រតនគិរី/កំពង់ស្ពឺ: សមត្ថកិច្ច​ខេត្តរតនគិរី​បាន​ចាប់​ឃាត់​រថយន្ត​ដឹក​គ្រឿងសង្ហារិម​របស់​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​នៅ​ឃុំ​ត្រពាំងក្រហម ស្រុក​កូនមុំ ដែល​រុះរើ​ផ្ទះ ហើយ​ដឹក​យក​ទៅ​ដាក់​ផ្ទះ​ថ្មី​នៅ​ភ្នំពេញ ខណៈ​ដែល​មន្ត្រី​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​បាន​ដុត​កម្ទេច​រថយន្ត​កែច្នៃ​ដឹកឈើ​ ៥ ​គ្រឿង ក្រោយពី​រឹបអូស​ពី​ជនល្មើស​ដឹកឈើ​ខុសច្បាប់​។

លោក ថាវ យ៉េន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី​បាន​ថ្លែង​ពី​ម្សិលមិញ​ថា កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កូនមុំ សហការ​ជាមួយ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ចាប់​ឃាត់​រថយន្ត​យីឌុប​ម៉ាក​នីសាន់​ ១ ​គ្រឿង​ដែល​ដឹក​គ្រឿងសង្ហារិម និង​សម្ភារ​ធ្វើ​ពី​ឈើ​មួយ​ចំនួន​នៅ​ភូមិ ១ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូនមុំ​កាលពី​ថ្ងៃទី​ ១៤ ខែ​មិថុនា​។

មន្ត្រី​ជំនាញ​បានផ្ដល់​ដំណឹង​មក​លោក​ថា ម្ចាស់​គ្រឿង​សង្ហារិម​ទាំងនេះ​បាន​រុះរើ​ផ្ទះ​របស់​ខ្លួន ដោយ​ដឹកជញ្ជូន​គ្រឿងសង្ហារិម​ទាំងអស់​យក​ទៅ​ដាក់​នៅផ្ទះ​ថ្មី​នៅ​ភ្នំពេញ ដោយ​មាន​លិខិតអនុញ្ញាត​ពី​ភូមិ ឃុំ ប៉ុន្ដែ​មិនមាន​លិខិតអនុញ្ញាត​ដឹកជញ្ជូន​ពី​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ទើប​សមត្ថកិច្ច​ត្រូវ​តែ​ឃាត់​សាកសួរ​បែបនេះ​។

លោក​បាន​បន្តថា​៖ «​រឿងនេះ​ខ្ញុំ​បាន​បញ្ជូន​ទាំង​សំណុំ​រឿង និង​វត្ថុតាង​ទៅ​ឲ្យ​រដ្ឋបាល​ព្រៃឈើ​អស់ហើយ​។ រីឯ​រឿង​គាត់​ពិន័យ ឬ​សម្រេច​យ៉ាងណា​ខ្ញុំ​អត់​ដឹង​ទេ ព្រោះ​ពួក​ខ្ញុំ​គ្រាន់តែ​ចុះបង្ក្រាប និង​អនុវត្ត​បទបញ្ជា ហើយ​ទាក់ទង​បច្ចេកទេស ឬ​សម្រេច​បែបណា​ខ្ញុំ​អត់​ដឹង​ទេ​»​។

លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី​ពី​ម្សិលមិញ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ​ដោយ​អះអាង​ថា កំពុង​ជាប់រវល់​។

លោក សយ សូណា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តរតនគិរី​ថ្លែង​ថា លោក​មិនទាន់​បាន​ទទួល​របាយការណ៍​ ឬ​ព័ត៌មាន​នេះ​ទេ ដោយ​លោក​អះអាង​ថា មន្ត្រី​ជំនាញ​ប្រហែល​កំពុង​រវល់​ធ្វើ​របាយការណ៍​នេះ​បញ្ជូន​មក​លោក​ពិនិត្យ​។

តាម​របាយការណ៍​របស់​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​បង្ហោះ​លើ​គេហទំព័រ​ហ្វេសប៊ុក​ខ្លួន​ (GRK News) ​ពី​ម្សិលមិញ​ថា ម្ចាស់​រថយន្ត​មាន​ឈ្មោះ ណំ ប៊ុនថាន ភេទ​ប្រុស អាយុ ៤៩ ​ឆ្នាំ​មាន​លំនៅ​ភូមិ​អូរកន្សែង សង្កាត់​បឹងកន្សែង ក្រុង​បានលុង ត្រូវ​បាន​ឃាត់ខ្លួន​រួម​នឹង​វត្ថុតាង​រួមមាន តុ​ ១ ក្តារងឿ​ ១ ទ្វារ​ ៥ ​សន្លឹក និង​កៅអី ព្រម​ទាំង​សម្ភារ​ធ្វើ​ពី​ឈើ​មួយ​ចំនួន​ទៀត​។ បច្ចុប្បន្ន​សមត្ថកិច្ច​បាន​ប្រគល់​រថយន្ត និង​សម្ភារ​ទាំងអស់​ជូន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

រឿង​ដាច់​ដោយ​ឡែក​មួយទៀត​មន្ត្រី​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃប្រទេស និង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​នៅ​ថ្ងៃទី​ ១២ ខែមិថុនា បាន​បំផ្ទុះ​ចោល​រថយន្ត​កែច្នៃ​បាកុង​ចំនួន ៥ ​គ្រឿង​នៅ​ភូមិ​ក្រាំងពង្រ ឃុំ​សង្កែសាទប ស្រុក​ឱរ៉ាល់ ដែល​ត្រូវ​បាន​បង្ក្រាប​នាពេល​កន្លងមក​។

លោក ជូ សារុន មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​កាលពី​ម្សិលមិញ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ ជុំវិញ​ករណី​នេះ​ដោយ​អះអាងថា លោក​កំពុង​ជាប់រវល់​មិនអាច​និយាយ​ទូរស័ព្ទ​បាន​។

តាម​របាយការណ៍​របស់​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឲ្យ​ដឹងថា ក្រោយពី​បំផ្ទុះ​កម្ទេចចោល​រួច បំណែក​រថយន្ត​បាកុង​ទាំង​ ៥ ​គ្រឿង​នេះ​ត្រូវ​បាន​ប្រគល់​ជូន​ស្នាក់ការ​បរិស្ថាន ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​យកទៅ​រក្សាទុក​នៅ​ស្នាក់ការ​។

របាយការណ៍​បន្ដថា បន្ទាប់ពី​មាន​បទបញ្ជា​ពី​លោក សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សមត្ថកិច្ច​ជំនាញ​បាន​បង្ក្រាប​រថយន្ត​បាកុង​នៅ​ស្រុក​ឱរ៉ាល់​សរុប​ចំនួន​ ១៧ ​គ្រឿង​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​កន្លងទៅ​។ ក្នុងនោះ​សម្រេច​កាត់​កម្ទេចចោល​សរុប​ចំនួន ១៤ ​គ្រឿង និង​ប្រគល់​រថយន្ត​ដែល​នៅមាន​គុណភាព​ចំនួន​ ៣ ​គ្រឿង​ជូន​ស្នាក់ការ​ដែនជម្រក​សត្វព្រៃ​ថែរក្សា​ទុក​៕