The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ម្នាក់​ ករណី​អា​រក​សម្លាប់​ទារក​វ័យ​ ១១ ​ខែ




សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ម្នាក់​ ករណី​អា​រក​សម្លាប់​ទារក​វ័យ​ ១១ ​ខែ

Content image - Phnom Penh Post
ជនសង្ស័យ​ (​កណ្ដាល​) ​ពេល​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​យប់ ថ្ងៃទី​ ១៨ វិច្ឆិកា​។ រូបថត CPU

សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ម្នាក់​ ករណី​អា​រក​សម្លាប់​ទារក​វ័យ​ ១១ ​ខែ

កំពង់ចាមៈ សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់សៀម​បាន​ចាប់ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​អារក​សម្លាប់​​ទារក​វ័យ​ ១១ ​ខែ​ម្នាក់ ក្រោយពី​ជនសង្ស័យ​រូបនេះ ព្យាយាម​រត់គេចខ្លួន និង​តស៊ូ​ជាមួយ​សមត្ថកិច្ច​អស់​ពេល​ជាង​ ៣ ​ម៉ោង កាលពី​យប់​នៅ​ថ្ងៃ​ពុធ​នៅក្នុង​ភូមិ​ទួលរកា​ ឃុំ​រអាង ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ។

លោក ឯក វ៉ាន់ដន អធិការ​ស្រុក​កំពង់សៀម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពីម្សិលមិញ​ថា ជនសង្ស័យ​ក្នុង​អំពើ​ឃាតកម្ម​នេះ ឈ្មោះ​ ស្រ៊ីន បូនិន អាយុ​ ៣៤ ​ឆ្នាំ​ មាន​លំនៅ​ក្នុងភូមិ​កើតហេតុ​។ ​បុរស​រូបនេះ ត្រូវបាន​ចាប់ខ្លួន​នៅវេលា​ម៉ោង​ ៩:៣០ ​នាទី យប់​ថ្ងៃទី​ ១៨ ខែ វិច្ឆិកា ឆ្នាំ​ ២០២០ ក្រោយ​ធ្វើ​សកម្មភាព​អារក​សម្លាប់​ទារក​អាយុ​ ១១ ​ខែ​ម្នាក់ ឈ្មោះ ប៊ុនថុន សុខចំរើន ត្រូវជា​ក្មួយប្រុស​ចិញ្ចឹម​របស់ខ្លួន​ដែល​កំពុង​រស់នៅក្នុង​ផ្ទះ​ជាមួយ​គ្នា​។

បើតាម​លោក វ៉ាន់ដន ក្នុងអំឡុងពេល​កម្លាំង​សមត្ថកិច្ច​ចម្រុះ​រួមទាំង​ប្រជាការពារ​ភូមិ​សរុប​ជាង​ ២០ ​នាក់​ឡោមព័ទ្ធ ជនសង្ស័យ​បាន​ព្យាយាម​តស៊ូ​អស់​ពេល​ជាង​ ៣ ​ម៉ោង ​ដោយ​ប្រើ​កាំបិតផ្គាក់​កាប់​មកលើ​សមត្ថកិច្ច​បណ្ដាល​ឱ្យ​ប្រជាការពារ​ភូមិ​ម្នាក់​ឈ្មោះ ស្រ៊ីន ណៃហ៊ត់ អាយុ​ ៣៥ ​ឆ្នាំ​រងបួស​ស្រាល​។

លោក​បាន​ថ្លែងថា​៖ «​នៅពេល​សាកសួរ​ចម្លើយ​ក្រោយ​ចាប់ខ្លួន​បាន​ជនសង្ស័យ​បាន​សារភាព​ថា ពិតជា​បាន​អារក​សម្លាប់​ទារក ដែល​ជា​ក្មួយ​ចិញ្ចឹម​នោះ​មែន​ដោយសារ​តែ​ខឹង​នឹង​បងថ្លៃ​ប្រុស​ស្ដីបន្ទោស​ខ្លាំងពេក​»​។

