The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សមត្ថ​កិច្ច​ចម្រុះ​ចាប់​បាន​ឈើ​ជិត​ ១០០​ ម៉ែត្រ​គុប​

សមត្ថ​កិច្ច​ចម្រុះ​ចាប់​បាន​ឈើ​ជិត​ ១០០​ ម៉ែត្រ​គុប​

Content image - Phnom Penh Post
ឈើ​ចម្រុះជា​​ច្រើន​ប្រភេទ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ចរឹបអូស​បាន។ សហការី

សមត្ថ​កិច្ច​ចម្រុះ​ចាប់​បាន​ឈើ​ជិត​ ១០០​ ម៉ែត្រ​គុប​

ពោធិ៍សាត់ៈ ឈើ​ចម្រុះជា​​ច្រើន​ប្រភេទ​មាន​ប្រមាណ​ជិត​ ១០​០​ ម៉ែត្រ​គុប​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ នៃ​គណៈ​បញ្ជា​ការ​កងឯក​ភាព​ស្រុក​ភ្នំ​ក្រវាញ​ស្រាវ​ជ្រាវ​ និង​​រឹបអូស​បាន​ពី​ក្នុង​ព្រៃ ក្បែរ​តំបន់​ព្រៃ​ការ​ពារ​ភ្នំ​ក្រវាញ​ ប៉ុន្តែ​ពុំ​មាន​ការ​ចាប់ឃាត់​ខ្លួន​ជន​ជាប់​សង្ស័យ​ណា​ម្នាក់​នោះ​ទេ។ នេះ​បើយោង​តាម​មន្ត្រី​ពាក់​ព័ន្ធ​ដែលបាន​ចូល​រួម​​នៅក្នុង​ប្រតិ​បត្តិការ​នេះ​កាល​ពី​ម្សិលមិញ។

លោក តាន់​ គារិទ្ធ អធិការ​ស្រុក​​ភ្នំ​ក្រវាញបានប្រាប់​ភ្នំពេ​ញ​ប៉ុស្តិ៍​​កាល​ពីម្សិល​មិញ​​ថា ក្នុង​រយៈ​ពេល​ ៥ ​ថ្ងៃ នៃ​យុទ្ធនាការ​ចុះ​ស្រាវ​ជ្រាវ​ និង​បង្ក្រាប​​​បទល្មើស​ព្រៃឈើ ដែល​ចាប់​ផ្ដើមពី​ថ្ងៃទី ៦ ដល់​ថ្ងៃ​ទី ១០ ​ខែ​ មេសា ឆ្នាំ ២០១៩​ ក្រុម​សមត្ថ​កិច្ច​ចម្រុះ​បាន​រុករក​ឃើញ​ឈើ​អារ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ ដែល​ត្រូវ​បាន​គេ​លាក់​ទុក​នៅ​ក្នុង​ព្រៃជាច្រើនកន្លែង​ផ្សេងគ្នា នៅក្នុង​ភូមិ​សាស្ត្រ​ទឹក​​ដី​ឃុំ​សំរោង និង​ឃុំ​រកាត។

លោក គារិទ្ធ បាន​និយាយ​ថា​៖ «ឈើទាំង​នោះត្រូវ​បាន​ក្រុម​កម្លាំង​សមត្ថ​កិច្ច​ចម្រុះ ប្រមូល​ និង​ដឹក​ជញ្ជូន​យក​មក​រក្សា​ទុក​ជា​បណ្ដោះ​​អាសន្ន​នៅ​ក្នុង​បរិវេណ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ភ្នំ​ក្រវាញ ដើម្បី​រង់ចាំ​ការ​វាស់​វែង​ពី​ក្រុម​គណៈ​កម្មការ​ជំនាញ»។

