ភ្នំ​ពេញ:​ ​មន្ត្រី​ជំ​នាញ​នៃ​អធិ​ការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​សែន​សុខ គ្រោង​បញ្ជូន​ជន​សង្ស័យ​ជា​ជន​ជាតិ​ចិន​ចំនួន ​២ នា​ក់ ​ក្នុង​​ចំ​ណោ​ម​ ៣ នាក់​ ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ ​បន្ទាប់​ពី​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ពួក​គេ​កាល​ពី​យប់ថ្ងៃទី​ ២៩ ខែកក្កដា ​ពាក់​ព័ន្ធ​ការ​បង្ខាំង ​និង​ជំរិត​ទារ​ប្រាក់​ពី​ជន​រង​គ្រោះ​ជា​ជន​ជាតិ​ចិន​ចំនួន​ ​៣​ នាក់​ ក្នុង​ផ្ទះ​ជួល​មួយ​កន្លែង​ ​នៅ​សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​ រាជ​ធានី​ភ្នំ​ពេ​ញ​។​

លោក​ ​ហួរ​ ម៉េង​វ៉ាង​ អធិ​ការ​នគរ​បាល​ខ​ណ្ឌ​សែន​សុខ​ បាន​ថ្លែង​ប្រាប់​ភ្នំ​ពេញ​ប៉ុស្ដិ៍​នៅ​ថ្ងៃនេះ​ថា ​សមត្ថ​កិច្ច​ជំនាញ​នៃ​អធិ​ការ​ដ្ឋា​ន​នគរ​បាល​ខណ្ឌ​សែន​សុខ​ ​បាន​និង​កំពុង​សាក​សួរ​ជន​សង្ស័យ​ជា​ជន​ជាតិ​ចិន​ចំនួន​ ​២​ នាក់​ ក្នុង​ចំ​ណោម​បក្ខ​ពួក​ ​៣​ នា​ក់ ​(​រត់​គេច​ខ្លួន​ម្នាក់​)​ ​បន្ទាប់​ពី​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ពួក​គេ​នៅ​យប់​ថ្ងៃ​ទី​ ២៩ ឈាន​ចូល​ថ្ងៃ​ទី​ ​៣០ ​ខែ​កក្កដា​ នៅ​ក្នុង​សង្កាត់​អូរ​បែក​ក្អម​។​

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​ ​សមត្ថ​កិច្ច​បាន​ទទួល​ព័ត៌​មាន​ពី​ជន​រង​គ្រោះ​ម្នាក់​ក្នុង​ចំ​ណោម​ ​៣ ​នា​ក់ ​ដែល​បាន​រត់​គេច​ខ្លួន​ចេញ​ពី​ក្រុម​ជន​ល្មើ​ស ​ហើយ​បាន​រត់​មក​ពឹង​ពល​រដ្ឋ​ខ្មែរ​ឲ្យ​ជួយ​ប្រាប់​សមត្ថ​កិច្ច​ពី​ការ​បង្ខាំង​ ​និង​ជំរិត​ទារ​ប្រាក់​ពី​ពួក​គេ​រាប់​ម៉ឺន​ដុល្លារ។​ ​ក្រោយ​ពី​ទទួ​​ល​បាន​ដំ​ណឹង​នេះ ​លោក​បាន​ដឹក​នាំ​កម្លាំង​ជំនាញ​ចុះ​ទៅ​បង្ក្រាប​ផ្ទាល់ ដោយ​ឃាត់​ខ្លួន​ជន​ល្មើស​បាន​ចំនួន​ ​២ នាក់​ រី​ឯ​បក្ខ​ពួក​ម្នាក់​ទៀត​បាន​រត់​គេច​ខ្លួន​។​

លោកថ្លែង​ថា​៖​ ​«​ក្រោយ​ពី​យើង​ចាប់​ហើយ ​គឺ​ឥឡូវ​នេះ​មន្ត្រី​ជំនាញ​យើង​កំពុង​សាក​សួរ​ទាំង​ជន​រង​គ្រោះ ​និង​ជន​សង្ស័យ​ ​ដើម្បី​ធ្វើ​កំណត់​ហេតុ​ ​និង​កសាង​សំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលា​ការ។​ ​ការ​បញ្ជូន​ទៅ​តុលា​ការ​ ​គឺ​យើង​គ្រោង​នឹង​បញ្ជូន​ទៅ​ តែ​ខ្ញុំ​មិន​ដឹង​ពេ​ល​វេលា​ជាក់​លាក់​​ទេ​ ​បើ​យើង​សាក​សួរ​រួច​រាល់​ថ្ងៃ​នេះ ​(​៣០​ ខែ​កក្កដា​)​ គឺ​អាច​នឹង​បញ្ជូន​ទៅ​នៅ​ថ្ងៃទី​ ៣១​ ​ខែ​កក្កដា​ តែ​យ៉ា​ង​ណា​​ខ្ញុំ​​មិន​ទាន់​អាច​បញ្ជាក់​ច្បាស់​ទេ​»​។​

