ភ្នំពេញៈ យ៉ាង​ហោច​ណាស់​មនុស្ស​​ចំនួន ៨ ​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ និង​អាវុធ​ចំនួន​ ២៨​ ដើម​ត្រូវ​បាន​​រឹបអូស​នៅក្នុង​ការ​​បង្ក្រាប​ក្រុម​ប្រដាប់​អាវុធ​អនាធិបតេយ្យ​នៅក្នុង​រាជធានី​ភ្នំពេញ និង​នៅ​ខេត្ត​ចំនួន​ ២ ​ផ្សេង​ទៀត ខណៈ​ដែល​​សមត្ថកិច្ច​នៅ​តែ​កំពុង​បន្ត​ធ្វើការ​ស៊ើបអង្កេត​ដើម្បី​ស្វែងរក​មេខ្លោង និង​​អ្នក​ជាប់​ពាក់ព័ន្ធ​ផ្សេង​ទៀត​នៅ​ក្នុង​រឿង​នេះ។​ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ និង​មន្ត្រី​នគរបាល​មូលដ្ឋាន​។

លោក ប៉ិន ថារ៉ាន់ នាយ​ប៉ុស្ដិ៍​សង្កាត់​ពន្សាំង​ក្នុង​ខណ្ឌ​ព្រែកព្នៅ​ដែល​បាន​សហការ​ចុះ​ស្រាវជ្រាវ​ដល់​ទីតាំង​កើត​ហេតុ​កាលពី​ថ្ងៃទី​ ២៦ ខែ​កញ្ញា​ជាមួយ​សមត្ថកិច្ច​ជំនាញ​ពី​​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ លើ​ករណី​លាក់​ទុក​អាវុធ​​ខុស​ច្បាប់​នេះ​បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្ដិ៍​ កាលពី​ម្សិលមិញ​ថា ​ការចុះ​បង្ក្រាប​​​នេះ​បាន​ស្រាវជ្រាវ​រកឃើញ​អាវុធ​ប្រភេទ អាកា​ស្វាយបត់​ចំនួន ​២៥​ ដើម​ហើយ​​ករណី​នេះ​ត្រូវ​បាន​ស្នងការ​រាជធានី​ភ្នំពេញ​ជា​អ្នក​ដោះស្រាយ​ផ្ទាល់​។

លោក​បន្ដ​ថា​៖ ​«អ្នក​លាក់​ទុក​អាវុធ​នេះ​ជា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​នេះ​តែ​ម្ដង​ហើយ​បាន​យក​ទៅ​លាក់​ទុក​ក្នុង​ផ្ទះ​របស់​គាត់​ ដោយ​កប់​ទុក​ក្នុង​ដី​មាន​ចម្ងាយ​ប្រមាណ​ ៤ ម៉ែត្រ​នៅ​ក្រោយ​ផ្ទះ​»​​។

បើ​តាម​លោក ថារ៉ាន់ ការចុះ​បង្ក្រាប​ករណី​លាក់ទុក​អាវុធ​ខុស​ច្បាប់​​នេះ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ជា​អ្នក​ស្រាវជ្រាវ​ដឹង​ហើយ​បាន​សហការ​ជាមួយ​មន្ដ្រី​មូលដ្ឋាន​ចុះ​បង្ក្រាប​តែ​ម្ដង​។

លោក ថារ៉ាន់ បាន​ឲ្យ​ដឹង​ទៀត​​ថា​ការ​ស្រាវជ្រាវ​រកឃើញ​អាវុធ​ដែល​កប់​លាក់ទុក​ក្នុង​ដី​នេះ​​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ឈ្មោះ​ វ៉ន ឡេង ជា​ម្ចាស់​ផ្ទះ និង​ជា​អ្នក​កប់​លាក់​ទុក​អាវុធ​ក្នុង​ដី​ទាំង ២៥​ ដើម។ លោក​បាន​បន្ដ​ថា​៖ «គាត់ (ជន​សង្ស័យ​) ​ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សង្កាត់​ពន្សាំង​នេះ​តែ​ម្ដង គាត់​មិនមែន​ជា​មន្ដ្រី​អី​ទេ​។ គាត់​ធ្លាប់​រៀន​ជំនាញ​ផ្នែក​អគ្គិសនី ហើយ​គាត់​មិន​ទាន់​មាន​ប្រពន្ធ​ទេ​»។

