កំពង់​ធំ ក្រុម​នគរ​បាល​យុត្តិធម៌​ខេត្ត​ កំពង់​ធំ នៅ​ថ្ងៃ​ទី ២០ ខែ​មិថុនា ឆ្នាំ ២០១៨ បាន​បំបែកសំណុំ​រឿង​ឃាតកម្មដ៏​ឃោឃៅដែល​ប្តី​បាន​សម្លាប់​ប្រពន្ធ​ចុង ហើយ​បាន​យក​សព​ទៅ​កប់​ចោល ​ក្នុ​ង​ដី​ចម្ការ បន្ទាប់​ពី​​សមត្ថ​កិច្ច​បានសម្រេចគាស់​យកសពស្ត្រី​រងគ្រោះ​ចេញ​ពី​ផ្នូរ​ មក​ធ្វើ​កោសលវិច័្ចយ។ នេះបើ​តាម​ លោក ទិត សំណាង ស្នង​ការ​រងខេត្ត​កំពង់​ធំ ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ។

លោក សំណាង បាន​ថ្លែង​ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី ២០ ខែ​មិថុនា ឆ្នាំ​ ២០១៨ ប្រជា​ពលរដ្ឋ​នៅ​ភូមិ​ក្រវ៉ា ឃុំ​ក្រវ៉ា ស្រុក​បារាយ​ណ៍ ខេត្ត​​កំពង់​ធំ បាន​រាយ​ការណ៍​ថា បាន​ធំ​ខ្លិន​ស្អុយ​ចម្លែក​ម្យ៉ាង​ ដូច​ជា​ខ្លិន​សាកសព និង​ បាន​ប្រទះ​ឃើញ​ដាន​ស្នាម​កប់​លុប​រណ្ដៅ​ដី​ដ៏​គួរឲ្យ​សង្ស័យ​មួយ​ នៅ​ក្នុង​ដីចំការ​ស្វាយ​ចន្ទីរបស់​ឈ្មោះ អន លិ អាយុ​ ៥៣​ ឆ្នាំ ​ខណៈ​ស្ត្រី​ម្នាក់​ ដែល​ជាប្រពន្ធ​ចុង​របស់ម្ចាស់​ចំការ​នេះ ​ត្រូវ​បាន​អ្នក​ភូមិ​ទាំង​នោះ ​អះអាង​ថា បាន​បាត់​ខ្លួន​ដោយ​គ្មាន​មូល​ហេតុ​ អស់​រយៈពេល​បី​ថ្ងៃ​មក​ហើយ​។

លោក សំណាង​បាន​បន្ត​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ លោក​ក៏បាន​ស្នើសុំ​គោល​ការណ៍​ពី​​លោក អ៊ិត សុធា ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​​ខេត្ត​កំពង់​ធំ ដើម្បី​ចុះស្រាវ​ជ្រាវ និង​ជីកកាយ​រណ្ដៅដី ដែល​អ្នកភូមិ​មាន​ការ​សង្ស័យ​ខាង​លើនេះ​ ដើម្បី​ស្វែង​រក​ការ​ពិត។

លោក​បាន​បញ្ជាក់​ថា៖​«ក្រោយ​ធ្វើ​កំណាយ​រណ្ដៅ​ដីដ៏​គួរ​សង្ស័យ​នោះ ក៏​បាន​ប្រទះ​ឃើញ​សព​ស្ត្រី​ម្នាក់​ ឈ្មោះ​ ទៀប សាវ៉ៃ ហៅ​​ ធា អាយុ​ ៣៨ ​ឆ្នាំ ​ត្រូវ​បាន​គេ​ចង​ដៃ ចង​ជើង ដោយ​ខ្សែអ​ង្រឹង និង មាន​ស្នាម​រឹតក​ផង​ដែរ ទើប​សមត្ថ​កិច្ច​ដាក់​ការ​សង្ស័យ​​ទៅ​លើ​បុរស​ជា​ប្ដី​ចុង ឈ្មោះ អន លិ និង​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​មក​សាកសួរ​ នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់​​ធំ​តែ​ម្ដង​»។

