ស្ទឹងត្រែង/មណ្ឌលគិរីៈ អ្នកភូមិ​ចំនួន​ ៤ ​នាក់ គោយន្ត​ ៦ ​គ្រឿង និង​ឈើ​ជាង​ ១ ​ម៉ែត្រគុប ​ត្រូវបាន​មន្ត្រី​បរិស្ថាន និង​រដ្ឋបាល​ព្រៃឈើ​បង្ក្រាប​ចាប់​ក្នុង​អំឡុងពេល​នៃ​ការចុះ​ល្បាត​រយៈពេល​ ៣ ​ថ្ងៃ​ ក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ ព្រៃឡង់​ក្នុង​ភូមិសាស្ត្រ​ខេត្តស្ទឹងត្រែង និង​នៅ​សង្កាត់​សុខដុម ក្រុង​សែនមនោរម្យ ខេត្តមណ្ឌលគិរី​។

លោក នួន ពិសី អនុប្រធាន​ដែនជម្រក​សត្វព្រៃ ព្រៃឡង់ នៃ​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២១ ​ខែ​មីនា​ថា នៅ​ថ្ងៃ​ដំបូង​នៃប្រតិបត្តិការ​រយៈពេល​ ៣ ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​ ១៧ ​ដល់​ថ្ងៃទី​ ១៩ ខែ មីនា ឆ្នាំ​ ២០២១ ​នៃ​ការចុះ​ល្បាត​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ និង សត្វព្រៃ​ក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ ព្រៃឡង់ ក្រុមការងារ​របស់លោក​បាន​ឃាត់ខ្លួន​ពលរដ្ឋ​ ៤ ​នាក់​ ខណៈ​ពួកគេ​កំពុង​ព្យាយាម​បើក​គោយន្ត​ចំនួន​ ២ ​គ្រឿង ចូលទៅ​រក​កាប់​ឈើ​ក្នុង​ដែន​ជម្រកសត្វព្រៃ​ព្រៃឡង់​ក្នុងភូមិ​សាស្ត្រ​ស្រុក​ថា​ឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង​។

ពលរដ្ឋ​ដែល​ត្រូវបាន​ឃាត់ខ្លួន​ទាំង ​៤ ​នាក់​ មាន​លំនៅ​ក្នុងភូមិ​ក្រូច ឃុំ-ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ​ក្នុង​នោះ​មាន​ម្នាក់​ជា​ស្ត្រី ឈ្មោះ ហូន ជិន អាយុ​ ៥៣ ​ឆ្នាំ​។ ចំណែក​បុរស​ ៣ ​នាក់​ទៀត រួមមាន ឈិត វ៉េន អាយុ​ ៥៨ ​ឆ្នាំ​,​ ឈិត ហេង អាយុ​ ៦៩ ​ឆ្នាំ​,​ សាន ឡុល អាយុ​ ៣១ ​ឆ្នាំ​។

លោក​បញ្ជាក់ថា​៖ «​ដោយសារ​ពួកគាត់​នៅ​មិនទាន់​បាន​ប្រព្រឹត្ត​បទល្មើស​ក្រុមការងារ​យើង​ក៏បាន​ធ្វើការ​អប់រំ​ណែនាំ និង​តម្រូវ​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព បើក​គោយន្ត​លុក​ចូល ឬ​ឆ្លងកាត់​តាម​ក្នុងព្រៃ​នៃ​តំបន់​ដែនជម្រក ដោយ​គ្មាន​ការអនុញ្ញាត ហើយ​ពួកគាត់​ក៏បាន​យល់ព្រម និង​ត្រឡប់​ក្រោយ​វិញ​តាម​ការណែនាំ​របស់​មន្ត្រី​យើង​»​។

បើតាម​លោក​ ពិសី នៅ​ថ្ងៃទី​ ១៨ ​មីនា​ក្រុមការងារ​របស់​លោក​បាន​ប្រទះឃើញ​គោយន្ត​ចំនួន​ ៤ ​គ្រឿង​ផ្សេងទៀត​ ដែល​ត្រូវ​បាន​គេ​ចត​ទុកចោល​នៅក្នុង​ព្រៃ ក្នុង​ចំណុច​ភូមិសាស្ត្រ​អូរ​ត្នោត​ដែលជា​ព្រំប្រទល់​នៃ​ស្រុក​ថា​ឡាបរិវ៉ាត់ និង ស្រុក​សៀមបូក​។

លុះដល់​ថ្ងៃទី​ ១៩ ​មីនា ក្រុម​ការងារ​ក៏បាន​ប្រទះឃើញ​ទីតាំង​កាត់​ដើមឈើ​ ១ ​កន្លែង ដែល​ក្រុម​ជនល្មើស​ទើប​លួច​កាត់​ផ្ដួលរំលំ​នាពេល​ថ្មីៗ​ដែល​ទីតាំង​នោះ​ស្ថិតនៅ​ចំណុច​អូរភ្ជុល​ព្រំប្រទល់​ភាគ​ខាងជើង​នៃ​ស្រុក​ថា​ឡាបរិវ៉ាត់ និង ស្រុក​សៀមបូក​។ លោក​ថ្លែងថា​៖ «​នៅ​ទីនោះ ក្រុម​ការងារ​យើង​បាន​រកឃើញ និង​រឹបអូស​រណារយន្ត​ ១ ​គ្រឿង និង ស្នាតេះ ១ ​ដើម ព្រមទាំង​ដើមឈើ​ប្រភេទ​ដួងចែម ១ ​ដើម​ដែលមាន​ទំហំ​មុខកាត់​ ០,៦ ​ម៉ែត្រ និង​ប្រវែង​ ៦ ​ម៉ែត្រ​»​។

