ព្រះវិហារ: លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា សមត្ថកិច្ច​ជំនាញ​កំពុង​សាកសួរ​ម្ចាស់​គ្រឿងចក្រ​ម្នាក់​ឈ្មោះ​ជា (​មិន​ចាំ​នាមត្រកូល​) ​បន្ទាប់ពី​គណៈកម្មការ​ចម្រុះ​ខេត្ត​ព្រះវិហារ​កាលពី​ថ្ងៃទី​ ៣ ខែមេសា​កន្លង​ទៅបាន​ចុះទៅ​ពិនិត្យ​ទីតាំង​ជាក់ស្ដែង និង​ឃាត់​គ្រឿងចក្រ​ចំនួន ៥ ​គ្រឿង​ និង​រថយន្ត​ដឹក​ដី​ប្រមាណ ១០​ គ្រឿង ​ទៅ​រក្សាទុក​នៅ​ទីបញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្តព្រះវិហារ ក្រោយពី​កាយ​ដី​របស់​រដ្ឋ​មួយកន្លែង​នៅ​ភូមិ​ក្រាំងដូង ឃុំ​​ព្រះឃ្លាំង ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​។

លោក សុវណ្ណ បាន​ថ្លែងថា​៖ «​ខ្ញុំ​កំពុង​ឲ្យ​មន្ត្រី​ជំនាញ​ចាត់​វិធានការ​តាមផ្លូវ​ច្បាប់​ប៉ុន្ដែ​ពេលនេះ​នៅ​មិនទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ​ដោយ​មន្ត្រី​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្តព្រះវិហារ​កំពុង​បន្ត​សាកសួរ​គាត់​នៅឡើយ​។ ម្យ៉ាងទៀត​ខ្ញុំ​ក៏​មិនទាន់​ទទួលបាន​ព័ត៌មាន​អ្វី​បន្ថែម​ពី​មន្ត្រី​ជំនាញ​យើង​ដែរ​ព្រោះ​ខ្ញុំ​រវល់​ប្រជុំ​នៅ​ក្រសួងមហាផ្ទៃ តែ​យ៉ាងណា​យើង​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​»​។

លោក កង សៅគុណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា សមត្ថកិច្ច​ជំនាញ​កំពុងតែ​សាកសួរ​បុរស​ម្នាក់​ជា​ម្ចាស់​គ្រឿងចក្រ​ឈ្មោះ ជា ខណៈ​អ្នកបើកបរ​ត្រាក់ទ័រ និង​អ្នកបើកបរ​រថយន្ត​ត្រូវបាន​ដោះលែង​ឲ្យ​​ត្រឡប់​ទៅ​ផ្ទះ​វិញ ព្រោះ​ពួកគាត់​ជា​អ្នកស៊ីឈ្នួល​បើកបរ​ឲ្យ​គេ​ដែរ​។

នៅពេល​សាកសួរ​ម្ចាស់​គ្រឿងចក្រ​នេះ​រួចរាល់ លោក​នឹង​ត្រូវ​រាយការណ៍​ទៅ​លោក​អភិបាលខេត្ត​ព្រះវិហារ ដើម្បី​ចាត់ចែង​តាម​នីតិវិធី​បន្តទៀត​។ តាម​ចម្លើយ​ដែល​ម្ចាស់​គ្រឿងចក្រ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ម្ចាស់​ដី​ឈ្មោះ​ សាយ សុភា បាន​ជួល​ត្រាក់ទ័រ​របស់គាត់​មក​កាយ​ដី​នេះ​ដោយ​គាត់​បាន​កាយ​តាម​ការចង្អុល​បង្ហាញ​របស់​ម្ចាស់​ដី​ប៉ុណ្ណោះ​។

លោក​បញ្ជាក់ថា​៖ «​ម្ចាស់​ដី​ហ្នឹង​ឈ្មោះ សាយ សុភា ដែល​ត្រូវជា​កូនប្រុស​បង្កើត​របស់​លោក នុត សោភ័ណ្ឌ អភិបាលស្រុក​ត្បែងមានជ័យ​ដែល​បាន​ជួល​ត្រាក់ទ័រ​មក​កាយ​ដី​នេះហើយ​ឥឡូវនេះ​យើង​បាន​សួរនាំ​ដឹង​ម្ចាស់​ដី​ហ្នឹងហើយ​។ មន្ត្រី​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​លោក​អភិបាលខេត្ត​ដើម្បី​បន្ត​នីតិវិធី​តាម​ផ្លូវ​ច្បាប់ ប៉ុន្ដែ​រឿង​សម្រេច​យ៉ាងណា​ខ្ញុំ​អត់​ដឹង​ទេ​»​។

