កំពង់ស្ពឺ: មន្ត្រីកងរាជអាវុធហត្ថស្រុកឱរ៉ាល់ នៅថ្ងៃទី ២៣ មេសានេះ បានឃាត់រថយន្ត ១ គ្រឿងដឹកឈើប្រភេទសុក្រំ ជាង ២ ម៉ែត្រគុប នៅភូមិ គោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បន្ទាប់ពីជនសង្ស័យបានដឹកពីខេត្តពោធិ៍សាត់ បម្រុងបន្តទៅខេត្តកំពង់ឆ្នាំង ប៉ុន្ដែអ្នកបើកបរបានគេចខ្លួនបាត់។ នេះបើតាមរបាយការណ៍កងរាជអាវុធហត្ថខេត្ត កំពង់ស្ពឺ។
តាមរបាយការណ៍បានឲ្យដឹងថា ការបង្ក្រាបរថយន្តដឹកឈើគ្មានច្បាប់អនុញ្ញាតរបស់សមត្ថកិច្ចនេះ ធ្វើឡើងនៅថ្ងៃទី ២៣ មេសានេះ នៅចំណុចតាមផ្លូវលេខ ៤៤ ក្នុងភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់។
របាយការណ៍បន្តថា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ដឹកនាំដោយលោក សោម ពុទ្ធតារា មេបញ្ជាការ បានសហការជាមួយរដ្ឋបាលដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និង កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចាប់រថយន្តទួរីសពណ៌សម្បកឪឡឹកដឹកឈើជ្រុងប្រភេទ សុក្រំ គ្មានច្បាប់
ប៉ុន្ដែភ្លាមៗនោះអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។
ចំណែកវត្ថុតាងដែលរឹបអូសបានរួមមានឈើនិងរថយន្តហើយបានយកទៅទុកបណ្តោះអាសន្នស្នាក់ការកងរាជអាវុធហត្ថស្រុកឱរ៉ាល់។ ប៉ុន្តែ បន្ទាប់មក បានប្រគល់មន្ត្រីជម្រកសត្វព្រៃភ្នំឱរ៉ាល់ដែលមានស្នាក់ការ ក្នុងភូមិ ក្រាំងពង្រង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ដើម្បីឲ្យមន្ត្រីជំនាញចាត់វិធានការបន្តតាមនិតិវិធីច្បាប់។នេះបើតាមរបាយការណ៍ដដែលនេះ។
លោក សោម ពុទ្ធតារា មេបញ្ជាការកងរាជអាវុធហត្ថស្រុកឱរ៉ាល់ បានបញ្ជាក់បន្ថែមនៅថ្ងៃនេះថា ករណីនេះសមត្ថកិច្ចរបស់លោកបានបញ្ជូនទៅឲ្យខាងរដ្ឋបាលជម្រកសត្វព្រៃភ្នំឱរ៉ាល់រួចហើយ។
លោក ហ៊ុល ម៉ារ៉ា អនុប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្រុកឱរ៉ាល់បានថ្លែងនៅថ្ងៃ២៣ មេសានេះថា លោកបានទទួលព័ត៌មាននេះហើយ ដោយមន្ត្រីជំនាញបានទៅយកទាំងរថយន្ត និងឈើប្រមាណជាង ២ ម៉ែត្រគុបមករក្សាទុកនៅស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ព្រមទាំងរៀបចំសំណុំរឿងបញ្ជូនទៅថ្នាក់លើទៀត។
លោកបន្តថាសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរកអ្នកបើកបររថយន្តនិងម្ចាស់ឈើដើម្បីផាកពិន័យតាមច្បាប់។ ជនល្មើសបានដឹកឈើទាំងនេះពីខេត្តពោធិ៍សាត់បម្រុងបន្តដំណើរទៅខេត្តកំពង់ឆ្នាំង ប៉ុន្ដែត្រូវបានសមត្ថកិច្ចឃាត់នៅតាមផ្លូវ។
លោកបញ្ជាក់ថា៖«ឈើទាំងអស់នេះ គេអាចកែច្នៃធ្វើជាទ្វារ បង្អូច ព្រោះជនល្មើសកាត់វាជាកំណាត់ៗដាក់តម្រៀបនៅក្នុងរថយន្តតូរីស (១២ កៅអី) ហើយបិទស្កុតកញ្ចក់ពណ៌ខ្មៅទៀត។ ពេលនោះ សមត្ថកិច្ចយើងគាត់មានភ្នាក់ងារសម្ងាត់ បានរាយការណ៍ពីសកម្មភាពជនល្មើស ទើបបង្ក្រាបបានតែម្ដង»៕