កំពង់ធំ: សមត្ថកិច្ច​ជំនាញ​ខេត្តកំពង់ធំ​បាន​ចុះបង្ក្រាប​ទីតាំង​រោង​សន្និធិ​ (​កន្លែង​ស្តុក​) ​ឈើ​ចំនួន ១១ ​ទីតាំង ​ដោយ​រឹបអូស​ឈើ​សរុប​ចំនួន​ជាង ១៥០ ​ម៉ែត្រគុប នៅក្នុង​ឃុំ​កំពង់ចិនត្បូង និង​ឃុំ​សំព្រោជ ស្រុក​ស្ទោង ដោយ​កន្លែង​ស្តុក​ឈើ​ទាំងនោះ​ខ្លះ​មាន​ច្បាប់​ត្រឹមត្រូវ ប៉ុន្ដែ​ហួស​សុពលភាព និង​ខ្លះទៀត គ្មាន​ច្បាប់​អនុញ្ញាត​ក្នុងការ​ធ្វើ​អាជីវកម្ម​ឈើ​។

របាយការណ៍​លើ​ទំព័រ​ហ្វេសប៊ុក​កងរាជអាវុធហត្ថ​លើ​ផ្ទៃប្រទេស​ (GRK News) ​បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ស្ទោង និង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​នៅ​ថ្ងៃទី​ ៣០ ខែឧសភា ដឹកនាំ​ដោយ​លោក ឃុន ប៊ុនហូ មេបញ្ជាការរង​​កងរាជអាវុហត្ថ​ខេត្តកំពង់ធំ សហការ​ជាមួយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ ដែល​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក សាយ វាសនា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពង់ធំ​បាន​ចុះបង្ក្រាប​ទីតាំង​រោង​សន្និធិ ឈើ​គ្មាន​ច្បាប់​អនុញ្ញាត​ចំនួន ១១ ​ទីតាំង ​នៅ​ភូមិ​កំពង់ក្តី ភូមិ​កំពង់ចិន ភូមិ​ឈើទាល ស្ថិត​នៅ​ឃុំ​កំពង់ចិនត្បូង និង​ភូមិ​អំពិល ឃុំ​សំព្រោជ ស្រុក​ស្ទោង​។

របាយការណ៍​បន្តថា ជា​លទ្ធផល សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​ទីតាំង​របស់​ឈ្មោះ ប៊ាន លាន ភេទ​ប្រុស​រស់នៅ​ភូមិ​កំពង់ក្តី ឃុំ​កំពង់ចិនត្បូង​ចំនួន​ ៤ កន្លែង រឹបអូស​ឈើ​ស្មើនឹង​ជាង ៧៧ ​ម៉ែត្រគុប​។ ទីតាំង​របស់​ឈ្មោះ ហ៊ី គឹមហេង ភេទ​ប្រុស​រស់នៅ​ភូមិ​កំពង់​ចិន ឃុំ​កំពង់ចិនត្បូង​ចំនួន​ ៣ ​កន្លែង​ស្មើនឹង​ជាង​ ៣៤ ម៉ែត្រគុប​។

របាយការណ៍​បន្តថា ទីតាំង​របស់​ឈ្មោះ​ ឈន បានហុក ភេទ​ប្រុស រស់នៅ​ភូមិ​កំពង់ក្តី ឃុំ​កំពង់ចិនត្បូង​មាន ១ ​កន្លែង​ ស្មើនឹង​ជាង ២៥ ​ម៉ែត្រគុប​។ ទីតាំង​របស់​ឈ្មោះ តាន់ ប៉ូទី ភេទ​ប្រុស​រស់នៅ​ភូមិ​កំពង់ក្តី ឃុំ​កំពង់ចិនត្បូង​ ១ ​កន្លែង ​ស្មើនឹង​ជាង ៧ ​ម៉ែត្រគុប ទីតាំង​ឈ្មោះ ស៊ឹង សុដា ភេទ​ស្រី រស់នៅ​ភូមិ​កំពង់ក្តី ឃុំ​កំពង់ចិនត្បូង ១ ​កន្លែង​ ស្មើនឹង​ជាង ៤ ​ម៉ែត្រគុប និង​ទីតាំង​របស់​ម្ចាស់​ឈ្មោះ ឃាង មុន្នី ភេទ​ប្រុស​រស់នៅ​ភូមិ​អំពិល ឃុំ​សំព្រោជ​ ១ ​កន្លែង​ស្មើនឹង​ជាង ៤ ​ម៉ែត្រគុប​។