ប្រជាពលរដ្ឋ​ក្នុងភូមិ​ទួលរកា បាន​ចាត់ទុក​អំពើ​ឃាតកម្ម​លើ​ទារក​ដែល​មិន​​ទាន់​ដឹងក្ដី​នេះ​ថា​ជា​អំពើ​ «​ឃោរឃៅ​ព្រៃផ្សៃ​បំផុត​» និង​ទាមទារ​ឱ្យ​សមត្ថកិច្ច​ផ្ដន្ទាទោស​ឱ្យ​ធ្ងន់ធ្ងរ​បំផុត​ទៅលើ​ជនសង្ស័យ​ជា​ឃាតករ​នេះ​។

អ្នកស្រី នូវ ចិន្តា ដែលជា​អ្នកជិតខាង​គ្រួសារ​ទារក​រងគ្រោះ​បាន​និយាយថា​​ជនសង្ស័យ​កន្លងមក​ធ្លាប់ប្រើ​សារធាតុញៀន និង​ចូលចិត្ត​ដើរលេង​ល្បែងភ្នាល់ ដូចជា បញ្ជល់មាន់​ជាដើម​។ អ្នកស្រី​បាន​បន្តថា មុនពេល​កើតហេតុ ជនសង្ស័យ​ត្រូវបាន​ក្រុមគ្រួសារ​ស្ដីបន្ទោស​រឿង​មិន​ជួយ​ធ្វើ​ការងារ​ស្រែចម្ការ ហើយ​គិតតែ​ពី​ដើរ​ផឹក និង​លេងល្បែង​ពាលា​។

អ្នកស្រី​បានបញ្ជាក់​ថា​៖ «​ទំនង​ជា​ជនសង្ស័យ​ស្រវឹងស្រា​ខ្លាំង ឬ​ញៀន​ថ្នាំ​ខ្លាំងពេក​មិន​អាច​គ្រប់គ្រង​ស្មារតី​បាន​ទើប​ឈានដល់​ប្រើ​អំពើ​ឃោរឃៅ​អារក​សម្លាប់​ក្មួយប្រុស​ចិញ្ចឹម​របស់ខ្លួន​បែបនេះ​»​។

ប៉ុន្តែ​បើតាម​អះអាង​របស់​លោក វ៉ាន់ដន ការធ្វើ​កោសល្យវិច័យ​ទឹកនោម​របស់​ជនសង្ស័យ គឺ​រក​មិនឃើញ​មាន​​សារធាតុ​ញៀន​នោះ​ទេ ។

លោក វ៉ាន់ដន បាន​បញ្ជាក់ថា​៖ «​យើង​បាន​យក​សំណាក​ទឹកនោម​ជនសង្ស័យ​ទៅធ្វើ​កោសល្យវិច័យ ដើម្បី​រកសារ​ធាតុ​ញៀន តែ​លទ្ធផល​គឺ​អវិជ្ជមាន​។ ទោះយ៉ាងណា វា​ជា​បទឧក្រិដ្ឋ​ដ៏គួរឱ្យ​រន្ធត់​មួយ ដែល​ជនសង្ស័យ​បាន​ប្រព្រឹត្ត​ទៅលើ​ទារក​ដែល​គ្មាន​ទីពឹង និង​គ្មាន​ទោសពៃរ៍​»​។

លោក​បាន​ថ្លែងថា តាម​ការសាកសួរ​គឺ​ទារក​នោះ​ត្រូវបាន​គេបោះបង់​ចោល​នៅ​ជិត​មន្ទីរពេទ្យ​មួយ​ក្នុង​ខេត្ត​កំពង់ចាម ហើយ​ត្រូវបាន​បងស្រី និង​បងថ្លៃ​ជនសង្ស័យ​​ប្រទះឃើញ និង​រើស​យក​មក​ចិញ្ចឹម​ទុក​ដូច​កូនបង្កើត ដែល​គិត​មកទល់​ថ្ងៃ​កើតហេតុ ទារក​មាន​អាយុ​ ១១ ​ខែ​។

បើ​តាម​លោក វ៉ាន់ដន ជនសង្ស័យ​នឹងត្រូវ​មន្ត្រី​ជំនាញ​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម​កសាង​សំណុំរឿង​ចោទប្រកាន់​ពី​បទ​ «​មនុស្ស​ឃាត​ដោយ​ចេតនា និង​បទ​ប្រឆាំង​មន្ត្រីរាជការ​សារធាណៈ​» ​និង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទគួរចាប់អារម្មណ៍