បើតាម​លោក​ ពិសី វត្ថុតាង រួមមាន​គោយន្ត​ ៤ ​គ្រឿង​រណារយន្ត​ ១ ​គ្រឿង និង​ស្នាតេះ​ ១ ​គ្រឿង ដែល​ត្រូវ​បានគេ​ចត​ទុកចោល​ក្នុងព្រៃ និង​ដើមឈើ​ប្រភេទ​ដួងចែម​ ១ ​ដើម​នោះ​ត្រូវ​បាន​ក្រុម​ការងារ​របស់លោក នាំយក​ទៅ​រក្សាទុក​ជា​បណ្ដោះអាសន្ន​នៅ​ស្នាក់ការ​បរិស្ថាន​ទួល​ត្បែង ស្ថិត​ក្នុង​ឃុំ​សៀម​បូក ស្រុក​សៀមបូក ខេត្តស្ទឹងត្រែង ដើម្បី​ស្រាវជ្រាវ​បន្ត​តាម​នីតិវិធី​ច្បាប់​។

ដោយឡែក​នៅឯ​ខេត្តមណ្ឌលគិរី កម្លាំង​សង្កាត់​រដ្ឋបាល​ព្រៃឈើ​សែនមនោរម្យ​នៅ​រសៀល​ថ្ងៃ​ ២១ ខែមីនា ឆ្នាំ ២០២១ បាន​ចុះ​ប្រមូល​រឹបអូស​ឈើ​ស្រឡៅ​ដែល​ត្រូវបាន​គេ​ដាក់​ឡាំង​ ៤ ​ជ្រុង​ចំនួន​ ៧ ​កំណាត់​ក្នុង​ ១ ​កំណាត់​មាន​មុខ​កាត់​ ០,៤ ​ម៉ែត្រ និង​មាន​ប្រវែង​ ៥ ​ម៉ែត្រ​នៅ​ដីស្រែ​មួយកន្លែង​ក្នុង​សង្កាត់​សុខដុម ក្រុង​សែនមនោរម្យ បន្ទាប់ពី​អ្នកភូមិ​បាន​រាយការណ៍​ថា មាន​គេ​ដឹក​យកមក​លាក់ទុក ដើម្បី​នាំចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​។ នេះ​បើតាម​លោក សុខ សារួន នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​សែនមនោរម្យ​ពី​ម្សិលមិញ​។

លោក​ថ្លែងថា​៖ «​ឈើ​ទាំងនោះ​ជា​ឈើ​អញ្ញាតជន​មាន​ចំនួន​សរុប ​១,៤ ម៉ែត្រគុប​។ នៅពេល​នេះ​ក្រុមការងារ​យើង​បាន​ដឹក​វា​យក​មក​រក្សាទុក​នៅ​ទីស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​សែនមនោរម្យ ដើម្បី​រៀបចំ​សំណុំរឿង​ដាក់បញ្ចូល​ជា​សម្បត្តិ​រដ្ឋ​»​។

ក្រុម​បណ្ដាញ​សហគមន៍​ព្រៃឡង់​ប្រចាំខេត្ត​ស្ទឹងត្រែង កញ្ញា ឈាង លី បាន​ថ្លែងថា បច្ចុប្បន្ន​បទល្មើស​ព្រៃឈើ និង​ការបរបាញ់​សត្វព្រៃ​នៅ​តែ​បន្ត​កើតមាន ប៉ុន្តែ​ជន​ប្រព្រឹត្ត​បទល្មើស​ភាគច្រើន​នៅតែ​មិនទាន់​ត្រូវបាន​ចាប់​ឃាត់ខ្លួន​បាន​នៅឡើយ បើទោះ​ជា​មាន​ភ័ស្ដុតាង​គ្រប់គ្រាន់​យ៉ាងណា​ក៏ដោយ​។

កញ្ញា បន្តថា​៖ «​កាលពីមុន ក្រុម​បណ្ដាញ​សហគមន៍​ព្រៃឡង់​យើង​បាន​រកឃើញ​បទល្មើស​ព្រៃឈើ​ជាច្រើន​កើតមាន​នៅក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​ព្រៃឡង់​។ ប៉ុន្តែ​របាយការណ៍​របស់​ពួកយើង​ត្រូវ​បាន​អាជ្ញាធរ​ច្រានចោល បើទោះបី​ជា​យើង​បាន​បង្ហាញ​ភ័ស្តុតាង​គ្រប់គ្រាន់​ពី​ទីតាំង​ដែល​កើតមាន​បទល្មើស និង​ក្រុមមនុស្ស​ដែល​ចូលទៅ​ប្រព្រឹត្ត​បទល្មើស​នោះ​ក៏ដោយ​។ មិនតែ​ប៉ុណ្ណោះ អាជ្ញាធរ​ពិសេស​ខាង​មន្ត្រី​ឧទ្យានុរក្ស​បាន​ហាមឃាត់​ពួកយើង​មិន​ឲ្យ​ចុះ​ល្បាត​ព្រៃ​ទេ​»៕