ស្វាយរៀងៈ មនុស្សប្រមាណ ១៣០ នាក់ជាជនជាតិចិន និងវៀតណាមត្រូវបានសមត្ថកិច្ចខេត្តស្វាយរៀង ឃាត់ខ្លួនសាកសួរកាលពីថ្ងៃទី ២៧ ខែមេសា ពាក់ព័ន្ធរឿងឆ្លងដែនខុសច្បាប់តាមព្រំប្រទល់កម្ពុជា-វៀតណាម ដោយមានមេខ្យល់ជាអ្នកដឹកនាំ។
លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៩ មេសាថា សមត្ថកិច្ចពាក់ព័ន្ធកំពុងបន្តដំណើរការសាកសួរ ជនបរទេសទាំងពីរជាតិសាសន៍នៅក្នុងផ្ទះសំណាក់ ឋានសួគ៌បួនរដូវស្ថិតនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង។
លោក ប៉ូលីវ៉ា ថ្លែងថា៖ «ដោយសារស្ថានភាពជំងឺកូវីដ១៩រាតត្បាតខ្លាំង ម្ល៉ោះហើយយើងមិនអាចសួរពួកគេផ្ទាល់តាមរបៀបដែលយើងធ្លាប់ធ្វើពីមុនបានទេ អ៊ីចឹងហើយបានជាការងារវាយូរ»។
លោកថ្លែងថា រហូតមកដល់ពេលនេះ សមត្ថកិច្ចពាក់ព័ន្ធមិនទាន់ប្រមូលបានព័ត៌មានលម្អិតពីជនបរទេសទាំងនោះទេ ដោយសារដំណើរការសាកសួរលើជនបរទេសទាំងអស់នោះមិនទាន់បានបញ្ចប់។
លោក ប៉ូលីវ៉ា ថ្លែងថា៖ «បន្ទាប់ពីស្រង់សាវតាជាតិពួកគេអស់គ្នាហើយនោះគឺអាជ្ញាធរខេត្តនឹងធ្វើការទំនាក់ទំនងជាមួយភាគីដៃគូថានឹងត្រូវធ្វើយ៉ាងម៉េចទៀត។ ការងារយ៉ាងណាទៀតនោះគឺអាជ្ញាធរខេត្តនឹងប្រជុំពិភាក្សាជាមួយជំនាញពាក់ព័ន្ធបន្តទៀត»។
ទោះយ៉ាងណាក៏ដោយ លោក ប៉ូលីវ៉ា ថ្លែងដោយយោងតាមព័ត៌មានបឋមថាជនជាតិវៀតណាម និងជនជាតិចិនមួយចំនួនបានឆ្លងដែនពីប្រទេសវៀតណាមចូលមកខេត្តស្វាយរៀង។
យោងតាមមន្ត្រីអាវុធហត្ថនៅក្រុងបាវិតមួយរូបថ្លែងដោយសុំមិនឱ្យបញ្ចេញឈ្មោះនៅថ្ងៃទី ២៩ ខែមេសានេះ បានឱ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងនៅវេលាទៀបភ្លឺថ្ងៃទី ២៧ មេសា ខណៈសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងបាវិតបានដើរល្បាតក៏ប្រទះឃើញ ជនជាតិវៀតណាម និងជនជាតិចិនស្រី-ប្រុស ប្រមាណជាង ១០០ នាក់កំពុងចុះពីលើម៉ូតូសំដៅផ្ទះសំណាក់ឋានសួគ៌បួនរដូវ។
លោក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្វាយរៀងទទួលការងារព្រហ្មទណ្ឌ ប្រាប់ភ្នំពេញប៉ុស្តិ៍នៅល្ងាចថ្ងៃទី ២៨ មេសាថា សមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់ក្រោយពីធ្វើកំណត់ហេតុចប់ ហើយនឹងពន្លាតដែនដីនៃការស៊ើបអង្កេតបន្តទៀត ប្រសិនបើរកឃើញថាមានជនពាក់ព័ន្ធ៕