កំពង់ចាមៈ ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិ​កម្ម ​រុក្ខា​ប្រមាញ់​ ​និង​នេ​សាទ​ខេត្ត​កំពង់​ចាម​ ​បាន​បូម​ឈាម​សត្វ​ជ្រូក​ចំនួន​​ ​១០​ ក្បាល​ ដើម្បី​យក​ទៅ​ធ្វើ​តេស្ដ​រក​មេរោគ​ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្រ្វិក​នៅ​ក្រសួង​កសិ​កម្ម​ រុក្ខា​ប្រមាញ់ ​និង​នេសាទ​ក្នុង​រាជ​ធានី​ភ្នំពេញ ​បន្ទាប់​ពី​សត្វ​ជ្រូក​ទាំង​នោះត្រូវ​បាន​គេ​លួច​នាំចូល​កម្ពុជា​ពី​ប្រទេស​ វៀត​ណាម ​ដោយ​ខុស​ច្បាប់​ ​ហើយ​ត្រូវ​មន្ត្រី​បង្ក្រាប​​បាន​ស្ថិត​ក្នុង​ស្រុក​កោះ​សូទិន​ ​ខេត្ត​កំពង់​ចាម​។​ ​យោង​តាម​គេ​ហ​ទំ​ព័រ​របស់​មន្ទី​រ​កសិ​កម្ម​ខេត្ត​កំពង់​ចាម​បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ ​២៤​ ​ខែ​មេសា។​

​គេ​ហ​ទំ​ព័រ​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា​​អាជ្ញា​ធរ​បាន​ឃាត់​រថយន្ត​ ១ គ្រឿង ​ដឹក​ជ្រូក​ចំនួន​ ១០ ​ក្បាល​ ​ចេញ​ពី​ប្រទេស​វៀត​ណាម ​និង​បាន​យក​រថយន្ត​ និង​សត្វ​ជ្រូក​ទៅ​រក្សា​ទុក​នៅ​ការិ​យា​ល័យ​ផលិត​កម្ម​ និង​បសុ​ព្យាបាល។​

​​គេ​ហ​ទំព័រ​នេះ​ថា​៖ «​ប្រ​សិន​បើ​មន្ត្រី​ជំនាញ​រក​ឃើញ​វីរុស​ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្រ្វិក​កើត​មាន​ក្នុង​ជ្រូក​ទាំង​នោះ ​ត្រូវ​ដុត​បំផ្លាញ​តែ​ម្ដង​ រួច​មន្ត្រី​ជំនាញ​នឹង​អនុ​វត្ត​បន្ត​តាម​នីតិវិធី»។

​លោក​ ​ស៊ឹម​ ​ថា​វីរៈ​ ប្រធាន​មន្ទីរ​កសិ​កម្ម​ខេត្ត​កំពង់​ចាម​បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​ម្សិល​មិញ​ថា ​ការ​លួច​នាំ​ចូល​ជ្រូក​ពី​ប្រទេស​ វៀត​ណាម​ នៅ​ថ្ងៃទី​ ២៤ នេះ​ គឺ​ជា​​ករណី​ទី៣​ ហើយ​ដែល​មន្ត្រី​របស់​លោក​បាន​បង្ក្រាប​បាន ​ដោយ​លើក​ទី១​ មាន​ជ្រូក​ចំនួន​ ២៥ ​ក្បាល ​និង​លើក​ទី៣ ​មាន​ចំនួន ​៤៥ ​ក្បាល ​ប​ន្ទាប់​ពី​ក្រសួង​បាន​ហាម​ឃាត់​ឈប់​ឱ្យ​នាំ​សត្វ​ជ្រូក​ចេញ​ពី​វៀត​ណាម​តាំង​ពី​អំឡុង​ខែ​កុម្ភៈ​មក។

កន្លង​​មកអ្នក​បើក​ឡាន​ដឹក​ជ្រូក​ចូល​ខុស​ច្បាប់​ទាំង​នោះ ​គ្រាន់​តែ​ឱ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ ​ដើម្បី​កុំ​ឱ្យ​ពួក​គេ​ប្រព្រឹត្ត​ខុស​ជា​លើក​ទី២ ​ម្ដង​ទៀត​​។​ នៅ​ខេត្ត​ត្បូង​ឃ្មុំ​ក៏​ទើប​បង្ក្រាប​បាន​រថ​យន្ត​ដឹក​ជ្រូក​ខុស​ច្បាប់​ចំនួន​ពីរ​គ្រឿង​ចេញ​ពី​ប្រទេស​ វៀត​ណាម ​ដែរ​ ជំងឺ​ប៉េស្ដ​ជ្រូក​នេះរាល​ដាល​ចេញ​ពី​ប្រទេស​​ វៀតណាម៕