ភ្នំពេញៈ យ៉ាង​ហោចណាស់​មនុស្ស​ចំនួន​ ៥៩ ​នាក់​ ត្រូវបាន​ចាប់​ និង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​នៅក្នុង​ឆ្នាំ​ ២០១៩ ដែល​បាន​ពាក់ព័ន្ធ​ក្នុង​ការធ្វើ​អាជីវកម្ម​បំផ្លាញ​ធនធាន​ធម្មជាតិ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ចេញផ្សាយ​កាលពី​ម្សិលមិញ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​បាន​ឲ្យ​ដឹងថា កម្លាំង​បង្ក្រាប​កាលពី​ឆ្នាំ​ ២០១៩ ចាប់​និង​រឹបអូស​បាន​ឈើ​ចម្រុះ​ជាង​ ៩ ​ពាន់​ (៩.២១៥) ​ម៉ែត្រគុប និង​រឹបអូស​សម្ភារ​នានា​ដែល​ជា​មធ្យោបាយ​បម្រើ​ឲ្យ​ការធ្វើ​អាជីវកម្ម​សរុប​ ៤៩១ ​គ្រឿង និង​រថយន្ត​បាកុង និង​មធ្យោបាយ​កែច្នៃ​ដែល​ត្រូវបាន​បំផ្ទុះ ដុត និង​កាត់​បំផ្លាញចោល​គឺ​មាន​ចំនួន​ ២១២ ​គ្រឿង​។ ឈើ​ចាប់​បាន​ទាំងអស់​ត្រូវ​រក្សាទុក​មិនឱ្យ​បាត់បង់ ដើម្បី​ដាក់​ដេញថ្លៃ​ប្រមូល​ថវិកា​ចូល​រដ្ឋ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​បាន​ឲ្យ​ដឹងថា មន្ត្រី​មាន​សមត្ថកិច្ច​ត្រូវ​បន្ត​អនុវត្ត​វិធានការ​ច្បាប់​លើ​បុគ្គល​ ឬ​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​ការប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ដោយ​ជនសង្ស័យ និង​វត្ថុតាង​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​តាម​នីតិវិធី ហើយ​មធ្យោបាយ ឧបករណ៍ និង​សម្ភារ​ដែល​បំផ្លាញ​ព្រៃឈើ​ដូចជា រថយន្ត គោយន្ត ម៉ូតូ រទេះគោ រទេះក្របី រ៉ឺម៉ក រណារយន្ត ត្រូវ​បំផ្លាញចោល​។ ចំណែក​អាវុធ​ ឬ​ជាតិ​ផ្ទុះ​ដែល​ត្រូវ​កាន់កាប់​ដោយ​ខុសច្បាប់ ត្រូវ​រឹបអូស​ជា​សម្បត្តិ​រដ្ឋ ឬ​ត្រូវ​បំផ្លាញចោល​។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​បាន​ឲ្យ​ដឹង​ទៀតថា នាពេល​បច្ចុប្បន្ន តាមរយៈ​ការស្រាវជ្រាវ និង​ស៊ើបអង្កេត​របស់​ជំនាញ​បាន​បញ្ជាក់ថា ការកាប់​ឈើ និង​ការដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​មាន​សភាព​ស្ងប់ស្ងាត់ ប៉ុន្តែ​នៅ​មាន​ការលួចបន្លំ​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ដោយ​ខុសច្បាប់​តាម​រូបភាព​ជា​រថយន្ត​សាំយ៉ុង រថយន្ត​កែច្នៃ​ធុន​តូច គោយន្ត ម៉ូតូ រទេះគោ រទេះក្របី រ៉ឺម៉ក​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បន្តថា អភិបាលខេត្ត ស្រុក ក្រុង និង​ខណ្ឌ​ត្រូវ​ដឹកនាំ​សម្របសម្រួល​កងកម្លាំង​មន្ត្រី​ជំនាញ​មាន​សមត្ថកិច្ច​ត្រូវ​បន្ត​ត្រួតពិនិត្យ​រាល់​ការដឹកជញ្ជូន​ផលអនុផល​ព្រៃឈើ​ដែល​មាន​ការអនុញ្ញាត​ទាំងអស់​ចាប់ពី​ដើម​ទី កណ្ដាល​ទី និង​ចុង​ទី រួមទាំង​ការត្រួតពិនិត្យ​រោង ឃ្លាំង និង​សិប្បកម្ម​កែច្នៃ​ផល​អនុផល​ព្រៃឈើ​។ គណៈកម្មការ​ជាតិ​ក៏​បាន​អំពាវនាវ​ដល់​សាធារណជន និង​អ្នកសារព័ត៌មាន​ទាំងអស់​បន្ត​ចូលរួម​ផ្ដល់​ព័ត៌មាន​ពិត​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​ថ្នាក់ ហើយ​ព័ត៌មាន​នោះ​នឹង​អាច​ឈាន​ទៅរក​ការទប់ស្កាត់ និង​បង្ក្រាប​រាល់​បទល្មើស​ព្រៃឈើ ព្រមទាំង​សូម​គោរព​ច្បាប់ គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​ទាំងអស់​គ្នា​។

