ព្រះសីហនុៈ សមត្ថកិច្ចខេត្ដព្រះសីហនុកំពុងបន្តការសាកសួរបុរស ៤ នាក់ ក្រោយពីឃាត់ខ្លួនបានពេលកំពុងកាប់ទន្រ្ទាន ឆ្ការព្រៃ ក្នុងគោលបំណងកាន់កាប់ជាកម្មសិទ្ធិដោយខុសច្បាប់នៅទីតាំងភូមិអុង ឃុំរាម ស្រុកព្រៃនប់។ នេះបើតាមលោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលសាលាខេត្ដបញ្ជាក់ប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញ។
សេចក្ដីប្រកាសព័ត៌មន្ទីរបរិស្ថានខេត្ដព្រះសីហនុកាលពីថ្ងៃទី ២៨ ខែកក្កដា បានឲ្យដឹងថា កន្លងមកសកម្មភាពបទល្មើសកាប់ឆ្ការព្រៃ ដាំដំណាំ សង់ខ្ទម និងបោះបង្គោលរបងហ៊ុំព័ទ្ធកាន់កាប់យកដីធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ដែលស្ថិតនៅក្នុងតំបន់ការពារ ត្រូវបានសមត្ថកិច្ចចុះអនុវត្ដវិធានការទប់ស្កាត់បានជាបន្តបន្ទាប់។ជាក់ស្ដែងនៅព្រឹកថ្ងៃទី ២៨ ខែកក្កដា កម្លាំងមន្រ្ដីឧទ្យានុរក្សឧទ្យានជាតិព្រះសីហនុ រាម បានចុះល្បាតត្រួតពិនិត្យបទល្មើសបានជួបប្រទះជាមួយប្រជាពលរដ្ឋមួយក្រុមមានគ្នា ៤ នាក់ (ប្រុស) ដែលកំពុងកាប់ទន្រ្ទាន ឆ្ការព្រៃ ក្នុងគោលបំណងកាន់កាប់ជាកម្មសិទ្ធិដោយខុសច្បាប់ ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់។
លោក ឃាង ភារម្យ បានថ្លែងថា៖ «មនុស្សទាំង ៤ នាក់ រួមទាំងវត្ថុតាង (កាំបិតផ្គាក់) ដែលកម្លាំងមន្រ្ដីឧទ្យានុរក្សនាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ គឺកំពុងតែសួរនាំទៅតាមនីតិវិធីនៅស្នងការដ្ឋាននគរបាលខេត្ដនៅឡើយទេ»។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់មន្ទីរបរិស្ថានខាងលើដដែលបានឱ្យដឹងថា ក្នុងពេលថ្មីៗនេះ សកម្មភាពនៃការចូលទន្ទ្រានកាន់កាប់ដីរដ្ឋ ជាលក្ខណៈក្រុមទន្រ្ទានកាប់ឆ្ការព្រៃ ឈូសឆាយ ដាំដំណាំ សង់ខ្ទម និងបោះបង្គោលរបងហ៊ុំព័ទ្ធកាន់កាប់ដីធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ក្នុងឧទ្យានជាតិព្រះសីហនុ «រាម» មានការកំរើកឡើងគួរឱ្យកត់សម្គាល់ជាពិសេសនៅតំបន់ភូមិសាស្រ្ដឃុំរាម និងឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
