The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សមត្ថកិច្ច​ចាប់ផ្តើម​បំពាក់​កាមេរ៉ា​សុវត្ថិភាព​តាម​ភ្លើង​ស្តុប

សមត្ថកិច្ច​ចាប់ផ្តើម​បំពាក់​កាមេរ៉ា​សុវត្ថិភាព​តាម​ភ្លើង​ស្តុប

កាមេរ៉ា​សុវត្ថិភាព​ត្រូវ​បាន​បំពាក់​នៅ​ស្ដុប​បូកគោ​កាលពី​ថ្ងៃ​ម្សិលមិញ​។
កាមេរ៉ា​សុវត្ថិភាព​ត្រូវ​បាន​បំពាក់​នៅ​ស្ដុប​បូកគោ​កាលពី​ថ្ងៃ​ម្សិលមិញ​។ ម៉ៃ វីរៈ

សមត្ថកិច្ច​ចាប់ផ្តើម​បំពាក់​កាមេរ៉ា​សុវត្ថិភាព​តាម​ភ្លើង​ស្តុប

ភ្នំពេញៈ ក្នុង​ទិសដៅ​រឹត​បន្តឹង​សន្តិសុខ និង​ទប់ស្កាត់​សកម្មភាព​ចោរ​ឆក់ ប្លន់ ក្នុង​រាជធានី​សមត្ថកិច្ច​បាន​ចាប់ផ្តើម​បំពាក់​កាមេរ៉ា​សុវត្ថិភាព​តាម​បណ្តា​ភ្លើង​ស្តុប​មហាវិថីសំ​ខាន់ៗ​ចំនួន ២០ ​ទីតាំង​ស្រប​ពេល​ដែល​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដាក់​បញ្ចូល​នូវ​ការ​ផាក​ពិន័យ​ចំពោះ​អ្នក​រួម​ដំណើរ​ជា​កុមារ​ដែល​មិន​ពាក់​មួក​សុវត្ថិភាព​ដើម្បី​ចូលរួម​គោរព និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍។

តាម​គេហទំព័រ​របស់​អគ្គស្នងការ​នគរបាល​ជាតិ ការ​បំពាក់​កាមេរ៉េ​សុវត្ថិភាព​ធ្វើ​ឡើង​ក្រោម​កិច្ចសហការ​ជាមួយ​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន។

លោក សោម ធារិទ្ធ នាយការិយាល័យ​ទូរស័ព្ទ​នៃ​នាយកដ្ឋាន​វិទ្យុ​ទាក់ទង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួង​មហាផ្ទៃ​ដែល​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិការ​នេះ​បាន​ឲ្យ​ដឹង​ថា​វិធានការ​នេះ​មាន​សារៈសំខាន់​ក្នុង​ការ​ទប់ស្កាត់​បទល្មើស លួច ឆក់ ប្លន់ ក៏​ដូចជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍ និង​ការ​មិន​គោរព​ច្បាប់​ចរាចរណ៍។

លោក​បញ្ជាក់​ថា៖ «អ្នក​ដំណើរ​ទូទៅ​បំពាន​ស្លាក​សញ្ញា ភ្លើង​ស្តុប​ហើយ​សមត្ថកិច្ច​នឹង​ធ្វើការ​ផាក​ពិន័យ​ទៅ​តាម​ភ័ស្តុតាង​ជាក់ស្តែង​ដែល​មាន​ជាប់​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព»​។

ប្រធាន​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក រុន រ័ត្នវាសនា បាន​ឲ្យ​ដឹង​ថា​ក្នុង​កិច្ចការងារ​នេះ​ការិយាល័យ​កណ្តាល​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​អគ្គស្នងការ​នគរបាល​ជាតិ​ដែល​ជា​ទីតាំង​នៃ​កន្លែង​ផ្ទុក​ឧបករណ៍ និង​ទូរស័ព្ទ​តាមដាន​សកម្មភាព​នានា​ដែល​ថត​បាន​​ដោយ​កាមេរ៉ា​សុវត្ថិភាព​ទាំង​នោះ។