លោក ប៉ែន វណ្ណរិទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ធំ​ថ្លែង​ពី​ម្សិលមិញ​ថា សមត្ថកិច្ច​ជំនាញ​នៃ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​បាន​ចុះបង្ក្រាប​ទីតាំង​រោង​សន្និធិ​ឈើ​នៅក្នុង​ស្រុក​ស្ទោង ដោយ​រឹបអូស​ឈើ​ចំនួន​ជាង ១៥០ ​ម៉ែត្រគុប​។ ម្ចាស់​ដេប៉ូ​ឈើ​ទាំងនេះ​មាន​មួយចំនួន មាន​ច្បាប់​ត្រឹមត្រូវ ប៉ុន្ដែ​អាជ្ញាប័ណ្ឌ​របស់គាត់​ហួស​សុពលភាព ហើយ​ខ្លះទៀត​គ្មាន​ច្បាប់​តែម្ដង​។

លោក​បន្តថា ម្ចាស់​ដេប៉ូ​ដែល​មាន​ច្បាប់​ត្រឹមត្រូវ ប៉ុន្ដែ​ហួស​សុពលភាព​ត្រូវតែ​មកសុំ​បន្ត​សុពលភាព​អាជ្ញាប័ណ្ឌ​បន្តទៀត ប្រសិន​ក្នុង​ករណី​ពួកគាត់​ចង់​បន្ត​អាជីវកម្ម​ទៀត​។ បើ​មិន​ដូច្នេះ​អាជ្ញាធរ​នឹង​បិទ​អាជីវកម្ម​ទាំងនោះ​។

លោក វណ្ណរិទ្ធ បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​មិនទាន់​ដឹង​ពី​ចំណាត់ការ​ទៅលើ​ម្ចាស់​ដេប៉ូ​ដែល​គ្មាន​ច្បាប់​នោះ​បន្តទៀត​យ៉ាងណាទេ ដោយ​រង់ចាំ​មន្ត្រី​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់​សិន​ថា តើ​ត្រូវ​ពិន័យ​គាត់​ ឬ​បញ្ឈប់​អាជីវកម្ម​គាត់​ទាំងស្រុង ព្រោះ​សមត្ថកិច្ច​យើង​កំពុង​ធ្វើការ​វាស់វែង​ឈើ និង​ធ្វើ​កំណត់ហេតុ​ផ្សេងៗ​បន្ថែមទៀត​»​។

លោក ប៊ុន សុធី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ធំ មិនអាច​សុំ​ការបញ្ជាក់​បន្ថែម​ជុំវិញ​ករណីនេះ​បាន​ទេ​កាលពី​ម្សិលមិញ ដោយ​លោក​បាន​ចុច​ផ្ដាច់​ទូរស័ព្ទ​។ រីឯ​លោក ហង្ស ថុល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​ក៏​មិនអាច​ទាក់ទង​បានដែរ​ដោយ​ទូរស័ព្ទ​លោក​គ្មាន​អ្នកទទួល​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ស្វែងរក​ប្រភព​ទាក់ទង​ម្ចាស់​ដេប៉ូ​ឈើ​ទាំង​ ១១ ​ទីតាំង​នេះ​ ដើម្បី​បញ្ជាក់​ជុំវិញ​ករណីនេះ​បានទេ​។

លោក ម៉ុល វណ្ណា នាយសង្កាត់​រដ្ឋបាល​ព្រៃឈើ ស្រុក​ស្ទោង​ត្រូវបាន​សារព័ត៌មាន​ក្នុងស្រុក​មួយ​ដកស្រង់​សម្ដី​ពី​ម្សិលមិញ​ថា ដេប៉ូ​អត់​ច្បាប់​ចំនួន ១១ ​កន្លែង​ ដែល​ផ្ទុក​ឈើ​សរុប​ជាង ១៥០ ​ម៉ែត្រគុប​ សុទ្ធតែ​ជា​ប្រភេទ​ឈើ​មានតម្លៃ ដោយ​សមត្ថកិច្ច​កំពុង​ដឹកជញ្ជូន​ឈើ​ចេញពី​ដេប៉ូ​ទាំងអស់​នោះ ដើម្បី​យក​ទៅ​រក្សាទុក​នៅ​សង្កាត់​​រដ្ឋបាល​ព្រៃឈើ​ស្រុក​ស្ទោង​​បណ្ដោះអាសន្ន​សិន​៕