ព្រៃវែង: សមត្ថកិច្ច​អាវុធហត្ថ​ខេត្តព្រៃវែង​គ្រោង​បញ្ជូន​មនុស្ស​ប្រុស-ស្រី ៦ នាក់​ទៅ​សាលា​ដំបូង​ខេត្ត​បន្ទាប់​ពី​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ១៤ ខែ​មករា នៅ​ភូមិ​ព្រៃ​អាស្ទាំង ឃុំ​អង្គរ​រាជ្យ ស្រុកព្រះស្ដេច ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿង​ញៀន។​ នេះ​បើ​តាម​លោក ផាត់ សុជោត ប្រធាន​មន្ទីរ​យុត្តិធម៌​នៃ​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ព្រៃវែង។

លោក ផាត់ សុ​ជោ​ត បានបញ្ជាក់ថា មន្ត្រី​ជំនាញ​បាន​សាកសួរ​ជន​សង្ស័យ​ទាំង ៦ នាក់ រួច​រាល់​ហើយ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿង​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌ស ចំនួន ៥៤ កញ្ចប់​តូច ក្នុង​នោះ​មាន ១ កញ្ចប់​ធំ ហើយ​កំពុង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ព្រៃវែង​ដើម្បី​ចាត់​ការ​តាម​នីតិវិធី។

លោក​បន្តថា ក្រោម​បញ្ជា​ផ្ទាល់ លោក ឈួន គឹម​សាន មេបញ្ជាការ​កង​រាជ​អាវុ​ធហត្ថ​ខេត្ត​ព្រៃវែង កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​និង​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ព្រះស្តេច​ដឹកនាំ​ដោយរូប​លោក​ផ្ទាល់​បាន​ចុះ​អនុវត្ត​និង​បង្ក្រាប​បទ​ល្មើស​រក្សា​ទុក ជួញដូរ និង​ប្រើប្រាស់​គ្រឿង​ញៀន​នៅ​ចំណុច​ទីតាំង​ភូមិ​ឃុំ​ខាង​លើ។

លោក សុ​ជោ​ត បាន​បញ្ជាក់ថា៖ «យើង​សាកសួរ​ពួកគាត់​រួចហើយ ព្រោះ​យើង​ទើប​ឃាត់​ខ្លួន​ពួក​គាត់​យប់​ម្សិល​ម្ង៉ៃ ប៉ុន្ដែ​ឥឡូវ​នេះ យើង​កំពុង​កសាង​សំណុំ​រឿង ហើយ​យើង​គ្រោង​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​នេះ ឬ​ថ្ងៃស្អែក ព្រោះ​យើង​បញ្ជូន​នៅ​ថ្ងៃទី ១៥ នេះ​អត់​ទាន់​ទេ»។

តាម​របាយការណ៍​រប​ស់​មន្ទីរ​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្ត​ព្រៃវែង​បាន​បង្ហាញ​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា បន្ទាប់​ពី​មាន​សេចក្ដី​រាយការណ៍​ពី​ពលរដ្ឋ សមត្ថកិច្ច​ផ្នែក​កង​រាជ​អាវុធ​ហត្ថ បាន​ឃាត់​ខ្លួន​ជន​សង្ស័យ ៦ នាក់ ក្នុង​នោះ​ឈ្មោះ ជិន សុខុម ហៅ ទីទី ភេទ​ស្រី អាយុ ៣៥ ឆ្នាំ រស់​នៅ​ភូមិ​ព្រៃ​អាស្ទាំង ឃុំ​អង្គរ​រាជ្យ, ឈ្មោះ ម៉ៅ កុសល ភេទ​ប្រុស អាយុ ១៨ ឆ្នាំ​នៅ​ភូមិ​អំពិល ឃុំ​បន្ទាយ​ចក្រី, ឈ្មោះ ផន សុផាន់ ភេទ​ប្រុស អាយុ ១៧ ឆ្នាំ នៅ​ភូមិ​ស្វាយ​ចារ ឃុំ​អង្គរ​រាជ្យ, ឈ្មោះ ឆេម សំនោ ភេទ​ប្រុស អាយុ ១៧ ឆ្នាំ នៅ​ភូមិ​ស្វាយ​ក្ដៀប ឃុំ​ល្វា, ឈ្មោះ ភិន ខាវ ភេទ​ប្រុស អាយុ ១៧ ឆ្នាំ ភូមិ​ក្រសាំង​ទង ឃុំ​អង្គរ​រាជ្យ និង​ឈ្មោះ ខៃ ម៉ៅ ភេទ​ប្រុស អាយុ ២២ ឆ្នាំ​នៅ​ភូមិ​ព្រៃ​អាស្ទាំង ឃុំ​អង្គរ​រាជ្យ អ្នក​ទាំង ៦ នាក់ រស់​នៅ​ក្នុង​ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង​ជាមួយ​គ្នា។

របាយការណ៍​បង្ហាញ​ដែរ​ថា វត្ថុតាងដែល​សមត្ថកិច្ច​រឹបអូស​បានរួម​មាន៖ ម្សៅ​ក្រាម​ពណ៌​ស ៥៤ កញ្ចាប់ (ធំ ១ កញ្ចប់ តូច ៥៣ កញ្ចប់), ទូរស័ព្ទដៃ ៤ គ្រឿង, ជញ្ជីង​ថ្លឹង​ថ្នាំ ២ គ្រឿង, ឧបករណ៍​សម្រាប់​ជក់ ២ សម្រាប់, ថង់សម្រាប់​ច្រក​ថ្នាំ ១ ចំនួន,ដែក​កេះ ២០, សៀវភៅ​បញ្ជី ២ ក្បាល, កន្រៃ្ត ១ និង​ម៉ូតូ ១ គ្រឿង៕