ភ្នំពេញៈ សមត្ថកិច្ចជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងពាណិជ្ជកម្មក្នុងរយៈពេលប្រមាណ ២ សប្ដាហ៍កន្លងទៅបានសហការគ្នាស្រាវជ្រាវ និងឃាត់ខ្លួនជនខិលខូចដែលផ្សព្វផ្សាយលក់ផលិតផល អាល់កុលក្លែងក្លាយ និងសម្ភារធ្វើតេស្តជំងឺកូវីដ ១៩ ក្លែងក្លាយដែលច្បាប់ហាមឃាត់បានចំនួន ១៦ នាក់ និងរឹបអូសអាល់កុលក្លែងក្លាយបានលោក គឹមឃឿនបាន បញ្ជាក់ថា៖ «អ្នកដែលផ្សព្វផ្សាយលក់ និងចែកចាយផលិតផល និងឧបករណ៍តេស្តរកកូវីដ ១៩ ក្លែងក្លាយដែលច្បាប់បានហាមឃាត់ យើងឃាត់ខ្លួនបានចំនួន ១៦ នាក់។ គិតមកដល់ល្ងាចមិញ (ថ្ងៃពុធ) យើងបានណែនាំ ហើយឱ្យត្រឡប់ទៅផ្ទះវិញចំនួន ១១ នាក់បញ្ជូនទៅតុលាការ ៣ នាក់ និង ២ នាក់ទៀតកំពុងស្ថិតនៅក្នុងនីតិវិធីរបស់តុលាការ»។
លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំនៃក្រសួងពាណិជ្ជកម្មក៏ថ្លែងកាលពីម្សិលមិញដែរថា រយៈពេលប្រហែល ២ សប្ដាហ៍នេះសមត្ថកិច្ចជំនាញបានសហការគ្នាស្រាវជ្រាវប្រមូលអាល់កុលក្លែងក្លាយ (មេតាណុល) នៅទីតាំងសំខាន់ៗមួយចំនួនរួមនឹងការដឹកជញ្ជូនចូលមកតាមព្រំដែនបានចំនួន ៤ ៧៧៦ លីត្រ។
លោកថ្លែងថា៖ «ឥឡូវយើងកំពុងរក្សាទុកអាល់កុលក្លែងក្លាយនេះនៅក្នុងឃ្លាំងរបស់អគ្គនាយកដ្ឋាន និងកំពុងបន្តនីតិវិធីរបស់តុលាការចំពោះអាល់កុលនេះថា តើត្រូវកម្ទេចចោល ឬក៏ត្រូវទុកប្រើក្នុងមុខព្រួញក្នុងវិស័យឧស្សាហកម្ម?»។ បើតាមលោក អូន អាល់កុលក្លែងក្លាយនេះសមត្ថកិច្ចស្រាវជ្រាវរកឃើញច្រើនជាងគេនៅរាជធានីភ្នំពេញ និងមួយចំនួនទៀតនៅខេត្ដសៀមរាប។ ចំណែកខេត្ដមួយចំនួនទៀតសមត្ថកិច្ចជំនាញកំពុងអនុវត្ដស្រាវជ្រាវបន្ត។
លោក លីវ សុផាណារិទ្ធ ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានបញ្ជាក់កាលពីម្សិលមិញដែរថា ក្រោយពីប្រមុខរាជរដ្ឋាភិបាលបានប្រកាសពាក់ព័ន្ធនឹងការលក់អាល់កុល ម៉ាស់ឡើងថ្លៃ និងឱ្យអាជ្ញាធរចុះស្រាវជ្រាវពិនិត្យនាពេលថ្មីៗនេះសមត្ថកិច្ចជំនាញគ្រប់ក្រសួងស្ថាប័នទាំងអស់បានសហការគ្នាស្រាវជ្រាវពិនិត្យ និងបានឃាត់ខ្លួនជនខិលខូចដែលបានផ្សព្វផ្សាយបន្លំលើករណីជំងឺកូវីដ១៩នេះដោយបានឃាត់ខ្លួន និងរឹបអូសផលិតផលក្លែងក្លាយ អាល់កុលក្លែងក្លាយជាបន្តបន្ទាប់។
លោកថ្លែងថា៖ «ទាក់ទងនឹងការឃាត់ខ្លួនអ្នកដែលបានផ្សព្វផ្សាយលក់ផលិតផលក្លែងក្លាយទាក់ទិននឹងការតេស្តជំងឺកូវីដ ១៩ នេះ អ្នកសង្ស័យមួយចំនួនក្រោយការសួរនាំ ដោយសារតែពួកគាត់មានកំហុសតិចតួចលើការនិយាយផ្សព្វផ្សាយ សមត្ថកិច្ចបាននិយាយណែនាំរួចឱ្យត្រឡប់ទៅផ្ទះវិញ។ ប៉ុន្ដែអ្នកមួយចំនួនទៀតដែលផ្សព្វផ្សាយ និងលក់ផលិតផលហាមឃាត់ទាក់ទងនឹងជំងឺកូវីដ១៩នេះត្រូវបានឃាត់ខ្លួនហើយបញ្ជូនទៅតុលាការ»។
តាមរបាយការណ៍អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំកាលពីថ្ងៃទី ១ ខែមេសា សមត្ថកិច្ចបានចាប់អាល់កុលក្លែងក្លាយ (មេតាណុល) នៅតាមបណ្តោយវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ ម៉ែត្រ) បានចំនួន ១០០ ប៊ីដុង ស្មើនឹង ៣ ០០០ លីត្រផងដែរ។
លោក ផាន អូន បានឱ្យដឹងថា សារធាតុមេតាណុលជាសារធាតុពុលនឹងមិនអាចយកទៅប្រើសម្រាប់លាងដៃសម្លាប់មេរោគបានទេ ពីព្រោះវាអាចធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ថែមទៀតផង។ លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ គប្បីទិញទំនិញជាពិសេសអាល់កុល និងជែលលាងដៃដែលមានស្លាកសញ្ញាសម្គាល់ត្រឹមត្រូវ និងមានប្រភពច្បាស់លាស់ ដើម្បីចៀសវាងការទិញរបស់ក្លែងក្លាយ និងគ្មានគុណភាពដែលបណ្តាលឱ្យប៉ះពាល់ដល់សុខភាព។
គួរបញ្ជាក់ថាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីល្ងាចថ្ងៃទី ១ ខែមេសាបានបញ្ជូនជនជាតិចិន ២ នាក់ ទៅតុលាការក្រោយពីឃាត់ខ្លួនពួកគេក្នុងករណីលក់ និងចែកចាយឧបករណ៍តេស្តរកជំងឺកូវីដ ១៩ ដែលក្រសួងសុខាភិបាលហាមឃាត់។
លោក គុជ គឹមឡុង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់កាលពីម្សិលមិញថា បច្ចុប្បន្នតុលាការកំពុងសាកសួរជនសង្ស័យមួយចំនួន ពាក់ព័ន្ធនឹងការលក់ផលិតផលក្លែងក្លាយក្នុងករណីជំងឺកូវីដ ១៩ នេះ នៅឡើយ។ លោកបញ្ជាក់ថា៖ «ដូច្នេះមិនទាន់អាចបញ្ជាក់បានចំពោះការចោទប្រកាន់ ឬការឃុំខ្លួនក្នុងករណីណាមួយនៅឡើយទេ»៕