លោក ​នាង​ ​ផល្លី​ ​នាយ​ប៉ុស្ដិ៍​នគរ​បាលរ​ដ្ឋ​បាល​សង្កាត់​អូរ​បែក​ក្អម​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃនេះ​ដែរថា ​សមត្ថ​កិច្ច​ជំនាញ​បាន​ប្រាប់​ឲ្យ​អ្ន​ក​បក​ប្រែ​ភាសា​ចិន​ម្នាក់​សួរ​ឈ្មោះ​ជន​រង​គ្រោះ ​និ​ង​ជន​សង្ស័យ។​ ​ដោយ​ពួក​គេ​បាន​រៀប​រាប់​ប្រាប់​ថា​ ​ជន​រង​គ្រោះ​មាន​ចំ​នួ​ន​ ៣ នាក់​ឈ្មោះ ​HE LANG​ ​អាយុ ​២១ ​ឆ្នាំ ​ជា​ជន​ជាតិ​ចិន​,​ ​ឈ្មោះ ​YANG XUELIN អាយុ​ ​៣០​ ឆ្នាំ​ ជន​ជាតិ​ចិន​ ​និង​ឈ្មោះ ​LIS HIJIE​ អាយុ ​១៨​ ឆ្នាំ។​

រីឯ​ជន​សង្ស័យ​ចំនួន​ ​២ នាក់​ រួម​មាន​ឈ្មោះ ​JIANG LIANG អាយុ​ ២៨​ ឆ្នាំ ​និង​ឈ្មោះ ​DENG ZHONGHENG​ អាយុ ​២៨ ​ឆ្នាំ ​(​អ្នក​គេច​ខ្លួន​មិន​ចាំ​ឈ្មោះ)​ ​ពួក​គេ​ស្នាក់​នៅ​ភូមិ​ទ្រូង​មាន់​ សង្កាត់​អូរ​បែក​ក្អម ​ខណ្ឌ​សែន​សុខ​។​

លោក​បន្ត​ថា ​ជន​រង​គ្រោះ​ទាំង​ ​៣ នាក់​នេះ​ បាន​ចេញ​ពី​ធ្វើការ​នៅ​ហាង​មួយ​កន្លែង​នៅ​វេលា​ម៉ោង ​១២ ​យប់​រំលង​អា​ធ្រា​ត្រ​ឈា​ន​ចូល​ថ្ងៃទី​ ​២៧​ ខែ​កក្កដា​ ​ដោយ​សំដៅ​មក​បន្ទប់​ជួល​ ស្រាប់​តែ​មាន​រថ​យន្ត​មួយ​គ្រឿង​មាន​គ្នា ​៣ ​នាក់​ជា​ជន​ជាតិ​ចិន​ដូច​គ្នា​ បាន​ចុះ​មក​ដាក់​ខ្នោះ​ដៃ​ពួក​គេ ​ហើយ​រុញ​បញ្ចូល​រ​ថ​យន្ត​ ហើយ​បើក​សំដៅ​មក​ភ្នំ​ពេញ​ បង្ខាំង​នៅ​ផ្ទះ​ជួល​ និង​បាន​គំរាម​ ​ជំរិត​ទារ​ប្រាក់​ពី​ជន​រ​ង​គ្រោះ​រាប់​ម៉ឺន​ដុល្លា​ ​និង​ប្រើ​ឧប​ករ​ណ៍​ឆក់​មុខ​មាត់​ ​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ឈាម​មា​ត់ ​ស្លេ​ក​ស្លាំង ​បង្អត់​បាយ​ចំនួន​ ​៣ ​ថ្ងៃ។​ ​ក្នុង​នោះ​មាន​ជន​រង​គ្រោះ​ម្នាក់​បាន​ឲ្យ​លុយ​ចំនួន​ ​២០ ​ម៉ឺន​យេន​ជា​លុយ​ចិន​ទៅ​ឲ្យ​ជន​ស​ង្ស័​យ​។​

លោក​ថ្លែង​ថា​៖ ​«​ជ​ន​រង​គ្រោះ​ដែល​អត់​ប្រាក់ ​ត្រូវ​បាន​ជន​សង្ស័យ​វាយ​ឲ្យ​របួស។ ​លុះ​នៅ​យប់​ថ្ងៃ​ទី ​២៩​ ​កក្កដា​ នេះ​ មាន​ជន​រង​គ្រោះ​ម្នាក់​បាន​រត់​ចេញ​តាម​សំ​យ៉ាប​ផ្ទះ​ចេញ​មក​ខាង​ក្រៅ​ ​ហើយ​ពឹង​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​យើង​ ​ឲ្យ​ជួយ​ប្រាប់​ទៅ​ប៉ូ​លីស​ឲ្យ​ជួ​យ​​គាត់​ផង​។​ ​ជន​សង្ស័យ​ដឹង​ខ្លួន​ថា​ ​បែក​ការណ៍​ ហើយ​បាន​ប្រ​មូល​រៀប​ចំ​ឥ​វ៉ាន់ បម្រុង​នឹង​ចាក​ចេញ​ពី​ផ្ទះ​ទាំង​ ​៣ នា​ក់​ ​តែ​រត់​គេច​ខ្លួន​បាន​ម្នាក់ រី​ឯ​ ២ ​នាក់​ ​ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់​ខ្លួន​តែ​ម្ដង​»​៕​