លោក នុត សោភ័ណ្ឌ អភិបាល​ស្រុក​ត្បែងមានជ័យ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​បាន​ចុះទៅ​ចាត់វិធានការ​ទៅលើ​គ្រឿងចក្រ​ទាំងនោះ​ជាមួយ​គណៈកម្មការ​ចម្រុះ​ខេត្ត​ព្រះវិហា​រដែរ ដោយ​រកឃើញ​ថា ម្ចាស់​ដី​បាន​ជួល​គ្រឿងចក្រ​មក​ឈូសឆាយដី​ចម្ការ​របស់​គាត់ ប៉ុន្ដែ​គ្រឿងចក្រ​បាន​ឈូសឆាយ​ហួស​ព្រំដី​ចូលទៅ​ដល់​ដី​របស់​រដ្ឋ​ដោយ​គ្មាន​ការអនុញ្ញាត​ត្រឹមត្រូវ ទើប​សមត្ថកិច្ច​ហាមឃាត់​បែបនេះ​។

លោក​បន្តថា សមត្ថកិច្ច​បាន​ឃាត់​គ្រឿងចក្រ​របស់គាត់​យកមក​រក្សាទុក​នៅ​ទីស្នាក់ការ​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្តព្រះវិហារ ដើម្បី​បន្ត​ការដោះស្រាយ​តាម​នីតិវិធី​ច្បាប់​។ ម្ចាស់​គ្រឿងចក្រ និង​អ្នកបើកបរ​គ្រឿងចក្រ​ទាំងអស់​មិន​បាន​សុំច្បាប់​ពី​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ទេ​។

លោក​បញ្ជាក់ថា​៖ «​ម្ចាស់​គ្រឿងចក្រ ម្ចាស់​ដី​ទាំងនេះ​មិន​ជាប់​ពាក់ព័ន្ធ​អ្វី​ជាមួយ​ខ្ញុំ​ទេ សារព័ត៌មាន​ខ្លះ​ផ្សាយ​វាយប្រហារ​ខ្ញុំ​ខ្លាំងណាស់ ដូច្នេះ​ខ្ញុំ​សូមបញ្ជាក់ថា គ្មាន​ពាក់ព័ន្ធ​អ្វី​ជាមួយ​ខ្ញុំ​ទេ​។ នៅ​ថ្ងៃ​ចុះបង្ក្រាប​ហ្នឹង ខ្ញុំ​ទៅ​ដែរ ព្រោះ​ខ្ញុំ​គ្មាន​ទើសទាល់​អ្វី​សាច់ញាតិ​ខ្ញុំ​ទេ គឺ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ទាំងអស់ ទាំង​អ្នកបើកបរ​គ្រឿងចក្រ ម្ចាស់​គ្រឿងចក្រ អ្នកបើករថយន្ត និង​ម្ចាស់​ដី គឺ​ឃាត់​ទាំងអស់ ប៉ុន្ដែ​ខ្ញុំ​អត់​ដឹង​ចំនួន​ទេ​គឺ​គេ​យកទៅ​សាកសួរ​»​។

លោក​បន្ថែមថា ដី​ដែល​គ្រឿងចក្រ​កំពុង​ឈូសឆាយ​នេះ​ជា​ដី​ទួល​របស់​រដ្ឋ ត្រូវ​បាន​មន្ត្រី​ជំនាញ​កាត់​ឆ្វៀល​ទុក​តាំងពី​ឆ្នាំ​ ២០០៣ ​មក ប៉ុន្ដែ​ប្រសិន​ម្ចាស់​ដី​កាយ​នៅក្នុង​ប្លង់ដី​របស់​ខ្លួន​នឹង​មិន​មាន​ការហាម​ឃាត់​គ្រឿងចក្រ​ទេ គ្រាន់តែ​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ទៅជា​ការ​ស្រេច​។

លោក សំ សារឿន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តព្រះវិហារ​ពី​ម្សិលមិញ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​៕