ខេត្តរតនគិរីៈ ​មនុស្ស​ ៦ នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​បញ្ជូន​ទៅ​សាលាដំ​បូង​ខេត្ត​ រតន​គិរី​ ដើម្បី​សាក​សួរ​ក្នុង​សំណុំ​រឿង​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​រក្សាទុក​គ្រឿង​ញៀន និង​ឈើ​ធ្នង់​ដោយ​ខុស​ច្បាប់​។​

​លោក​ ​លាង​ អ៊ូ​ ​ព្រះ​រាជ​អាជ្ញា​សាលា​ដំ​បូង​ខេត្ត​ បាន​ឲ្យ​ដឹង​ថា ​កម្លាំង​នគរបាល​ខេត្ត​រតនគិរី​ បាន​ឃាត់​ខ្លួ​ន​បុរស​ ១ ​នាក់​ នៅ​ថ្ងៃទី​ ២៩ ​ខែ​វិច្ឆិកា ​នៅ​សង្កាត់​ ឡា​បាន​សៀក ​ក្រុង​បាន​លុង ​ក្រោយ​ពី​ជន​សង្ស័យ​បាន​សារភាព​ ទើប​សមត្ថ​កិច្ច​បន្ត​ការ​ស៊ើប​អង្កេត​ចាប់​ខ្លួន​មនុស្ស​ ៥ នាក់​ផ្សេង​ទៀត​ជា​បន្ត​បន្ទាប់​។​

​លោក​ ​ព្រះ​រាជ​អាជ្ញា​ថ្លែង​ថា៖​ «​រហូត​មក​ដល់​ពេល​នេះ ​ជន​សង្ស័យ​ទាំង​អស់​កំ​ពុង​ស្ថិ​ត​នៅ​ក្នុង​ដំ​ណាក់​ការ​ស៊ើប​សួរ​ មិន​ទាន់​មាន​ការ​ចោទ​ប្រ​កាន់​យ៉ាង​ណា​នោះ​ទេ​»​។​

​លោក​ ​អ៊ូ ​បញ្ជាក់​ថា​ អង្គ​ហេតុ​ក្នុង​សំ​ណុំ​រឿង​នៃ​ការ​ចាប់​ខ្លួន​​នេះ​មាន​ភាព​ប្រទាក់​ក្រឡា​គ្នា ​តាម​បណ្ដាញ​ចែក​ចាយ​គ្រឿង​ញៀន​របស់​ជន​សង្ស័យ​ តាម​បណ្ដាញ​នេះ​​សមត្ថ​កិច្ច​ រឹ​ប​អូស​គ្រឿង​ញៀន​ប្រ​ភេទ​មេ​តំ​ហ្វេ​តា​មីន​អាយ​ចំនួន​ ៦៦,៧២​ ក្រាម និង​​ ឈើ​ប្រណិត​ប្រភេទ​ធ្នង់​ចំនួន​ជាង​ ២​គូប។​ វត្ថុ​តាង​ក្រៅ​ពី​គ្រឿង​ញៀន​ ម៉ូតូ​ម៉ាក ​ZOOMER ​មួយ​គ្រឿង​និ​ង ​ទូរ​ស័ព្ទ​ដៃ​មួយ​គ្រឿង​។​

​​លោក​ ​នាង​ ​បូ​ណា ​នាយ​ការិយា​ល័យ​ ​ប្រឆាំង​គ្រឿង​ញៀន​ នៃ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​រតន​គិរី​ ​បាន​ឲ្យ​ដឹង​ថា ​តាម​ការ​ចង្អុល​ប​ង្ហាញ​ពី​ព្រះរាជ​អាជ្ញា ​កម្លាំង​អា​វុ​ត្ធ​ហត្ថ​ក៏​បាន​តាម​ដាន​មុខ​សញ្ញា​រហូត​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន ​នៅក្នុ​ង​ផ្ទះ​សំណាក់​មួយ​នៅ​ក្រុង​បាន​លុង​៕ ​