ទោះ​ជា​យ៉ាងណា​ក៏ដោយ​លោក ហេង ស្រស់ សកម្មជន​ព្រៃឈើ​បាន​ថ្លែងថា លោក​ទទួល​ស្គាល់​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​។

លោក​ថ្លែងថា​៖ «​ដើម្បី​ធានាថា ព្រៃឈើ​មិន​បាត់បង់​គឺ​គណៈកម្មការ​នេះ​គួរតែ​បង្ក្រាប​អ្នក​មាន​ងារ​ជា​ឧកញ៉ា​ធំៗ​ដែល​កំពុង​រកស៊ី​រង់​ចាំ​ទិញ​ឈើ​ខុសច្បាប់​ពី​ក្រុម​អ្នក​កាប់បំផ្លាញ​ព្រៃឈើ ដើម្បី​យកទៅ​លក់​បន្ត​នៅ​ក្រៅ​ប្រទេស​។ ប៉ុន្តែ​រាល់​ជនសង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន​កន្លងមក​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​គឺជា​អ្នកតូចតាច​ដើម្បី​បំភាន់​ភ្នែក​មហាជន​ប៉ុណ្ណោះ​»​។

លោក​ថា​៖ «​ពួកយើង​ចង់​ឱ្យ​មាន​ការបង្ក្រាប​ពួក​អ្នកដឹកឈើ​ទាំង​ឡានៗ និង​ទូកុងតឺន័រ​យក​ទៅ​ក្រៅ​ប្រទេស​»​។

លោក អេង ហ៊ី មន្ត្រី​នាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​កាលពី​ម្សិលមិញ​សុំ​បដិសេធ​ក្នុង​ការបង្ហាញ​អំពី​ចំនួន​ជនសង្ស័យ​ដែល​កំពុងស្ថិត​ក្នុង​ការសង្ស័យ​ពីបទ​បំផ្លាញ​ព្រៃឈើ​ឡើយ ដោយ​លោក​អះអាង​ថា គឺជា​រឿង​សម្ងាត់​របស់​តុលាការ​។

លោក ជុន ចៀន សមាជិក​បណ្ដាញ​ព្រៃ​ព្រះរកា ខេត្ត​ព្រះវិហារ​បាន​ថ្លែង​ឲ្យ​ដឹងថា ក្រោយពី​មាន​ការបង្ក្រាប​របស់​គណៈកម្មការ​ជាតិ​ក្នុង​ឆ្នាំ​ ២០១៩ ​មក​គឺ​បទល្មើស​ព្រៃឈើ​ក្នុងព្រៃ​​ព្រះរកា​គឺ​បាន​ថយចុះ​ប្រហែល​ ៧០% ខណៈ​លោក​បាន​បញ្ជាក់ថា​កាលពី​ឆ្នាំ​ ២០១៧ និង​ ២០១៨ ជា​រៀងរាល់​ថ្ងៃ​គឺ​នៅពេល​ថ្ងៃ និង​ពេលយប់​មាន​គោយន្ត​ដឹកជញ្ជូន​ឈើ​ចេញពី​ប្រទេស​ហែល​ ១០០ ​គ្រឿង ដោយ​មាន​ឈ្មួញកណ្ដាល​ចាំ​ទិញ​យ៉ាង​អនាធិបតេយ្យ និង​បើកចំហ ប៉ុន្តែ​ពេលនេះ​នៅ​សល់​តិចតួច​ប៉ុណ្ណោះ​៕