​បាញ់​ទៅលើ​សត្វ​ឆ្កែ​មួយ​ក្បាល ក្រោយពី​វា​បាន​ព្យាយាម​ដេញ​ខាំ។

លោក យី វណ្ណដា អធិការ​នគរ​បាល​ក្រុង​តាខ្មៅ នៅ​ថ្ងៃទី​ ១៨ ខែឧសភា បាន​ថ្លែងថា មន្ត្រី​នគរ​បាល​ម្នាក់​ឈ្មោះ អ៊ុន សំអាត បំរើការ​ងារ​នៅ​ការិយាល័យ​ពិនិត្យ​វិភាគ និង​កោសល្យវិច័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល បាន​ប្រើប្រាស់​អាវុធ​ខុសច្បាប់បាញ់​ឆ្កែ​មួយ​ក្បាល នៅ​យប់​ថ្ងៃទី ១៦ ឧសភា នៅ​ភូមិ​ព្រែក​សំរោង​៣ សង្កាត់-ក្រុង​តាខ្មៅ តែ​មិន​បណ្ដាល​ឱ្យ​វារ​បួស​ ឬ​ងាប់​នោះ​ទេ។

ករណីនេះ​ត្រូវបាន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល​ បាន​បញ្ជា​ឲ្យ​លោក​ដែលជា​អធិការ​នគរបាល​ក្រុង​តាខ្មៅ និងនគរបាល​សង្កាត់​តាខ្មៅ​ ចុះ​ស្រាវជ្រាវ​ភ្លាមៗ ​ដើម្បី​រក​មូលហេតុ​នៃ​ការបង្ក​ហេតុ​នោះ។

លោក វណ្ណដា ថ្លែងថា៖ «លោកស្នងការ​បាន​ឲ្យ​យើង​កសាង​សំណុំរឿង​ និង​ដាក់​របាយ​ការណ៍​បញ្ជូន​ទៅ​គាត់។ ករណីនេះ​បើ​លោកស្នងការ​មាន​គោលការណ៍​ឬ​ចាត់ចែង​យ៉ាង​ម៉េច​ទៀត​នោះ​ គឺ​សម្រេច​លើ​លោកស្នងការ​ទេ។ ចំពោះ​កាំភ្លើង​យើង​ដកហូត​បាន​ហើយ»។

លោក​បញ្ជាក់​ថា មូល​ហេតុដែល​មន្ត្រី​នគរបាល​រូបនោះ​បង្ក​ហេតុនេះ​ ព្រោះ​គាត់​ខឹង​នឹង​សត្វ​ឆ្កែ​ដោយសារ​គាត់​ជិះ​ម៉ូតូ​តាមផ្លូវ​ហើយ​ឆ្កែ១ក្បាល​ដេញ​ខាំ​គាត់ ហើយ​គាត់​ក៏បាន​ចូល​ផ្ទះ​យក​កាំភ្លើង​មក​បាញ់​សត្វ​ឆ្កែ​នោះ​តែ​បាញ់​មិនត្រូវ​ឆ្កែ​ទេ។

លោក ថ្លែងថា៖ «ក្រោយ​សាកសួរ​មក​ ខ្ញុំ​បានឱ្យ​មន្ត្រី​នគរបាល​រូបនោះ​ត្រឡប់​ទៅផ្ទះ​វិញ ​គឺ​មិនបាន​ឃាត់ខ្លួន​ទេ»។

លោកស្រី មួង​ផា ចាន់​មុន្នី មេភូមិ​ស្តីទី​ភូមិ​សំរោង៣ ឱ្យដឹង​នៅ​ថ្ងៃទី១៨ឧសភា​ថា មន្ត្រីនគរបាល​ម្នាក់​នោះ ​មានផ្ទះ​និង​រស់នៅ​ក្នុងភូមិ​សំរោង៣ សង្កាត់-ក្រុង​តាខ្មៅ មុនពេល​កើតហេតុ​គេ​បានឃើញ​មន្ត្រីនគរបាល​រូបនោះ​ជិះ​ម៉ូតូ ១ គ្រឿង​ នៅតាម​ផ្លូវ​ក្នុងភូមិ​ ហើយ​គេ​បានឃើញ​សត្វ​ឆ្កែ​រត់​ដេញតាម​ព្រូស​គាត់ ​បន្ទាប់មក​ក៏​ស្ងាត់ ស្រាប់តែ​មួយសន្ទុះ​ក្រោយមក​គេ​ឮស្នូរ​កាំភ្លើង​ផ្ទុះ ហើយ​បាន​ផ្អើល​ដល់​អ្នកភូមិ​នាំគ្នា​ចេញ​ពីផ្ទះ​មក​ចោមរោម​មើល​ហេតុ​ការណ៍​ផ្ទុះអាវុធ។

លោកស្រី ចាន់​មុន្នី បានឱ្យដឹង​ទៀតថា៖ «មន្ត្រីនគរបាល​រូបនោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា មុនដំបូង​គេ​បាន​ជិះ​ម៉ូតូ​តាមផ្លូវ​បម្រុង​ចូល​ផ្ទះ​ ប៉ុន្តែ​ពេលនោះ​ក៏មាន​សត្វ​ឆ្កែ១ក្បាល​ដេញ​ខាំ​គេ ហើយ​គេ​ក៏មាន​កំហឹង​នឹង​សត្វ​ឆ្កែ​នោះ បន្ទាប់មក​គេ​បាន​ជិះ​ម៉ូតូ​ទៅផ្ទះ​ ហើយ​បាន​យក​កាំភ្លើង​ខ្យល់​ដែល​ទុក​ប្រចាំ​នៅក្នុង​ផ្ទះ​ស្រាប់​មក​ដេញ​បាញ់​សត្វ​ឆ្កែ ១ ក្បាល​នោះ​ចំនួន ៣ ​ទៅ ​៤​ គ្រាប់​​ បង្កឱ្យ​មាន​ការភ្ញាក់ផ្អើល​ដល់​ប្រជា​ពលរដ្ឋ»៕