បើតាម​លោក​ សំណាង នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច បុរស​សង្ស័យ​បាន​សារភាព​ថា គាត់​ពិតជា​បាន​សម្លាប់​ស្ត្រី​រងគ្រោះ ដែល​ជាប្រពន្ធ​ចុង​លួច​លាក់​របស់​គាត់​មែន ដោយ​សាតែខឹង​នឹង​នាង​សុំ​លែង​លះ​ គ្រាដែល​ដឹង​ថា​ គាត់មិន​ព្រម​លែង​លះ​ពីស្ត្រី​ប្រពន្ធ​ដើម ដែល​មា​នកូន​បួន​នាក់​ក្នុង​បន្ទុក។

សពស្ត្រី​រង​គ្រោះ​ ត្រូវ​បាន​អ្នកភូមិ​ និង​សមត្ថកិច្ច​នាំយក​ទៅ​បូជាតាម​ប្រពៃណី ​កាល​ពី​ម្សិលមិញ ខណៈ​​ជន​សង្ស័យ​ ត្រូវ​បាន​មន្ត្រី​ការិយា​ល័យ​នគរ​បាល​យុត្តិធម៌ ​កសាង​សំណុំ​រឿង​ចោទ​ប្រកាន់ពី​បទ​«មនុស្ស​ឃាត​គិត​ទុក​ជាមុន​»។ នេះ​បើ​តាម លោក សំណាង។ លោក បាន​បន្ត​ថា យោង​តាមបទ​ចោទ​​ប្រកាន់​នេះ ជន​សង្ស័យ​ អាច​នឹង​ប្រឈម​ការផ្ដន្ទា​ទោស​ជាប់​ពន្ធនាគារ​ពី ៣០​ឆ្នាំ ទៅ​អស់​មួយ​ជីវិត​។

ទោះ​ជាបែប​ណា​ក្ដី អ្នក​​នាំពាក្យ​ស្ថាប័ន​អយ្យការ​ អម​សាលា​ដំបូង​ខេត្ត​កំពង់​ធំ លោក សាយ​ ណូរ៉ា បានប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​រសៀល​ថ្ងៃ​​ទី ២១ ខែ​មិថុនា​ថា ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​ខាង​លើនេះ​ កំពុង​ស្ថិត​ក្រោម​ការ​ស៊ើប​សួរ​របស់តុ​លាកា​រ​នៅ​ឡើយ។

នេះ​ជា​ករណី​ទី ២ ហើយ ដែល​សមត្ថ​កិច្ច​ខេត្ត​កំពង់ធំ បាន​គាស់​ផ្នូរ​សាកសព​ យក​មក​ពិនិត្យ​ធ្វើកោ​សល្សវិ​ច័យ​ ដើម្បី​បំបែក​សំណុំ​រឿង​អាថ៌​កំបាំង ក្នុង​ករណី​ឃាត​កម្ម​នេះ ដើម្បី​ស្វែង​រក​មុខ​ឃាតករ​ពិត​ប្រាកដ និង​ដើម្បី​ផ្ដល់​ភាព​យុត្តិធម៌​ដល់​ជន​រង​គ្រោះ ដែល​កាលពី ២​ឆ្នាំ​មុន​ ក្នុង​ករណីស្រ​ដៀង​គ្នា​នេះ នៅ​ក្នុង​ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំព​ង់​ធំ តំណាង​អយ្យ​ការ​ខេត្ត​កំព​ង់ធំ ​ធ្លាប់​បា​ន​គាស់​ផ្នូរ​ពិនិត្យ​សាក​សព​ដូចគ្នា​នេះ​ ហើយ​បាន​រកឃើញ​និង​ចាប់​ឃាតករ​ពិត​យក​ទៅ​ផ្ដន្ទាទោស​តាម​ច្បាប់​ផង​ដែរ៕