
សមត្ថកិច្ចរឹបអូសគ្រឿងញៀន ១១ គីឡូក្រាម ដែលជនសង្ស័យបានបន្សល់ទុកនូវនៅព្រំដែនកម្ពុជា វៀតណាម នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៦៩-១៧០។ រូបថត ប៉ូលិស
ស្វាយរៀង៖ នគរបាលខេត្តស្វាយរៀងកំពុងស្រាវជ្រាវរកជនសង្ស័យពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ ក្រោយសមត្ថកិច្ចរកឃើញគ្រឿងញៀនជាង ១១ គីឡូក្នុងភូមិតាប៉ិប សង្កាត់បាវិត ក្រុងបាវិត កាលពីថ្ងៃទី២៧ ខែមេសានេះ។
លោក កែវ សុថា ស្នងការរងខេត្តស្វាយរៀង ទទួលបន្ទុកប្រឆាំងបទល្មើសគ្រឿងញៀនបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចបានតាមដានករណីនេះអស់រយៈពេលជិត ១ សប្តាហ៍មកហើយ។ ប៉ុន្តែជនសង្ស័យបានដឹងខ្លួន និងបានរត់គេចខ្លួនចូលទៅក្នុងទឹកដីប្រទេសវៀតណាម ដោយបន្សល់ទុកនូវគ្រឿងញៀន ១១ គីឡូក្រាមនៅព្រំដែនកម្ពុជា វៀតណាម នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៦៩-១៧០។
លោកថ្លែងថា៖ «ឥឡូវនេះ យើងកំពុងបន្តស្រាវជ្រាវ យើងទាក់ទងទៅខាងវៀតណាមដែរ ប៉ុន្តែដោយសារបញ្ហាកូវីដ អ៊ីចឹងវាមានការពិបាកជួបគ្នា។ មុខសញ្ញាហ្នឹងឥឡូវយើងនៅមិនទាន់ស្រាវជ្រាវដឹងថា មុខសញ្ញាហ្នឹងចេញពីប្រភពណាទេ ហើយយើងមិនដឹងថា [ជនសង្ស័យ] ជាជនជាតិអីឲ្យប្រាកដយើងមិនទាន់ដឹងផង»។
លោក កែវ សុថា បានបន្តថា នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២១ នៅចំណុចចន្លោះបង្គោលព្រំដែននោះ កម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែនគោក វរសេនាតូចលេខ ៦១១ សហការជាមួយកម្លាំងជំនាញការិយាល៏យប្រឆាំងគ្រឿងញៀនខេត្ត កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត និងដោយមានការសម្របសម្រួលផ្ទាល់ពីលោក ខាំ សុផារី ព្រះរាជអាជ្ញា លោក ស៊ន មុន្នី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង បានបើកប្រតិបត្តិការស្រាវជ្រាវនិងបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ១ លើក។
ជាលទ្ធផល សមត្ថកិច្ចបានរឹបអូសវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ ៨,៥០០.០៨គ.ក្រ, ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ី(គ្រាប់) ទម្ងន់ ១,២៥៦.០៣គ.ក្រ, ថ្នាំញៀនប្រភេទហេរ៉ូអ៊ីនទម្ងន់ ១,០៣៦.០៨គ.ក្រ, ថ្នាំញៀនប្រភេទកេតាមីនទម្ងន់ ៩៥៨.៣៦ ក្រ, សារធាតុសង្ស័យជាថ្នាំញៀនដបទឹកពណ៌សចំនួន ១០ដប និងចុងក្រោយកាបូបស្ពាយពណ៌ខ្មៅដាក់ថ្នាំញៀនចំនួន ២។ សរុបទៅសារធាតុញៀនមានទម្ងន់ជាង ១១ គ.ក្រ (គិតទាំងសម្បក)៕