លោក​ថា៖ «ខាង​យើង (នាយកដ្ឋាន​សណ្តាប់​ធ្នាប់​) គឺ​រង់ចាំ​សហការ​ក្នុង​ករណី​បញ្ជូន​ព័ត៌មាន​ពី​ការ​កកស្ទះ​ចរាចរណ៍​ឧបទ្ទវហេតុ​កន្លែង​ស្តុប​ណា ឬ​បទល្មើស​នានា គឺ​ខាង​យើង​នឹង​បញ្ជូន​កម្លាំង​ចុះ​ទៅ​ភ្លាមៗ​ដើម្បី​សម្រួល​ក៏​ដូចជា​បង្ក្រាប​នូវ​បទល្មើស​»​។

តាម​គម្រោង​ភ្លើងស្តុប​សំខាន់ៗ​លើ​ដង​វិថី​ដែល​នឹង​ត្រូវ​បំពាក់​កាមេរ៉ា​សុវត្ថិភាព​សរុប​មាន​ចំនួន ២០ គោលដៅ​ធំៗ​រួមមាន​ស្តុប​ច្រមុះ​ជ្រូក​ក្បាល​ថ្នល់​ស្តុប​ក្រសួង​មហាផ្ទៃ​ស្តុប​ចំការមន ស្តុប​បូកគោ ស្តុប​ពេទ្យ​ចិន ស្តុប​ទូត​អាល្លឺម៉ង់ ស្តុប​ផ្សារ​អូរឫស្សី ស្តុប​ផ្សារ​ថ្មី ស្តុប​សួន​កាណាឌីយ៉ា ស្តុប​សណ្ឋាគារ​ណានជីង ស្តុប​ដេអិន ស្តុប​វិទ្យាល័យ​សន្ធរម៉ុក ស្តុប​ទេពផន ស្តុប​ម៉ុងឌីយ៉ាល់ ស្តុប​ផ្សារ​ដើមគ ស្តុប​អាងទឹក​អូឡាំពិក ស្តុប​នាង​គង្ហីង ស្តុប​ផ្សារ​ដេប៉ូ​ស្តុប​អូឡាំពិក និង​ស្តុប​ច្បារអំពៅ។

ក្នុង​វេទិកា​ថ្នាក់​និពន្ធ​នាយក​សារព័ត៌​មាន​ស្តី​ពី “រួម​គ្នា​ជំរុញ​ការ​ពាក់​មួក​សុវត្ថិភាព​នៅ​កម្ពុជា” ដែល​ធ្វើ​ឡើង​កាលពី​ម្សិលមិញ​នេះ​ដែរ​នៅ​សណ្ឋាគារ​អាំងទែរ​កុងទីណង់តាល់​លោក​ គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​បាន​ថ្លែង​ថា​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី​ដែល​បង្កើតឡើង​កាលពី​ខែ​មករា​បាន​តម្រូវ​ឲ្យ​មនុស្ស​ពេញវ័យ​កំពុង​បើកបរ​ពាក់​មួយ​សុវត្ថិភាព ប៉ុន្តែ​អ្នក​រួម​ដំណើរ​ជាមួយ​ជា​កុមារ​គឺ​មិន​មាន​ពាក់​មួក​សុវត្ថិភាព​ទេ។

លោក​បាន​ស្នើ​ដល់​រាជរដ្ឋាភិបាល​ពង្រឹង​ច្បាប់ និង​ចាត់​វិធានការ​ចាំបាច់​បន្ថែម​ទៀត​ជាពិសេស​បញ្ចូល​ការ​ដាក់​ពិន័យ​ចំពោះ​អ្នក​រួម​ដំណើរ​ជា​កុមារ​ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ​ពី​គ្រោះថ្នាក់​ចរាចរណ៍។