រដ្ឋបាលសាលាខេត្តព្រះសីហនុ បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនចុះថ្ងៃទី ២៨ កក្កដា នេះដែរថា កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថាន បានចុះរុះរើខ្ទមអនាធិបតេយ្យ ចំនួន ៤៣ ខ្ទម ដែលក្រុមអនាធិតេយ្យមានគ្នាប្រមាណ ២០ នាក់ សាងសង់ក្នុងចេតនារំលោភយកដី ជាកម្មសិទ្ធិឯកជនរបស់ប្រជាពលរដ្ឋ មួយកន្លែង នៅតំបន់អូរត្រាវ ភូមិ ១ សង្កាត់លេខ ១ ក្រុងនិងខេត្តព្រះសីហនុ។
រដ្ឋបាលសាលាខេត្តព្រះសីហនុបញ្ជាក់ថា ធ្លាប់បានចុះអប់រំណែនាំ និងរុះរើខ្ទមអនាធិបតេយ្យនៅទីតាំងខាងលើនេះម្តងរួចមកហើយកាលពីដើមខែកក្កដា។ ប៉ុន្តែប្រជាពលរដ្ឋទាំងនោះ បានស្នើសុំធ្វើការរុះរើដោយខ្លួនឯង។
រដ្ឋបាលសាលាខេត្តបញ្ជាក់ថា៖ «ក្នុងអំឡុងពេលចុះរុះរើនៅថ្ងៃទី ២៧ កក្កដា កម្លាំងសមត្ថកិច្ច បានជួបប្រជាពលរដ្ឋនៅទីតាំងជាក់ស្តែងប្រហែល ២០ នាក់ ហើយពួកគាត់បានស្ម័គ្រចិត្តចាកចេញពីទីតាំងនោះដោយសន្តិវិធី និងមិនមានការតវ៉ាអ្វីនោះឡើយ»។
លោក ឃាង ភារម្យ បន្ថែមថា៖ «ករណីដែលមានការកាប់ទន្ទ្រានរំលោភយកដីរដ្ឋធ្វើជាកម្មសិទ្ធិ គឺយើងមានច្បាប់ស្តីអំពីតំបន់ការពារធម្មជាតិ ដែលត្រូវឲ្យសមត្ថកិច្ច ចុះអនុវត្តវិធានការទប់ស្កាត់ជាបន្តបន្ទាប់។ ក្នុងករណីដែលមានការកាប់ឆ្ការព្រៃ ដាំដំណាំ សង់ខ្ទម និងបោះបង្គោលរបងហ៊ុំព័ន្ធជាដើម យើងអនុវត្តឲ្យបានម៉ឺងមាត់ ចំពោះអ្នកប្រព្រឹត្ត និងអ្នកនៅពីក្រោយខ្នង»។
លោកស្រី ជៀប សុធារី មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តព្រះសីហនុលើកឡើងថា ដីនៅតំបន់ដែលពលរដ្ឋកំពុងទន្ទ្រានយកនោះ ភាគច្រើនគឺជាតំបន់ដែលបានកាន់កាប់ដោយក្រសួងបរិស្ថាន។
លោកស្រីថា គ្រាន់តែកន្លងមកប្រជាពលរដ្ឋមួយចំនួនមិនបានដឹងនិងបានទិញដីនេះតៗគ្នាជាយូរមកហើយ ស្រាប់តែក្នុងពេលបច្ចុប្បន្ន ដីនៅក្នុងខេត្តនេះ ចាប់ផ្តើមឡើងថ្លៃយ៉ាងគំហុក ក៏បណ្តាលឲ្យពលរដ្ឋទាំងនោះ ចូលទៅសាងសង់លើដីទាំងនោះតែម្តង ដែលជាហេតុនាំឲ្យអាជ្ញាធរខេត្ត មានវិធានការយ៉ាងដូច្នេះ។
លោកស្រីបញ្ជាក់ថា៖ «បើសិនជាមានការរុះរើពីពលរដ្ឋហើយនោះ ក៏សុំគ្រប់គ្រងដីនេះឲ្យបាន ព្រោះរាល់ថ្ងៃនេះ ប្រជាពលរដ្ឋនៅតែមានមន្ទិលសង្ស័យជុំវិញការបណ្តេញពួកគាត់ចេញ ហើយបែរជាយកដីរបស់ពួកគាត់ ប្រគល់ទៅឲ្យអ្នកវិនិយោគ បុគ្គល ឬក្រុមហ៊ុនណាផ្សេង។ ពលរដ្ឋ បានចាញ់បោកគេហើយ ដែលទិញដីនេះ ហើយវា គឺជារឿងអយុត្តិធម៌សម្រាប់ពួកគាត់»៕