កំពង់ស្ពឺៈ ជន​ត្រូវ​ចោទ​ចំនួន​ ៤ ​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ស្ពឺ​ឃាត់ខ្លួន និង​បញ្ជូនទៅ​តុលាការ​កាលពី​ម្សិលមិញ​តាម​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ដ​កំពង់ស្ពឺ​ពាក់ព័ន្ធ​បទចោទ​ទន្ទ្រាន​យក​ដី​រដ្ឋ កាប់​ព្រៃឈើ បំផ្លិចបំផ្លាញ​បង្គោលព្រំ​ដីព្រៃ​សហគមន៍​ប្រព្រឹត្ត​នៅ​ភូមិ​ដូង ឃុំ​ជាំសង្កែ ស្រុក​ភ្នំស្រួច​។

លោក សម សាមួន ស្នងការ​នគរបាល​ខេត្ដ​កំពង់ស្ពឺ​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា ក្រោយ​កម្លាំង​នគរបាល​បាន​អនុវត្ត​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​ជន​ត្រូវ​ចោទ​ទាំង​ ៤ ​នាក់​ កាលពី​ថ្ងៃទី​ ២០ ខែកញ្ញា​ នោះ​រហូត​មក​ទល់​ពេលនេះ​សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​តុលាការ​រួចហើយ​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​បាន​បញ្ជូន​ទៅ​តុលាការ​នៅ​ព្រឹក​នេះ​ [​ថ្ងៃ​ចន្ទ​ម្សិលមិញ​] ​តាម​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​របស់​តុលាការ​ពាក់ព័ន្ធ​ករណី​ទន្ទ្រាន​យក​ដីរដ្ឋ កាប់​ព្រៃឈើ​បំផ្លិចបំផ្លាញ​បង្គោលព្រំ​ដីព្រៃ​សហគមន៍​»​។

លោក សម សាមួន បាន​ឱ្យ​ដឹងថា ជន​ត្រូវ​ចោទ ៤ ​នាក់​នោះ​រួមមាន ទី​១ ឈ្មោះ សៀង ណាក់ ភេទ​ប្រុស អាយុ ៤៣ ​ឆ្នាំ​។ ទី​២ ឈ្មោះ ម៉ាក់ ឯម ភេទ​ប្រុស អាយុ​ ៦៧ ​ឆ្នាំ​។ ទី​៣ ឈ្មោះ យួន ណម ភេទ ប្រុស អាយុ ៤១ ​ឆ្នាំ និង​ទី​៤ ​ឈ្មោះ សួន សុខុម ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ​។ ជន​ត្រូវចោទ​ទាំង​ ៤ ​នាក់​រស់នៅ​ភូមិ​ត្រពាំងពើក ឃុំ​កាត់ភ្លុក ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​។

យោងតាម​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​ដែល​ចេញ​ដោយ​លោក ងួន វុទ្ធី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ដ​កំពង់ស្ពឺ​បាន​ចោទប្រកាន់​អ្នក​ទាំង​ ៤ ​នាក់​ពី​បទ​ «​កាប់​រានព្រៃ​ហ៊ុមព័ទ្ធ កាន់កាប់​ដីព្រៃ​ឈើ ដក​បំផ្លាញ​បង្គោលព្រំ​ប្រទល់​ព្រៃឈើ និង​ដក​បំផ្លាញ​កូនឈើ​ដែល​បាន​ដាំ​ (​កូន​បេង​)» ប្រព្រឹត្ត​នៅ​ភូមិ​ដូង ឃុំ​ជាំសង្កែ ស្រុក​ភ្នំស្រួច ខេត្ដ​កំពង់ស្ពឺ​កាលពី​អំឡុង​ឆ្នាំ​ ១៩៨៨, ១៩៩៣, ១៩៩៧ និង​ឆ្នាំ​ ១៩៩៩​។

ចៅក្រម​ស៊ើបសួរ ងួន វុទ្ធី បាន​ចោទប្រកាន់​ជន​ត្រូវ​ចោទ​ក្នុង​បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​បញ្ញត្ដិ និង​ផ្ដន្ទាទោស​តាម​មាត្រា ៩៥ ចំណុច​ ៣, មាត្រា​ ៩៧ ចំណុច​ ៦ និង​មាត្រា​ ៩៥ ចំណុច​ ២ នៃ​ច្បាប់​ស្ដីពី​ព្រៃឈើ​។

