ស្វាយរៀង/បាត់ដំបង: មន្ត្រី​កាំកុងត្រូល​សាខា​ខេត្ត​ស្វាយរៀង និង​ខេត្តបាត់ដំបង​នៅ​ថ្ងៃទី​ ១៨ ​ឧសភា​ បាន​ដកហូត​ទំនិញ​ចម្រុះ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​សរុប​ជាង​ ១០០ ​គីឡូក្រាម បន្ទាប់ពី​រកឃើញ​ពេល​ចុះ​ត្រួតពិនិត្យ​ទំនិញ​នៅ​តាម​ទីកន្លែង​ផ្សេងៗ​គ្នា ហើយ​ពេល​នេះ​សមត្ថកិច្ច​កំពុង​រៀបចំ​ដុត​កម្ទេចចោល​ទៅតាម​នីតិវិធី​។

លោក ម៉ាន់ សុខន អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ស្វាយរៀង​បាន​ថ្លែង​ពី​ម្សិលមិញ​ថា កាលពី​ថ្ងៃទី​ ១៨ ឧសភា ដោយមាន​កិច្ចសហការ​ពី​មន្ត្រី​មន្ទីរពាណិជ្ជកម្ម​ខេត្ត និង​អាជ្ញាធរ​ដែនដី​មន្ត្រី​របស់​លោក​បាន​បន្ត​ចុះ​ផ្សព្វផ្សាយ​ពី​គុណភាព​សុវត្ថិភាព​ម្ហូបអាហារ ត្រួតពិនិត្យ​ផលិតផល​ម្ហូបអាហារ និង​ទំនិញ​វេចខ្ចប់​ស្រាប់​នៅ​តាម​ដេប៉ូ​ក្នុង​ផ្សារ នៅ​ឃុំ​ដូនស ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង​។

លោក​បន្តថា ប្រតិបត្តិការ​នេះ​មន្ត្រី​ជំនាញ​បាន​រកឃើញ​ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​មួយចំនួន​ដូចជា នំ​បង្គា​ ១៥ កញ្ចប់​ធំ​,​កាហ្វេ ៥ ​កញ្ចប់​ធំ​,​ នំ​បាញ់​ត្រាង​ ២០០ ​កញ្ចប់​,​ ទឹកក្រូច​កូកា​ ១០ ​ដប​ធំ​,

​មី​ស្រួយ​ ៣ ​កេស​,​ ប្រហិត​ ២៥ ​កញ្ចប់​, ងៀត​គោ ២ ​កេស​ធំ​,​ ម្សៅ​បំពងស្រួយ ៣០ ​កញ្ចប់​ធំ និង​​នំ​ចម្រុះ ៥០ ​គីឡូក្រាម​។

លោក​បន្ថែមថា ទំនិញ​ខូច​គុណភាព​ទាំងនេះ​ត្រូវ​បាន​សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​ដកហូត​ទៅរ​ក្សា​ទុក និង​គ្រោង​ដុត​កម្ទេចចោល​តាម​នីតិវិធី​។

ទន្ទឹម​នឹងនេះ​មន្ត្រី​ជំនាញ​បាន​ណែនាំ​ដល់​អាជីវករ​ឲ្យ​យល់ដឹង​ និង​អនុវត្ត​ទៅតាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព​លើ​ផលិតផល ទំនិញ និង​សេវា​ចៀសវាង​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ និង​អាច​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​ទៀតផង​។

លោក សុខន បញ្ជាក់​ថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​ពលរដ្ឋ​សហការ​ជាមួយ​សមត្ថកិច្ច​ដោយ​រាយការណ៍ ឬ​ផ្ដល់ព័ត៌មាន​បើ​មានការ​សង្ស័យ​ទំនិញ​ដែល​គ្មាន​សុវត្ថិភាព​ដើម្បី​ធានា​គុណភាព​ទំនិញ​លើ​ទីផ្សារ​ឲ្យ​មាន​សុវត្ថិភាព​ល្អ ក៏ដូចជា​រួមគ្នា​គិតគូរ​ពី​សុខភាព​សាធារណៈ​»​។

