
សមត្ថកិច្ចចធ្វើការឃាត់ខ្លួនអ្នកលែងល្បែងស៊ីសងជល់មាន់តាមទូរទស្សន៍ នៅភូមិដូនដុំ ឃុំសូទិព្វ ស្រុកជើងព្រៃ កាលពីម្សិលមិញ។ រូបថត ប៉ូលិស
កំពង់ចាម៖ សមត្ថកិច្ចចម្រុះបានសហការគ្នាបង្ក្រាបល្បែងស៊ីសង ជល់មាន់មួយកន្លែងនៅចំណុចភូមិដូនដុំ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយឃាត់ខ្លួនអ្នកលេងចំនួន ១១ នាក់ និងបានរឹបអូសសម្ភារមួយចំនួនដូចជាម៉ូតូ ទូរស័ព្ទ និងលុយកាលពីម្សិលមិញនេះ។
លោក រឿង សេងនាង អធិការរងស្រុកជើងព្រៃទទួលបន្ទុកផ្នែកព្រហ្មទណ្ឌប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២១ នេះឱ្យដឹងថា បន្ទាប់ពីឃាត់ខ្លួនរួចហើយ កម្លាំងសមត្ថកិច្ចក៏បានបញ្ជូនមកអធិការស្រុក ដើម្បីណែនាំអប់រំកុំឱ្យប្រព្រឹត្តលេងល្បែងស៊ីសងបន្តទៀត ហើយបានដោះលែងឱ្យវិលត្រឡប់ទៅផ្ទះវិញរៀងខ្លួន។
លោក សេងនាង ថ្លែងថា៖ «សមត្ថកិច្ចយើងឃាត់ខ្លួនពួកគេ ពេលដែលពួកគេកំពុងអង្គុយមើលទូរទស្សន៍កម្មវិធីជល់មាន់នៅក្រៅប្រទេស និងបានភ្នាល់ដាក់លុយហើយវេរតាមប្រព័ន្ធទូរស័ព្ទដែលជាសកម្មភាពល្មើសច្បាប់ និងបំពានទៅនឹងវិធានការក្រសួងសុខាភិបាលក្នុងអំឡុងពេលទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩»។
លោក រឿង សេងនាង បានបញ្ជាក់ថា មនុស្សទាំង ១១ នាក់នេះ មិនបានបញ្ជូនទៅតុលាការដើម្បីអនុវត្តនីតិវិធីបន្តនោះទេ គ្រាន់តែណែនាំអប់រំរួច ហើយឱ្យពួកគាត់ត្រឡប់ទៅផ្ទះរៀងខ្លួន ដោយឡែកសម្ភារ និងម៉ូតូរបស់ជនសង្ស័យបច្ចុប្បន្នកំពុងស្ថិតនៅក្នុងអធិការដ្ឋានស្រុកជើងព្រៃ រង់ចាំព្រះរាជអាជ្ញាសម្រេច ដើម្បីប្រគល់ឱ្យទៅពួកគាត់វិញ។
លោក រឿង សេងនាង ថ្លែងថា៖ «ខ្ញុំរង់ចាំការសម្រេចពីខាងលើ ព្រោះគាត់ប្រាប់ថា អប់រំប្រគល់ឱ្យវិញ ខ្ញុំគ្រាន់តែធ្វើតាមនីតិវិធីការដឹកនាំសម្របសម្រួលក្នុងកិច្ចប្រតិបត្តិការបង្ក្រាប គឺដោយមានលោកព្រះរាជអាជ្ញារងចូលរួម»។
កម្លាំងសមត្ថកិច្ចខេត្តកំពង់ចាមកាលពីថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ២០២១ បានសហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ និងអាជ្ញាធរមូលដ្ឋាន ដោយបានសង្ស័យមានអ្នកលេងល្បែងស៊ីសងជល់មាន់លួចលាក់ និងបង្ក្រាបបានពេលដែលកំពុងប្រមូលផ្ដុំគ្នាមើលតាមទូរទស្សន៍ និងចាប់យកវត្ថុតាង រួមមានម៉ូតូចំនួន ១៦ គ្រឿង ទូរស័ព្ទដៃចំនួន ៨ គ្រឿង ប្រាក់រៀលចំនួនជាង ៣ លាន ១ សែន និងប្រាក់ដុល្លារចំនួន ៣១០ ដុល្លារ៕