ស្ទឹងត្រែង: សមត្ថកិច្ចជំនាញខេត្តស្ទឹងត្រែងចាប់បានរថយន្ដដឹកឈើល្មើសច្បាប់ ១ គ្រឿងនៅសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែងដោយរឹបអូសឈើបេងបាន ១៣៨ ដុំស្មើ ១,៩០១ ម៉ែត្រគុប ប៉ុន្ដែអ្នកបើករថយន្តបានរត់គេចខ្លួន ខណៈមន្ត្រីមន្ទីរបរិស្ថានខេត្តនេះក៏បានរឹបអូសសម្ភារខុសច្បាប់មួយចំនួនផងដែរ ពេលចុះល្បាតព្រៃនៅឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ។
លោក លៀង សេង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែងបានថ្លែងពីម្សិលមិញថា មន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានសហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តស្ទឹងត្រែង ចាប់បានរថយន្ដដឹកឈើល្មើសច្បាប់ ១ គ្រឿងកាលថ្ងៃទី ៩ ខែមីនាឆ្នាំនេះ។
លោកបន្តថា រថយន្តដែលសមត្ថកិច្ចចម្រុះចាប់នោះម៉ាកសាំងយ៉ុងពាក់ស្លាកលេខ ភ្នំពេញ 2AC-94 14 ជារបស់ជនសង្ស័យម្នាក់ (មិនបង្ហាញអត្តសញ្ញាណ) ដែលប្រកបមុខរបរដឹកឈើមកលក់ឲ្យសិប្បកម្មកែច្នៃឈើ ១ កន្លែងក្នុងខេត្តស្ទឹងត្រែង ប៉ុន្ដែអំឡុងពេលបង្ក្រាបនោះជនសង្ស័យបានរត់គេចខ្លួនបាត់ ។
លោកបញ្ជាក់ថា៖ «ក្រោយពីបង្ក្រាបរថយន្តនេះសមត្ថកិច្ចបានប្រគល់ទាំងឈើ និងរថយន្តជូនទៅផ្នែករដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង។ ឈើទាំងនេះគឺប្រភេទឈើបេងមានចំនួន ១៣៨ ដុំស្មើ ១,៩០១ ម៉ែត្រគុប ដោយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើខ្ញុំកំពុងធ្វើរបាយការណ៍លម្អិតបន្ថែម និងស៊ើបអង្កេតរកម្ចាស់ឈើ និងអ្នកបើកបររថយន្តនេះមកផ្តន្ទាទោសតាមច្បាប់»។
លោក វ៉ា សុផាន់ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តស្ទឹងត្រែងបានឲ្យដឹងថា រថយន្តនេះដឹកចេញពីឃុំស្រែគថ្មី ឆ្លងកាត់តាមឃុំភ្លុក ឃុំកំភុន ឃុំសាមឃួយ ស្រុកសេសាន ចូលមកទម្លាក់ឈើឲ្យម៉ូយក្នុងទីរួមខេត្តស្ទឹងត្រែង ប៉ុន្ដែមិនទាន់បានដល់គោលដៅផងស្រាប់តែសមត្ថកិច្ចស្ទាក់ឃាត់តាមផ្លូវតែម្ដង។
លោកបញ្ជាក់ថា៖ «សមត្ថកិច្ចយើងស៊ើបដឹងច្បាស់ហើយទើបដេញតាមពីក្រោយ មកស្ទាក់ចាប់បាននៅទីប្រជុំជនភូមិរាជានុគោល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ប៉ុន្ដែអ្នកបើកបររត់គេចខ្លួនបាត់ហើយ។ យើងបានយកឡាន និងឈើនោះប្រគល់ឲ្យមន្ត្រីរដ្ឋបាលព្រៃឈើរួចរាល់ហើយ គាត់មន្ត្រីជំនាញចាត់ចែងបន្តតាមនីតិវិធីច្បាប់»។
ករណីដោយឡែកមួយទៀតនៅថ្ងៃដដែលនោះមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងចំនួន ៥ នាក់បានចុះល្បាតនៅចំណុចតំបន់ជួរពស់ព្រៃ ដោយបានពន្លត់ភ្លើងឆេះព្រៃ ១ ករណី ហើយពេលបន្តល្បាតនៅចំណុចអូរស្លឹកក៏បានប្រទះឃើញមានអាចម៌ដំរីព្រៃ និងបានដកហូតខ្សែអន្ទាក់ចំនួន ១០ ខ្សែ គោយន្តកន្រៃ្ត ១ គ្រឿង និងដកហូតកាំភ្លើងកែច្នៃបានចំនួន ២ ដើម។ នេះបើតាមរបាយការណ៍ក្រសួងបរិស្ថានកាលពីម្សិលមិញ។
តាមរបាយការណ៍នេះកាំភ្លើងច្នៃ ២ ដើមត្រូវបានដកហូតនៅចំណុចត្រពាំងស្លុងក្នុងភូមិជាំធំ ឃុំកោះស្នែង ខណៈមន្ត្រីឧទ្យានុរក្សបានសហការជាមួយប្រជាការពាររិទ្ធីសែនជ័យ ២ និងប្រជាការពារឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យចុះល្បាតច្រករបៀងអភិរក្សជីវចម្រុះ។ រីឯព្រានដែលកាន់កាំភ្លើងច្នៃទាំងនេះត្រូវបានធ្វើកិច្ចសន្យាឲ្យបញ្ឈប់បន្តសកម្មភាព ប៉ុន្តែវត្ថុតាងបានយកមករក្សាទុកនៅស្នាក់ការ។ ចំណែកអ្នកបើកគោយន្ដកន្រៃ្តដឹកឈើគ្រឿងផ្ទះ ១ គ្រឿងក៏បានធ្វើកិច្ចសន្យាដែរ ខណៈឃើញមានដឹកឈើ ៥ បន្ទះ (ក្ដារអាររួច)។
របាយការណ៍បន្ថែមថា លើសពីនេះមន្ត្រីឧទ្យានុរក្សឧទ្យានជាតិវីរជ័យបានចុះល្បាតនៅចំណុចអូរចិនតុង និងអូរព្រុល បានជួបមនុស្សចំនួន ៥ នាក់កំពុងធ្វើសកម្មភាពលួចកាប់ព្រៃធ្វើចម្ការ និងដកហូតបានរណារយន្ត ២ គ្រឿង និងបានតម្រូវឲ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។ បន្ទាប់មកសមត្ថកិច្ចបានដោះខ្សែអន្ទាក់ ១២ ខ្សែដែលជនមិនស្គាល់មុខបានរាយទាក់សត្វនៅចំណុចអូរព្រុលនោះ៕