ភ្នំពេញៈ ​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​កាលពី​ម្សិលមិញ​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​​ ខណៈ​បុរស​រូបនេះ​កំពុង​ឡើង​ជិះ​រថយន្ត​ឈ្នួល​នៅ​សង្កាត់-ខណ្ឌ​ព្រែកព្នៅ​បម្រុង​គេចខ្លួន​ទៅ​ស្រុក​កំណើត​នៅ​ខេត្តរតនគិរី ក្រោយពី​បាន​រំលោភ​សម្លាប់​ក្មេងស្រី​អាយុ​ ១៤ ​ឆ្នាំ​ម្នាក់​ក្នុង​បន្ទប់​ជួល នៅ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​អង្គារ​។

លោក​ ជាវ វិបុល អនុប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ជនសង្ស័យ​រូបនេះ​ឈ្មោះ ឡាច ចន្ថា អាយុ​ ២៥ ​ឆ្នាំ ស្នាក់នៅ​ផ្ទះ​ជួល​ក្រុម​ ២ ភូមិ​ជ្រៃកោង សង្កាត់​ចោមចៅ​ទី​ ២ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ និង​មាន​ស្រុក​កំណើត​នៅ​ខេត្ត​រតនគិរី​។

បើ​តាម​លោក វិបុល កាលពី​រសៀល​ថ្ងៃ​អង្គារ​ (១ ​កញ្ញា​) ​មាន​អំពើ​ឃាតកម្ម​​មួយ​បាន​កើតឡើង​លើ​ក្មេងស្រី​អាយុ​ ១៤ ​ឆ្នាំ​ម្នាក់ ឈ្មោះ​ ពេញ ស្រីពេជ្រ ស្នាក់នៅ​បន្ទប់​ផ្ទះជួល​ ១ ​កន្លែង​ក្នុង​ភូមិ​ជ្រៃកោង សង្កាត់​ចោមចៅ​ទី​ ២ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​។

លោក​ថា​៖ «​សព​យុវតី​រងគ្រោះ​ត្រូវ​បាន​ក្រុមគ្រួសារ​សាច់ញាតិ​ប្រទះឃើញ​ក្នុង​សភាព​អាក្រាតកាយ និង​មាន​ស្នាម​អារផ្ដាច់​បំពង់ក​»​។

លោក វិបុល បាន​បន្តថា ក្រោយ​ធ្វើ​កោសល្យវិច័យ មន្ត្រី​នគរបាល​ជំនាញ​បាន​សន្និដ្ឋាន​ថា នេះ​ជា​ «​អំពើ​ឃាតកម្ម​រំលោភ​សម្លាប់​»​។ មុន​ចាប់​ខ្លួន​​នគរបាល​ជំនាញ​នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​បាន​សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ខេត្តកណ្ដាល និង​ខេត្តកំពង់ស្ពឺ​បាន​ចុះ​ស្រាវជ្រាវ​រហូត​កំណត់​​អត្តសញ្ញាណ និង​ចាប់ខ្លួន​ជនសង្ស័យ​បាន​នៅ​ចំណុច​ក្រោម​ស្ពាន​លីយ៉ុងផាត់ ក្នុង​ភូមិ​កណ្ដាល សង្កាត់-ខណ្ឌ​ព្រែកព្នៅ​ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ពុធ ខណៈ​ជនសង្ស័យ​កំពុង​ឡើង​ជិះ​រថយន្ត​ឈ្នួល​បម្រុង​គេចខ្លួន​ទៅ​ស្រុក​កំណើត​នៅ​ខេត្ត​រតនគិរី​។

លោក​បាន​ថ្លែងថា​៖ «​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​នៅ​មុន​ពេល​រំលោភ​សម្លាប់​យុវតី​រងគ្រោះ​នេះ រូបគេ​បាន​ផឹក​ស្រាស​ក្រឡុក​លាយ​ទឹកក្រូច​ និង​ថ្នាំញៀន​ប្រភេទ​ Ecstasy​។

លុះ​ពេល​ស្រវឹង​ដើរកាត់​បន្ទប់​ជួល​បានឃើញ​ក្មេងស្រី​រងគ្រោះ​នៅក្នុង​បន្ទប់​ម្នាក់ឯង ក៏​ចូលទៅ​ចាប់​នាង​រំលោភ​រហូត​បាន​សម្រេច រួច​ក៏​យក​កូនកាំបិត​ចុង​ស្រួច អារ ក សម្លាប់​ក្មេងស្រី​រងគ្រោះ​ដើម្បី​បំបិទមាត់​»​។

លោក​​ វិបុល បាន​ឲ្យ​ដឹង​ទៀតថា ក្រោយ​ស្ដាប់​ចម្លើយ​រួច មន្ត្រី​ជំនាញ​បានធ្វើ​តេស្ត​ទឹកនោម​ជនសង្ស័យ​ឃើញ​ «​មាន​ផ្ទុក​សារធាតុ​ញៀន​»​។ ​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ត្រូវ​បាន​មន្ត្រី​ជំនាញ​បន្ត​សួរចម្លើយ​ដើម្បី​ប្រមូល​ភ័ស្ដុតាង​បន្ថែម និង​កំពុង​រៀបចំ​ឲ្យ​ជនសង្ស័យ​ធ្វើ​ត្រាប់​សកម្មភាព​ដែល​បាន​ប្រព្រឹត្ត​ទៅលើ​យុវតី​រងគ្រោះ​ ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការកសាង​សំណុំរឿង​នៃ​បទល្មើស បញ្ជូន​ទៅ​តុលាការ​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​។

ជុំវិញ​ករណី​ឃាតកម្ម​ដ៏ឃោរឃៅ​នេះ អ្នកស្រី ចាន់ ស្រីមុំ អាយុ​ ៤៥ ​ឆ្នាំ​ ត្រូវ​ជា​ម្ដាយ​ក្មេងរងគ្រោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ពេលនេះ​អ្នកស្រី​កំពុង​រៀបចំ​ពិធី​បុណ្យសព​ឲ្យ​កូនស្រី​ជា​ទីស្រឡាញ់​នៅក្នុង​ទីតាំង​ភូមិ​កើតហេតុ​ខាងលើ​។ អ្នកស្រី​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​សូម​ឲ្យ​សមត្ថកិច្ច​ចាប់​ជនសង្ស័យ​ឲ្យ​ទៅ​តុលាការ ធ្វើការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​ ១ ​ជីវិត​»៕