លោកស្រី ចាត សូរស្មី អ្នក​នាំពាក្យ​សាលាដំបូង​ខេត្ដ​កំពង់ស្ពឺ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា​៖ «​កាលណា​ចៅក្រម​ស៊ើបសួរ​ចេញ​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​មាន​ន័យថា បាន​ចោទប្រកាន់​ជន​ត្រូវ​ចោទ​រួចហើយ​។

ដូច្នេះ​ការងារ​នេះ​គឺ​យោង​ទៅ​តាម​ដីកា​របស់​ចៅក្រម​»​។

លោក ងួន វុទ្ធី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ដ​កំពង់ស្ពឺ​មិន​អាច​ទាក់ទង​ដើម្បី​សុំ​ការបញ្ជាក់​បន្ថែម​បានទេ​។ ចំណែក​ទូរស័ព្ទ​លោក ឈុន សំបូរ ក្រឡាបញ្ជី​របស់​លោក ងួន វុទ្ធី មិន​មាន​អ្នកទទួល​ទេ​កាលពី​ម្សិលមិញ​។ ក៏ប៉ុន្ដែ​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​ខាងលើ​បាន​បញ្ជាក់ថា ជន​ត្រូវ​ចោទ​ទាំង​ ៤ ​នាក់​នេះ​ត្រូវ​បាន​តំណាង​អយ្យការ​ចោទប្រកាន់​ពីបទ​ «​កាប់រាន​ព្រៃ ហ៊ុមព័ទ្ធ​កាន់កាប់​ដីព្រៃ​ឈើ ដក​បំផ្លាញ​បង្គោល​ព្រំប្រទល់​ព្រៃឈើ និង​ដក​បំផ្លាញ​កូនឈើ​ដែល​បាន​ដាំ (​កូន​បេង​)»​។

លោក ជា ហ៊ាន ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ​ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ​ និង​ការពារ​សិទ្ធិ​ពលរដ្ឋ (ACNCIPO) ​ដែល​បាន​អង្កេត​លើ​ករណីនេះ​បាន​ឱ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ជន​ត្រូវ​ចោទ​ទាំង​ ៤ ​នាក់​នេះ​បាន​លួច​លក់​ដី​សហគមន៍ ដក​បង្គោល​ព្រំដី​សហគមន៍​នៅក្នុង​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​។

លោក​បាន​បញ្ជាក់ថា​៖ «​ពួកគាត់​ជា​ពលរដ្ឋ​សាមញ្ញ​ទេ ប៉ុន្ដែ​ពួកគាត់​បាន​ទន្ទ្រាន​យក​ដី​សហគមន៍​ទៅ​លក់​ឱ្យ​ឈ្មួញ​។ ​ករណី​នេះ​កើតឡើង​យូរហើយ តុលាការ​បាន​ចេញ​ដីកា​កោះហៅ​ឱ្យ​ជន​ត្រូវ​ចោទ​ទាំង​ ៤ ​នាក់​ចូលខ្លួន​មក​ឆ្លើយបំភ្លឺ​ជាច្រើន​លើក ប៉ុន្ដែ​ពួកគាត់​មិន​ព្រម​ចូលខ្លួន ទើប​ចៅក្រម​ចេញ​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​តែម្ដង​»​។

ជាមួយ​គ្នា​នេះ​លោក ជា ហ៊ាន បាន​ស្នើឱ្យ​តុលាការ​បន្ត​ស្រាវជ្រាវ និង​ផ្ដន្ទាទោស​ដល់​អ្នកពាក់ព័ន្ធ​នឹង​ករណីនេះ​ថែមទៀត គឺ​មិនត្រូវ​បញ្ចប់​ត្រឹម​ការឃាត់ខ្លួន​ជន​ប្រព្រឹត្តល្មើស​ប៉ុណ្ណេះ​ទេ​។

លោក​ថា​៖ «​បច្ចុប្បន្ន​ករណី​ទន្ទ្រាន​យក​ដី​សហគមន៍ ដី​រដ្ឋ​នេះ​មិនមែន​កើត​មាន​ឡើង​តែ​នៅក្នុង​តំបន់​ស្រុក​ភ្នំស្រួច ខេត្ដ​កំពង់ស្ពឺ​ទេ ប៉ុន្ដែ​នៅ​តំបន់​ដទៃៗ​ទៀត​ក៏​កំពុង​កើត​មាន​ឡើង​យ៉ាង​គំហុក​ផងដែរ​»៕