អាវុធ​អាកា​ស្វាយបត់​ដែល​ជន​សង្ស័យ​លាក់​ទុក​។ រូបថត ប៉ូលិស

គិត​រហូត​មក​ដល់​ថ្ងៃ​ម្សិលមិញ​សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​ការ​​លាក់​ទុក​អាវុធ​ខុស​ច្បាប់​នេះ សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឃាត់​ខ្លួន​មនុស្ស​ចំនួន ៨ នាក់ ហើយ​និង​រឹប​អូស​បាន​​កាំភ្លើង​ចំនួន ២៨ ​ដើម​ដែល​មាន​បណ្តាញ​ពាក់ព័ន្ធ​នៅ​ក្នុង​រាជធានី និង​ខេត្ត​ចំនួន ៣ ​ក្នុង​នោះ​មាន​​រាជធានី​ភ្នំពេញ​ខេត្ដ​កំពត​ និង​ពោធិ៍សាត់​ដែល​បាន​​ចាប់ផ្តើម​ប្រតិបត្តិការ​ចាប់​តាំងពី​ថ្ងៃទី​ ២៨ ខែ​កញ្ញា​​មក​។ នេះ​បើ​យោង​តាម​របាយការណ៍​សំយោគ​ស្តីពី​លទ្ធផល​បង្ក្រាប​ក្រុម​ប្រដាប់អាវុធ​អនាធិបតេយ្យ​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ចុះ​ថ្ងៃទី ២៨ ខែ​កញ្ញា ឆ្នាំ ២០១៨។

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​​​ថា​អាវុធ​ដែល​ដកហូត​បាន​គឺជា​ប្រភេទ​កាំភ្លើង​អាកា​ស្វាយបត់​ចំនួន​ ២៨ ដើម​ដែល​អាវុធ​ទាំង​នេះ​ត្រូវ​បាន​​​ជន​សង្ស័យ​កប់​លាក់ទុក​នៅ​ក្នុង​ដី​ស្ថិត​នៅ​សង្កាត់​ពន្សាំង ខណ្ឌ​ព្រែកព្នៅ ​រាជធានី​ភ្នំពេញ​ ចំនួន ២៥ ដើម​នៅ​ភូមិ​តេជោ​ក្បាលដំរី​ ខេត្ត​កំពត​ចំនួន​ ២ ​ដើម​​ និង​នៅ​ស្រុក​ក្រគរ ​ខេត្ត​ពោធិ៍សាត់​ចំនួន ១ ដើម​។

លោក អ៊ី សុខឃី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​លោក ស ថេត ស្នងការ​រាជធានី​មិន​អាច​ទាក់ទង​សុំ​អធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​ដោយ​ទូរស័ព្ទ​ចូល​ ប៉ុន្តែ​ពុំ​មាន​អ្នក​ទទួល​។

ចំណែក​លោក ឆាយ គឹមខឿន អគ្គស្នងការរង​នគរបាល​ជាតិ​ និង​ជា​អ្នក​នាំពាក្យ​បាន​បដិសេធ​ធ្វើ​អធិប្បាយ​ថា ​តើ​អាវុធ​ទាំង​នេះ​ជា​អាវុធ​ដែល​ត្រូវ​បាន​គេ​ជួញ​ដូរ ឬ​ក៏​ជា​អាវុធ​របស់​ក្រុម​ចលនា​បះបោរ​ណា​មួយ​នោះ​ទេ ដោយ​លោក​គ្រាន់​តែ​ថ្លែង​ថា នៅពេល​នេះ​សមត្ថកិច្ច​កំពុង​ធ្វើការ​មិន​ទាន់​អាច​បង្ហាញ​អ្វី​បាន​នៅ​ឡើយ​ទេ។

លោក​បញ្ជាក់​ថា៖ «​ករណី​នេះ​កំពុង​ស៊ើបអង្កេត​ អត់​ទាន់​ហ៊ាន​បញ្ជាក់​ទេ ​ព្រោះ​កំពុង​តែ​ស្រាវជ្រាវ​បង្ក្រាប​»៕