ពោធិ៍សាត់៖ នគរបាលព្រហ្មទណ្ឌខេត្តពោធិ៍សាត់កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តពោធិ៍សាត់នៅថ្ងៃទី ១៣ ឧសភាស្អែកនេះ ក្រោយពីចាប់ខ្លួនករណីកាប់គូទំនាស់បណ្ដាលឱ្យស្លាប់ ប្រព្រឹត្តកាលពីយប់ថ្ងៃទី ១០ ឧសភា នៅក្នុងភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
លោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងនគរបាលខេត្តពោធិ៍សាត់ទទួលបន្ទុកផែនការងារព្រហ្មទណ្ឌបានឱ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹងនៅថ្ងៃទី ១២ ឧសភានេះថា ជនសង្ស័យរូបនោះឈ្មោះ អិត រ័ន្ន អាយុ ៣២ ឆ្នាំ។ ពេលនេះសមត្ថកិច្ចកំពុងរៀបចំបញ្ជូនបន្តទៅសាលាដំបូងខេត្តដែលត្រូវធ្វើនៅថ្ងៃទី ១៣ ឧសភា ដើម្បីចាត់ការបន្តទៀត។
លោកបានប្រាប់ថា៖ «ជនសង្ស័យពេលធ្វើតេស្តទឹកនោមទៅឃើញមានវិជ្ជមានសារធាតុញៀនផង។ អ៊ីចឹងជននេះក៏ប្រើប្រាស់គ្រឿងញៀនដែរ»។
លោក លីដា បានបន្តថា ជនសង្ស័យឈ្មោះ អិត រ័ន្ន ម្នាក់នេះត្រូវបានកម្លាំងសមត្ថកិច្ចរបស់លោកស្រាវជ្រាវចាប់ខ្លួនបានកាលពីរសៀលថ្ងៃទី ១១ ឧសភា នៅនឹងផ្ទះរបស់ជនសង្ស័យតែម្តង គឺនៅភូមិ-ឃុំកើតហេតុខាងលើបន្ទាប់ពីរត់គេចខ្លួនបាន ១ ថ្ងៃ ក្រោយពេលបង្កបទល្មើសនៅយប់ថ្ងៃទី ១០ ឧសភា។
លោកបានរៀបរាប់តាមសម្តីជនសង្ស័យថា រវាងជនសង្ស័យ និងជនរងគ្រោះឈ្មោះ តឺយ តឿន ភេទប្រុស អាយុ ៣២ ឆ្នាំ គឺជាបងប្អូនជីដូនមួយនឹងគ្នាហើយរស់នៅផ្ទះជិតគ្នាតែធ្លាប់មានទំនាស់ពាក្យសម្តីជាមួយគ្នា។
លុះដល់ម៉ោងជាង ៨ យប់ថ្ងៃទី ១០ ឧសភា ឈ្មោះ តឺយ តឿន (ជនរងគ្រោះ) បានលីកាំបិតផ្គាក់ ១ លើស្មាហើយបានដើរតាមផ្លូវក្នុងភូមិទៅមក និងមានការជេរផង។ ខណៈនោះរូបគេ (ជនសង្ស័យ) ក៏កំពុងឈរបញ្ចាំងភ្លើងពិលមើលទឹកអណ្តូងនៅក្រោយផ្ទះរបស់ខ្លួនដោយក្នុងដៃមានកាន់ពូថៅ ១ ផងដែរ។
លោកបានបន្តទៀតថា ពេលជនសង្ស័យ ឮសំឡេងជនរងគ្រោះជេរដៀមដាមដូច្នេះ ក៏យកពូថៅដែលកំពុងកាន់នៅក្នុងដៃស្រាប់នោះគប់សំដៅជនរងគ្រោះ។ ស្របពេលនោះជនសង្ស័យបានបញ្ចាំងភ្លើងពិលឃើញជនរងគ្រោះកំពុងលីកាំបិតផ្គាក់ក៏ស្ទុះចូលទៅដណ្តើមកាំបិតនោះហើយក៏មានការប្រវាយប្រតប់គ្នា។
បើតាមលោក លីដា នៅពេលប្រវាយប្រតប់គ្នានោះ ខាងជនសង្ស័យត្រូវរបួសក្បាល និងដៃ តែរបួសមុតស្រាលទេ ហើយពេលនោះជនសង្ស័យបានដណ្តើមកាំបិតពីជនរងគ្រោះបានក៏កាប់យកៗរហូតស្លាប់ទៅ។ ក្រោយពីកាប់ជនរងគ្រោះស្លាប់រួច គឺជនសង្ស័យបានយកកាំបិតនោះទៅលាក់ទុកក្នុងគំនរឈើដែលនៅជិតផ្ទះ។
លុះពេលលាក់កាំបិតរួច ជនសង្ស័យក៏បានឡើងលើផ្ទះយកភួយរួចចេញទៅដេកនៅក្នុងចម្ការដំណាំសាច់ញាតិរបស់គេនៅចម្ងាយពីផ្ទះប្រហែលជា ៤ ទៅ ៥ គីឡូម៉ែត្រ។
លោកឧត្តមសេនីយ៍បានបន្តប្រាប់តាមចម្លើយរបស់ជនសង្ស័យទៀតថា លុះដល់ព្រឹកឡើងថ្ងៃទី ១១ ឧសភា ជនសង្ស័យមិនទាន់ត្រឡប់មកផ្ទះវិញទេ រហូតដល់ម៉ោងជាង ២ រសៀលថ្ងៃ ទើបគេលួចដើរពីចម្ការមកចូលផ្ទះ ប៉ុន្តែដោយសារសមត្ថកិច្ចដាក់យាមចាំឃ្លាំមើលយ៉ាងប្រុងប្រយ័ត្ននោះក៏ព័ទ្ធចាប់ខ្លួនជនសង្ស័យបានតែម្តង៕