លោក​ថា៖ «កុមារ​ជា​អនាគត​នៃ​ប្រទេស​ជាតិ​របស់​យើង គាត់​ជា​ធនធាន​ដ៏​មាន​សក្តានុពល​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​ជាតិ​យើង អ៊ីចឹង​កុមារ​ដែល​ជា​ជនរងគ្រោះ​មួយ​រូប​ដែរ​នោះ​ចាំបាច់​ទាមទារ​​ឲ្យ​មាន​ការ​រឹតបន្តឹង​ការ​អនុវត្ត​ច្បាប់​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ពាក់​មួក​សុវត្ថិភាព»។

ក្នុង​វេទិកា​នោះ​ដែរ​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​ថ្លែង​ថា​បើ​ទោះបី​ជា​សមត្ថកិច្ច​បាន​​ដាក់​​កាមេរ៉ា​សុវត្ថិភាព​នៅ​តាម​ភ្លើង​ស្តុប​មួយ​​ចំនួន​ក៏ដោយ ប៉ុន្តែ​លោក​ស្នើឲ្យ​មាន​ការ​រៀបចំ​ជា​រូបភាព​ពន្យល់​ពី​គ្រោះថ្នាក់​ចរាចរណ៍​បែប​វិទ្យាសាស្ត្រ​ពាក់ព័ន្ធ​នឹង​ផល​អាក្រក់​កើត​ចេញ​ពី​គ្រោះថ្នាក់​ចរាចរណ៍​បន្ថែម​ទៀត​ដើម្បី​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ និង​បង្កើន​ការ​ពាក់​មួក​សុវត្ថិភាព​។

លោក​ថា៖ «ធ្វើ​​បែប​នេះ​នឹង​មាន​ផល​ច្រើន បើ​យើង​អាច​រៀបចំ​ជា​រូបភាព​ពន្យល់​ជា​វិទ្យាសាស្ត្រ​ថា​ការ​បុក​គ្នា​វា​យ៉ាង​ម៉េច​ហើយ​ក្រឡាប់​ទៅ​គ្រោះថ្នាក់​យ៉ាង​ម៉េច​ដាច់​ក ហូរ​ឈាម​អី​ទៅ ដើម្បី​ទាញ​អារម្មណ៍​​មនុស្ស​ឲ្យ​យល់​ដាក់​រូបភាព​អ៊ីចឹង​​ទៅ​បាន​គាត់​ខ្លាច»។

យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​ ២០១៤ របស់​ប្រព័ន្ធ​ព័ត៌មាន​ជនរងគ្រោះ​ និង​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​កម្ពុជា​បាន​ឲ្យ​​ដឹង​ថា​ជនរងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​សរុប​មាន​ចំនួន ១៥៣១៥ នាក់ ក្នុង​នោះ​បាត់បង់​ជីវិត ២២២៦ ​នាក់ និង​រងរបួស​ធ្ងន់ ៦០០៥ នាក់ គិត​ជា​មធ្យម​ចំនួន​អ្នក​ស្លាប់ ៦ នាក់ និង​របួស ១៧ នាក់​ក្នុង​មួយ​ថ្ងៃ។

ក្នុង​នោះ ៩៥ ភាគរយ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ដោយ​កត្តា​មនុស្ស​ដែល​រួម​មាន​ការ​បើកបរ​ហួស​ល្បឿន​កំណត់ បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​ហើយ​ ៦៩ ភាគរយ​នៃ​អ្នក​ស្លាប់​គឺ​ដោយសារ​មិន​ពាក់​មួក​សុវត្ថិភាព​។ ចំណែក​ការ​សិក្សា​របស់​អ្នក​ឯកទេស​ជាតិ​អន្តរជាតិ បាន​រកឃើញ​ថា​គ្រោះថ្នាក់​ចរាចរណ៍​បាន​ធ្វើឲ្យ​ប្រទេស​កម្ពុជា​មាន​ការ​ខាតបង់​សេដ្ឋកិច្ច​ជាតិ​រហូត​ដល់​ជាង ៣០០ ​លាន​ដុល្លារ​ឯណោះ​ក្នុង​មួយ​ឆ្នាំ៕

អត្ថបទគួរចាប់អារម្មណ៍