ចំណែក​លោក មាស​ សោភ័ណ្ឌ នាយរង​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​សំរោង បាន​ប្រាប់​ភ្នំ​​ពេញ​ប៉ុស្តិ៍​ដែរ​ថា ឈើ​ដែល​ក្រុម​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​ និង​រឹបអូស​បាន នៅ​ក្នុង​ប្រតិ​បត្តិកា​រ​​​នា​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ ភាគច្រើន​ជា​ឈើរាជ​កុល (ឈើ​ប្រភេទ​​លេខ​​ ​៣)​ ក្រៅពី​នោះ​ ជាឈើ​ប្រភេទ​លេខ​ ១ និង លេខ ២ ដែល​រួម​មាន សុក្រំ ផ្ចឹក ស្រឡៅ ឈើ​ទាល​ ផ្ដៀក។

លោក​បញ្ជាក់​ថា៖ ​«ឈើ​ទាំង​នោះ​មាន​ចំនួន​ ១៥ រថ​យន្ត​ធំ​ៗ និង​ភាគ​ច្រើន​ត្រូវ​បាន​គេអារ​ជា​ក្ដារ​បន្ទះ ជា​គ្រឿង​ផ្ទះ និង​ជា​ឈើអារ​ ៤ ​ជ្រុង​ទ្រវែង​ធំៗ»។

លោក​បន្ត​ថា​៖ «ប៉ុន្តែ​មកទល់​ពេល​នេះ ឈើ​ទាំង​នោះ​នៅ​មិនទាន់​វាស់​វែង​នៅឡើយ​ទេ ព្រោះ​វាមាន​ចំនួន​ច្រើន ដែល​ត្រូវ​ទាមទារ​ឲ្យ​មាន​ការ​រៀប​ចំ​គណៈ​​កម្មការ​ចម្រុះ​មួយ​ ដើម្បី​ត្រួត​ពិនិត្យ​ និង​វាយ​តម្លៃ​ទៅ​លើការ​ងារវាស់​វែង​ឲ្យបាន​ច្បាស់​លាស់»។​

ទោះ​ជាបែប​ណា​ក្ដី លោក សូ សាហុង អភិបាល​ស្រុក​ភ្នំក្រ​​វាញដែល​ដឹក​នាំក្រុមក​ម្លាំង​សមត្ថ​កិច្ច​ចម្រុះ ចុះប្រតិប​ត្តិ​​ការ​​​ស្រាវ​ជ្រាវ​ រុ​ករក និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជា​តិ​ ក្នុង​តំបន់​ភូមិ​សាស្ត្រ​ខាងលើ​នេះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ ដោយ​ប៉ាន់​ប្រមាណ​អំពី​ចំនួន​ឈើ​ទាំង​នោះ​ថា មាន​ចំនួន​ប្រមា​ណ​ជិត ១០០ ម៉ែត្រ​គុប។

លោក ​សាហុង ​បញ្ជាក់​ថា៖ «កម្លាំង​របស់​យើងបាន​ប្រមូល​វាពី​ច្រើន​កន្លែង​ផ្សេង​គ្នា ក្នុង​ភូមិ​សាស្ត្រ​ឃុំ​សំរោង​ និង​ឃុំ​រកាត ហើយ​យើង​បាន​ប្រើ​រថយន្ត​កែ​ច្នៃស​ម្រាប់​ដឹក​ឈើចំនួន​ ១៥ គ្រឿង​ទើប​ដឹក​វាអស់»។

បើតា​ម​លោក សាហុ​ង ការ​វាស់​វែង​ឈើទាំង​នោះ នឹង​ត្រូវ​ធ្វើ​ឡើង​ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ខាងមុខ។

បើ​តាម​មន្ត្រី​សមត្ថ​កិច្ច​ក្នុង​ប្រតិបត្តិការ​​នេះ ក្រៅ​ពី​​រកឃើញ​ឈើ​​ ពុំ​មានការ​ឃាត់​ខ្លួន​ជន​ពាក់​ព័ន្ធ​ណា​ម្នាក់​ទេ៕

អត្ថបទគួរចាប់អារម្មណ៍