ស្វាយរៀង៖ នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ខេត្ត​ស្វាយរៀង គ្រោង​បញ្ជូន​បុរស​ចំណាស់​ម្នាក់​ទៅ​សាលា​ដំបូង​ខេត្ត​នៅ​ថ្ងៃ​ស្អែក​នេះ បន្ទាប់​ពី​ឃាត់​ខ្លួន​ករណី​ចាប់​រំលោភ​សេពសន្ថវៈ​ក្មេង​ស្រី​ម្នាក់​នៅ​ឃុំទួលកី ស្រុក​ចន្រ្ទា ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃទី ១ ឧសភា។

លោក នេត សារឿន ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​រសៀល​ថ្ងៃទី ២ ឧសភា​នេះ​ថា បុរស​ឈ្មោះ សាង វ៉ាង អាយុ ៧០ ឆ្នាំ ដែល​ពាក់ព័ន្ធ​ករណី​ចាប់​រំលោភ​សេពសន្ថវៈ​ក្មេង​ស្រី​ម្នាក់ គឺ​សមត្ថកិច្ច​លោក​គ្រោង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​នៅ​ថ្ងៃទី ៣ ឧសភា។

លោក​ប្រាប់​ថា៖ «ពេល​នេះ​មន្រ្តី​ជំនាញ​របស់​យើង​កំពុង​បន្ត​សាក​សួរ​ជន​សង្ស័យ ដើម្បី​បំពេញ​បែបបទ​តាម​នីតិវិធី​នៅ​ឡើយ។ ប៉ុន្តែ​លោក​គ្រោង​នឹង​បញ្ជូន​ជន​នេះ​ទៅ​តុលាការ​នៅ​ថ្ងៃ​ស្អែក»។

ពាក់ព័ន្ធ​នឹង​ករណី​ដែរ លោក ញ៉ែម សុធាវុធ ប្រធាន​ប៉ុស្តិ៍ន​គរបាល​ឃុំ​ទួលកី ប្រាប់​ថា ក្មេង​រងគ្រោះ​ឈ្មោះ ភ.ព អាយុ ១៤ ឆ្នាំ រស់នៅ​ក្នុង​ឃុំ ស្រុក ជាមួយ​ជន​សង្ស័យ​ដែរ។ ជន​សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​របស់​លោក​ឃាត់​ខ្លួន​កាល​ពី​ល្ងាច​ថ្ងៃទី ១ ឧសភា ក្រោយ​ពី​ទទួល​សេចក្តី​រាយការណ៍​ពី​អ្នក​ភូមិ។ «ជនសង្ស័យ​មិន​បាន​រត់​គេច​ខ្លួន​ទៅ​ណា​ទេ​ ប៉ុន្តែ​ជន​នេះ​ហាក់​មិន​ព្រម​សារភាព​ទេ»។

លោក​បាន​រំឭក​តាម​សម្តី​អ្នក​ភូមិ​ថា រវាង​ជន​សង្ស័យ និង​ក្មេង​ស្រី​រងគ្រោះ ជា​មនុស្ស​រស់នៅ​ក្នុង​ភូមិ​ជាមួយ​គ្នា រីឯ​ម្តាយ​ឪពុក​ក្មេង​រងគ្រោះ​ក៏​គ្មាន​ទំនាស់​អ្វី​នឹង​គ្នា​ដែរ។

លោក​បន្ត​ថា មុន​ពេល​កើត​ហេតុ ក្មេង​រងគ្រោះ​ត្រូវ​បាន​ជនសង្ស័យ​ល្បួង​ឱ្យ​លុយ​នៅ​ផ្ទះ​របស់​នាង ហើយ​ក៏​បាន​ចាប់​រំលោភ​តែ​ម្តង។ ប៉ុន្តែ​នៅ​ពេល​នាំ​ខ្លួន​មក​ដល់​ប៉ុស្តិ៍​នគរបាល​ឃុំ​ជន​សង្ស័យ​រូប​នេះ បាន​បដិសេធ​ថា មិន​បាន​ចាប់​រំលោភ​នោះ​ទេ៕