ភ្នំពេញ៖ បុរស ២ នាក់ ដែល​កម្លាំង​អាវុធហត្ថ​ខណ្ឌ​មានជ័យ​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃទី ៤ ឧសភា ពាក់ព័ន្ធ​រក​ស៊ី​ថត​ចម្លង​សន្លឹក​ប័ណ្ណ​ចាក់​វ៉ាក់ស៊ាំង​របស់​កង​យុទ្ធពលខេរភូមិន្ទ​លក់​ឱ្យ​ពលរដ្ឋ​ត្រូវ​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌ​មានជ័យ​អប់រំ និង​ឱ្យ​ធ្វើ​កិច្ច​សន្យា បន្ទាប់​ឃាត់​ខ្លួន​បាន​ប៉ុន្មាន​ម៉ោង។

លោក ហែម ឫទ្ធី មេ​បញ្ជាការ​កងរាជ​អាវុធហត្ថ​ខណ្ឌ​មានជ័យ​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​រសៀល​ថ្ងៃទី ៥ ឧសភា​ថា​ បុរស​ទាំង ២ នាក់ ឈ្មោះ ស៊ុន ចាន់ថា អាយុ ៣៨ ឆ្នាំ រស់នៅ​សង្កាត់​ស្ទឹងមានជ័យ​ ១ និង​ឈ្មោះ ចាយ វ៉ារិន រស់នៅ​សង្កាត់​ស្ទឹងមានជ័យ ៣ ក្នុង​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

លោក​ថ្លែង​ប្រាប់​ថា៖ «ពួក​គាត់​យើង​បាន​ដោះលែង​វិញ​ហើយ។ យើង​ឱ្យ​ពួក​គាត់​ធ្វើ​កិច្ចសន្យា ហើយ​អប់រំ​គាត់។ ពួក​គាត់​សារភាព​ថា ធ្វើ​បែប​នេះ​មិន​ដឹង​ថា ខុស​ច្បាប់​ទេ»។ លោក​បញ្ជាក់​ប្រាប់​ថា ពួក​គាត់​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា សន្លឹក​ប័ណ្ណ​ដែល​ថត​ចម្លង​នោះ ក្នុង ១ សន្លឹក​ប័ណ្ណ​មាន​តម្លៃ​ពី ១ ពាន់​រៀល ទៅ ២ ពាន់រៀល ហើយ​ក្នុង ១ ច្បាប់​មាន ២ សន្លឹក។ ប័ណ្ណ​នេះ គឺ​ប្រើ​សម្រាប់​យក​ទៅ​បង្ហាញ​គ្រូពេទ្យ​នៅ​មណ្ឌល​ចាក់​វ៉ាក់សាំង ព្រោះ​បើ​គ្មាន​ប័ណ្ណ​បង្ហាញ​គ្រូពេទ្យ គឺ​គ្រូពេទ្យ​មិន​ចាក់​ឱ្យ​ទេ។

លោក​បន្ត​ថា មុន​ឃាត់​ខ្លួន​បុរស​ទាំង ២ នាក់​នោះ មាន​បុរស ២ នាក់ និង​ស្រ្តី​ម្នាក់​បាន​កាន់​សន្លឹក​ប័ណ្ណ​នេះ​ទៅ​បង្ហាញ​ដល់​គ្រូពេទ្យ​ចាក់​វ៉ាក់សាំង​នៅ​សាលា​បឋមសិក្សា​ស្ទឹងមានជ័យ វេលា​ម៉ោង​ជាង ១០ ព្រឹក ថ្ងៃទី ៤ ឧសភា។ ពេល​នោះ គ្រូពេទ្យ​បាន​ពិនិត្យ​មើល​ប័ណ្ណ​ចាក់​វ៉ាក់សាំង​នោះ​ឃើញ​ថា ក្លែងក្លាយ​ ក៏​ប្តឹង​សមត្ថកិច្ច​អាវុធហត្ថ​រហូត​ស្រាវជ្រាវ​ឃាត់​ខ្លួន​ពួក​គេ​នៅ​ថ្ងៃទី ៤ ឧសភា​តែ​ម្តង។

លោក​ប្រាប់​ថា ករណី​នេះ លោក​ក៏​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ដែល​មាន​បំណង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ គឺ​ពលរដ្ឋ​ត្រូវ​ទៅ​ស្នើ​សុំ​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ពី​លោក​ប្រធាន​ភូមិ​នៅ​តាម​តំបន់​រស់នៅ​នីមួយៗ​របស់​បងប្អូន។ ព្រោះ​ប័ណ្ណ​នោះ​ គឺ​ជា​ប័ណ្ណ​ត្រឹមត្រូវ​ទៅ​តាម​ផ្លូវ​ច្បាប់ បើ​ក្រៅ​ពី​នោះ គឺ​ពុំមែន​ជា​ប័ណ្ណ​ត្រឹមត្រូវ​ឡើយ ៕