កណ្ដាលៈ មន្ត្រីនគរបាល​បាន​អះអាង​ពី​ម្សិលមិញ​ថា ជន​ត្រូវ​ចោទ​ម្នាក់​ក្នុងចំណោម​គ្នា​ ៥ ​នាក់ ​ត្រូវបាន​ចាប់ខ្លួន​ភ្លាមៗ បន្ទាប់ពី​បុរស​រូបនេះ​ព្យាយាម​រត់​ចេញពី​ក្នុង​ពន្ធនាគារ​ខេត្តកណ្ដាល​កាលពី​យប់​ថ្ងៃទី​ ៩ ខែ​មករា រីឯ​អ្នក​ផ្សេងទៀត​សមត្ថកិច្ច​កំពុង​បន្ត​តាម​ចាប់ខ្លួន​។

លោក​ ឈុន ស៊ីណាត ស្នងការរង​នគរបាល​ខេត្តកណ្ដាល​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ថា ពេលនេះ​នគរបាល​ជំនាញ​កំពុង​តាម​​រក​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​ ៤ ​នាក់​ទៀត​ដើម្បី​បន្ត​នីតិវិធី​ច្បាប់​។

លោក​ថា​៖ «​តាម​សេចក្ដី​រាយការណ៍​ពី​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ខេត្តកណ្ដាល ក្រុម​ជន​ត្រូវ​ចោទ​ទាំង​ ៤ ​នាក់​នោះ ​ត្រូវបាន​តុលាការ​ខេត្តកណ្ដាល​ចោទប្រកាន់​ពី​បទ​ជួញដូរ​គ្រឿងញៀន និង​លួច​មាន​ស្ថាន​ទម្ងន់ទោស​»​។

បើ​តាម​លោក ស៊ីណាត ជន​ត្រូវ​ចោទ​ឈ្មោះ ឆុំ ស៊ីមី ដែល​​ចាប់ខ្លួន​បាន​ក្រោយពី​ព្យាយាម​រត់គេច​ពី​ពន្ធនាគារ​ទាំងយប់​នោះ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ថ្ងៃទី​ ៤ ​ខែ​មករា ឆ្នាំ​ ២០២១ ករណី​រក្សាទុក​គ្រឿងញៀន​ខុសច្បាប់​។ ​រីឯ​ជន​ត្រូវ​ចោទ​ ៤ ​នាក់​ដែល​សមត្ថកិច្ច​កំពុង​បន្ត​តាម​ចាប់​មកវិញ​រួមមាន ឈ្មោះ នោ មេសា​,​ ណាង ឈៀកលៀង​ (​អ្នក​ទាំង​ ២ ចាប់ខ្លួន​ថ្ងៃទី​ ១ ខែ​មករា​) រុន ពៅ និង ឈ្មោះ សេង សួនហួង​ (​អ្នក​ទាំង​ ២ ​ចាប់ខ្លួន​ថ្ងៃទី​ ៤ ខែ​មករា )​។

កាលពី​ថ្ងៃ​ម្សិលមិញ​លោក ចាត ស៊ីនាង ប្រធាន​ពន្ធនាគារ​​ខេត្តកណ្ដាល​ពុំ​អាចទាក់ទង​សុំ​ការអត្ថាធិប្បាយ​ពី​ករណីនេះ​​បានទេ​។ ​ប៉ុន្តែ​លោក នុត សវនា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួងមហាផ្ទៃ​បាន​ថ្លែងថា កម្លាំង​នគរបាល​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ និង​កម្លាំង​នគរបាល​ខេត្តកណ្ដាល​កំពុង​ស្រាវជ្រាវ​ករណី​នេះ​។

លោក​ថា​៖ «​ពេលនេះ​មន្ត្រី​ជំនាញ​យើង​សាកសួរ​អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​អំឡុងពេល​លួច​រត់ ដើម្បី​ស្វែងរក​ការពិត​។ ចំណែក​មន្ត្រី​អនុរក្ស​ពន្ធនាគារ​មួយចំនួន​ក៏ត្រូវ​បាន​ហៅ​មក​សួរនាំ​ជុំវិញ​ករណីនេះ​ផងដែរ​»​។

ក៏ប៉ុន្តែ​លទ្ធផល​នៃ​ការស៊ើបសួរ​នោះ​លោក សវនា នៅ​មិនទាន់​ប្រាប់​ឱ្យ​ដឹង​ទេ ដោយ​ថា ករណី​នេះ​កំពុងស្ថិត​ក្រោម​នីតិវិធី​ស៊ើបសួរ​នៅឡើយ​៕