កំពង់​ចាមៈ បន្ទាប់​ពី​ធ្វើ​ការ​ស្រាវជ្រាវ​ អស់​រយៈពេល ​៣ ថ្ងៃ ក្រុម​មន្ត្រី​ជំនាញ​ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម និង​មន្ត្រី​ជំនាញ​មក​ពី​អង្គភាព​ការពារ​កុមារ​បាន​ចាប់​ឃាត់​ខ្លួន​បុរស​ម្នាក់ យក​ទៅ​សាកសួរ​ជុំវិញ​ករណី​ឃាតកម្ម​សម្លាប់​ដោយ​កាត់​ក្បាល ស្ដ្រី​និង​ចៅ​ស្រី​នៅ​ភូមិ-ឃុំ​ថ្មពូន​ ស្រុក​ព្រៃឈរ កាល​​ពី​ថ្ងៃ​ទី ​៣ ខែ ​មេសា ឆ្នាំ ២០១៩​។

លោក ហេង វុទ្ធី​ ស្នងការរង​ខេត្ត​កំពង់ចាម​ទទួល​បន្ទុក​ផ្នែក​​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា បុរស​ដែល​ត្រូវ​បាន​ចាប់​ឃាត់​ខ្លួន​ជុំវិញ​អំពើ​ឃាតកម្ម​ខាង​លើ​នេះ​​ឈ្មោះ ​ស៊ឹម​ ខេង ​អាយុ​ ៥៥ ​ឆ្នាំ ជា​ប្រជាពលរដ្ឋ​ នៅ​ភូមិ​ត្រពាំង​បឹង ឃុំ​ថ្មពូន និង​មាន​ព្រំ​​ចម្ការ​ជាប់​គ្នា​ជាមួយ​ជន​រងគ្រោះ។

លោក ​វុទ្ធី បញ្ជាក់​ថា៖ «ថ្វី​បើ​ចម្លើយ​មួយ​ចំនួន វា​មាន​ភាព​ស៊ី​ចង្វាក់​គ្នា​ទៅ​នឹង​​អង្គហេតុ​ដែល​អាច​ឲ្យ​យើង​ដាក់​បន្ទុក​លើ​ជន​សង្ស័យ​ខាង​លើ​នេះ​បាន​ ប៉ុន្តែ​យើង​ចាំបាច់​ត្រូវ​ធ្វើ​ការ​ស្រាវជ្រាវ​បន្ត​ឲ្យ​បាន​ច្បាស់លាស់​ ព្រោះ​ជន​សង្ស័យ​បាន​បដិសេធ​អំពី​ការ​សម្លាប់​ជន​រងគ្រោះ ខណៈ​ក្បាល​​ជន​រង​គ្រោះ​ទាំង ២ រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​រក​ឃើញ​នៅ​ឡើយ​»​។

កាល​ពី​រសៀល​ថ្ងៃ​ទី ៣ ខែ​មេសា ​ឆ្នាំ ២០១៩ មាន​ករណី​ឃាតកម្ម​ដ៏​រន្ធត់​មួយ​​កើត​ឡើង​ ដោយ​ជន​រងគ្រោះ​ជា​ស្ត្រី​​​ឈ្មោះ​ ពូ អូន អាយុ ​៦៥ ឆ្នាំ និង​ចៅ​ស្រី​របស់​គាត់​ឈ្មោះ ខេង សាវឿន អាយុ ​៦ ​ឆ្នាំ ត្រូវ​បាន​ឃាតករ​មិន​ស្គាល់​អត្តសញ្ញាណ សម្លាប់​ដោយ​កាត់​ក្បាល​ទាំង ២ នាក់ ​នៅ​ក្នុង​ព្រៃ​ ១ ​កន្លែង ដែល​​មាន​ចម្ងាយ​ប្រមាណ​ ៣៥០ ​ម៉ែត្រ​នៅ​ភាគ​ខាង​ត្បូង​ផ្ទះ​ជន​រងគ្រោះ នៅ​ភូមិ-ឃុំ​ថ្មពូន​។

លោក លឹម ឡុង នាយ​ប៉ុស្តិ៍​ឃុំ​ថ្មពូន ថ្លែង​​ថា នៅ​រសៀល​ថ្ងៃ​កើតហេតុ​ក្រោយ​ពី​រក​ឃើញ​​សព​ជន​រងគ្រោះ​ទាំង​ ២ ​នោះ​សមត្ថកិច្ច​បាន​រក​ឃើញ​ក្រមា ​១ ​ប្រឡាក់​ពេញ​ដោយ​ឈាម​នៅ​ជាប់​ព្រំ​ចម្ការ​ចេក​របស់​ជន​សង្ស័យ​ឈ្មោះ​ ស៊ឹម ខេង ដែល​មាន​ព្រំ​ប្រទល់​ក្បែរ​គ្នា​នឹង​ចម្ការ​ស្វាយ​ចន្ទី​របស់​ជន​រងគ្រោះ​។

