កំពង់ធំៈ កម្មករស៊ីឈ្នួលឈូសឆាយដី ៣ នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនកាលពីម្សិលមិញ ខណៈដែលពួកគេកំពុងបញ្ជាគ្រឿងចក្រធ្វើការឈូសឆាយទន្រ្ទានយកដីព្រៃរដ្ឋចំនួន ៤៦ ហិកតាស្ថិតនៅក្នុងភូមិត្រពាំងកកោះ ឃុំបឹងល្វា ស្រុកសន្ទុកដែលស្ថិតនៅជាប់នឹងព្រៃឡង់ ខណៈដែលបទល្មើសព្រៃឈើនៅក្នុងតំបន់នោះក៏កំពុងតែកើតឡើងយ៉ាងពេញបន្ទុកផងដែរ។
លោក តឹប ញាតា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំបានឲ្យដឹងកាលពីម្សិលមិញថាមនុស្សបីនាក់ត្រូវបានចាប់ខ្លួន និងគ្រឿងចក្រ ចំនួន ២ គ្រឿងត្រូវបានរឹបអូស ខណៈដែលពួកគេកំពុងធ្វើការឈូសឆាយទន្ទ្រានដីរដ្ឋនៅតំបន់ត្រពាំងកកោះដោយខុសច្បាប់។
លោកនិយាយថា៖ «ពួកគេជាអ្នកស៊ីឈ្នួលគេ យើងនឹងស្រាវជ្រាវបន្តរកមេខ្លោងដែលបានឈូសឆាយ និងដុតហ៊ុមព័ទ្ធព្រៃឈើដោយខុសច្បាប់»។ ជនសង្ស័យទាំងបីនាក់មានឈ្មោះ យ៉ាត ពិសី, សែម រុំ និង ឃិន សុភ័ក្រ្ត ខណៈដែលពួកគេកំពុងឈូសឆាយដី។
បើតាមរបាយការណ៍របស់ក្រសួងកសិកម្មចេញកាលពីម្សិលមិញបានឲ្យដឹងថាត្រាក់ទ័រ ១ គ្រឿងត្រូវចាប់បាននៅចំណុច UTM (៥៧៥៦៨៥-១៤០០១២០) ឃាត់មនុស្សបានចំនួន ២ នាក់ដោយផ្ទៃដីដែលរងការកាប់រានដុតឈូសឆាយហ៊ុមព័ទ្ធធ្វើជាកម្មសិទ្ធិទំហំ ៣០,៦៤០ ហិកតា។ ត្រាក់ទ័រ ១ គ្រឿងទៀតបានចាប់នៅចំណុច UTM (៥៧៤៥៧២-១៤០១២១៩) និងឃាត់ខ្លួនមនុស្សម្នាក់ដោយដីព្រៃរងការកាប់រានចំនួន ៦,៨៣ អា។
បច្ចុប្បន្នវត្ថុតាង និងមនុស្សត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែករដ្ឋបាល ព្រៃឈើកំពង់ថ្មដើម្បីចងក្រងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។
លោក លេង សេងប៊ុនធឿន ជាសកម្មជនការពារព្រៃឡង់បានឲ្យដឹងថាដីព្រៃនៅតំបន់ត្រពាំងកកោះគឺជាប់នឹងតំបន់ព្រៃឡង់ដែលនៅពេលនេះកំពុងទទួលរងនូវការកាប់យកឈើ និងការកាប់រានយកដី។
លោកនិយាយថា៖ «ដីព្រៃនៅតំបន់ត្រពាំងកកោះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈឺ។ ភាគច្រើនបទល្មើសគឺកាប់ព្រៃឈើកើតឡើងច្រើនជាងការទន្រ្ទានយកដី»។
កាលពីខែធ្នូឆ្នាំ ២០១៦ អាជ្ញាធរខេត្តកំពតក៏បានព្រមានពលរដ្ឋចំនួន ១០០ គ្រួសារដែលបានចូលទៅកាប់ទន្រ្ទានយកដីព្រៃរដ្ឋធ្វើជាកម្មសិទិ្ធស្ថិតនៅឧទ្យានជាតិបូកគោផងដែរហើយរហូតមកដល់ពេលនេះ ប្រជាពលរដ្ឋហាក់បីដូចជាមិនហ៊ានទៅកាប់រាន ឬកាន់កាប់ដីព្រៃនៅតំបន់នោះទៀតទេ៕