ករណី​ស្រដៀង​គ្នា​នេះ​នៅ​ថ្ងៃ​ដដែល​នោះ មន្ត្រី​កាំកុងត្រូល​ខេត្ត​បាត់ដំបង​ក៏បាន​ដកហូត​ទំនិញ​ខូចគុណភាព​ចម្រុះ​សរុប​ ៤៣ ​គីឡូក្រាម​ ដែល​ក្លែងបន្លំ​ស្លាក​សញ្ញា និង​ផុតកំណត់​កាលបរិច្ឆេទ​ប្រើប្រាស់​ផងដែរ បន្ទាប់ពី​មន្ត្រី​ជំនាញ​កាំកុងត្រូល​បាន​ចុះ​ត្រួតពិនិត្យ​នៅ​ផ្សារ​ថ្មគោល និង​ផ្សារ​ដំណាក់ស្ដៅ​នៅ​ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​។

លោក ហាក់ សុខរិន ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បាត់ដំបង​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ប្រតិបត្តិការ​នេះ​មាន​ការសហការ​ពី​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​គណៈកម្មការ​ផ្សារ​ទាំង​ ២ ​ក្នុង​ការ​ទប់ស្កាត់​ចរាចរណ៍​ទំនិញ​ខូចគុណភាព ក្លែងបន្លំ​ស្លាកសញ្ញា និង​ផុតកំណត់​កាលបរិច្ឆេទ​ប្រើប្រាស់​។

លោក​បន្តថា មន្ត្រី​ជំនាញ​បានធ្វើ​តេស្ត​លើ​ម្ហូបអាហារ​មានដូចជា គុយទាវ​សរសៃ​តូច-ធំ ប្រហិត​សាច់គោ សាច់ក្រក​គោ មឹក​ស្រស់ និង​បង្គា​ស្រស់ ដើម្បី​រកសារ​ធាតុគីមី​ហាមឃាត់​ដែល​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ​។ ​ជាមួយ​គ្នា​នោះ មន្ត្រី​ជំនាញ​បាន​ត្រួតពិនិត្យ​រក​ភាព​មិន​អនុលោម​នៅលើ​សម្បក​វេចខ្ចប់​ផលិតផល​ម្ហូបអាហារ​ផងដែរ​។

លោក​បន្ថែមថា ប្រតិបត្តិការ​នោះ​មន្ត្រី​ជំនាញ​បាន​រកឃើញ​ទំនិញ​ខូចគុណភាព រួមមាន ទឹកតែ​ខៀវ​ចំនួន ៣៦ ​គីឡូក្រាម​ទឹក​ស៊ីអ៊ីវ​ចំនួន​ ៦ ​គីឡូក្រាម​​ម្សៅ​ដូង​ចំនួន​ ១ ​គីឡូក្រាម និង​ទំនិញ​មួយចំនួនទៀត​សរុប​ទំនិញ​ដកហូត​បាន​ចំនួន​ ៤៣ គីឡូក្រាម​។

លោក សុខរិន បញ្ជាក់​ថា​៖ «​មន្ត្រី​ជំនាញ​យើង​បានធ្វើ​កំណត់ហេតុ​ដកហូត​ទំនិញ​ទាំងនោះ​ដោយ​គ្រោង​ដុត​កម្ទេច​ចោល និង​បានធ្វើ​ការណែនាំ​ដល់​អាជីវករ​ដទៃ​ឲ្យ​យល់ដឹង​ និង​អនុវត្ត​ទៅតាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គុណភាព​សុវត្ថិភាព​លើ​ផលិតផល​ទំនិញ និង​សេវា​ចៀសវាង​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ និង​ប្រឈមមុខ​ផ្លូវច្បាប់​»៕