លោក ឡុង ថា នៅ​ល្ងាច​ថ្ងៃ​នោះ​ក្រុម​មន្ត្រី​នគរបាល​ជំនាញ​មក​ពី​ថ្នាក់​ខេត្ត​រួម​សហការ​ជា​​មួយ​មន្ត្រី​ជំនាញ​មក​ពី​អង្គភាព​ការពារ​កុមារ (Child Protection Unite) បាន​ចុះ​ស្រាវជ្រាវ​ និង​សាកសួរ​ក្នុង​ជំហាន​បឋម ហើយ​បាន​រក​​ឃើញ​ថា ក្រមា​ដែល​ប្រឡាក់​​ឈាម​នោះ ជា​របស់ ស៊ឹម ខេង។ លោក​បន្ត​ថា៖ ​«​នៅ​ល្ងាច​ថ្ងៃ​នោះ លោក ស៊ឹម ខេង និង​ប្រពន្ធ​កូន​របស់​គាត់​បាន​ទទួល​​​ស្គាល់​ថា ក្រមា​ដែល​ប្រឡាក់​​ដោយ​ឈាម​នោះ​ ជា​របស់​គាត់ ប៉ុន្តែ​គាត់​​បាន​បដិសេធ​ថា គាត់​មិន​បាន​សម្លាប់​ជន​រងគ្រោះ​ទាំង ​២ នោះ​ទេ​។ យ៉ាង​ណា​ក៏​ដោយ​គាត់ ​គឺ​ជា​ជន​ដែល​ជាប់​សង្ស័យ​ជាង​គេ​ក្នុង​អំពើ​ឃាតកម្ម​នេះ​»។

បើ​តាម​លោក ​ឡុង ក្នុង​រយៈពេល ​៣ ​ថ្ងៃ​កន្លង​មក ​រូប​លោក​ ​និង​មន្ត្រី​នគរបាល​ រួម​ទាំង​ប្រជា​ការពារ​ទាំង​អស់​​នៅ​ក្នុង​ឃុំ​ថ្មពូន និង​ក្រុម​គ្រួសារ​សាច់​ញាតិ​ជន​រងគ្រោះ​បាន​នាំ​គ្នា​រុករក​នៅ​តាម​គុម្ព​ចេក គុម្ព​ឫស្សី​ ចម្ការ​ស្វាយ​ចន្ទី ​គំនរ​អុស ស្រះ​ទឹក អណ្ដូង​ទឹក ប៉ុន្តែ​នៅ​មិន​​ឃើញ​ក្បាល​របស់​សព​ជន​រងគ្រោះ​យាយ ​និង​ចៅ​ទាំង ​២ នោះ​ទេ។

លោក សួន វិច អាយុ​ ៣៤ ឆ្នាំ ជា​ឪពុក​​កុមារី​រងគ្រោះ និង​ជា​កូន​ប្រសា​ស្ត្រី​រងគ្រោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កាល​​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ឈ្មោះ​ ស៊ឹម ខេង ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់​ឃាត់​ខ្លួន​យក​​ទៅ​សាកសួរ​ ​បន្ទាប់​ពី​គាត់​និង​ប្រពន្ធ​កូន​គាត់​ទទួល​ស្គាល់​ថា ​ក្រមា​ដែល​​ប្រឡាក់​ដោយ​ឈាម​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​នោះ​ជា​របស់​គាត់។

លោក ​វិច ​និយាយ​ថា៖ ​«មក​ទល់​ពេល​នេះ ខ្ញុំ​មិន​ទាន់​ដឹង​ច្បាស់​ថា​ គាត់​[ខេង] ជា​ឃាតករ​​សម្លាប់​ម្ដាយ​ក្មេក​ និង​កូន​ស្រី​ខ្ញុំ​ឬ​​មួយ​យ៉ាង​​ណា​ទេ ព្រោះ​ថា គាត់​បាន​បដិសេធ​ថា មិន​បាន​សម្លាប់​ទេ​»​។

បើតាម​លោក ​វិច ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​ឃាតកម្ម​នេះ​អាច​នឹង​មាន​គ្នា ២ នាក់ ព្រោះ​តាម​ចម្លើយ​របស់ ​​​ឈ្មោះ ស៊ឹម ខេង មុន​ពេល​សមត្ថកិច្ច​នាំ​យក​ទៅ​សាកសួរ​បន្ត​នៅ​ស្នងការ​ខេត្ត​កំពង់ចាម បាន​ឆ្លើយ​ថា ក្រមា​នោះ ​ត្រូវ​បាន​បុរស​ម្នាក់​ឈ្មោះ​ ហុង ដែល​មាន​ខ្ទម​ចាំ​ចម្ការ​នៅ​ក្បែរ​នោះ​ខ្ចី​យក​ទៅ​ផ្លាស់​ងូត​ទឹក កាល​ពី​យប់​ថ្ងៃ​ទី ​២ ខែ មេសា ឆ្នាំ ២០១៩​។ លោក​ថា ​បុរស​ឈ្មោះ​ ហុង ​​​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ផង​ដែរ​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿង​ញៀន​។

យ៉ាង​ណា​ក្តី​ក្រុម​សមត្ថកិច្ច​ កំពុង​បន្ត​នីតិវិធី​ស្រាវជ្រាវ ក្នុង​ករណី​ឃាតកម្ម​នេះ​យ៉ាង​សកម្ម ដើម្បី​ស្វែងរក​ឃាតករ​ពិត មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​៕