ភ្នំពេញៈ ជនអន្តោប្រវេសន៍វៀតណាមរស់នៅខុសច្បាប់ ៣៤ នាក់ ដែលក្នុងនោះមានស្រី ៣ នាក់ ត្រូវបានសមត្ថកិច្ចចម្រុះនៃប្រតិបត្តិការធ្វើជំរឿនជនបរទេស ចុះចាប់ខ្លួនបាននៅទីតាំងសិប្បកម្មឈើមួយកន្លែងក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ពួកគេនឹងត្រូវរងការចោទប្រកាន់ពីបទស្នាក់នៅប្រទេសកម្ពុជាខុសច្បាប់ ដែលត្រៀមបញ្ជូនត្រឡប់ទៅវៀតណាមវិញ។
អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ លោក ម៉ម ស្រ៊ីមវណ្ណា បានឲ្យដឹងថា ប្រតិបត្តិការចាប់ខ្លួនជនជាតិវៀតណាមរស់នៅ និងប្រកបការងារខុសច្បាប់ក្នុងទីតាំងសិប្បកម្មគ្មានយីហោដែលបានធ្វើឡើងកាលពីល្ងាចថ្ងៃទី ២៩ ខែមេសានោះគឺធ្វើឡើងក្រោមកិច្ចសហការពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ មន្ត្រីក្រសួងការងារទទួលបន្ទុកត្រួតពិនិត្យការងារពលករ និងនគរបាលជាតិ។
លោកបានបន្តថា ដំបូងឡើយ សមត្ថកិច្ចបានរកឃើញ និងឃាត់ខ្លួនជនជាតិវៀតណាម ៣៧ នាក់ តែបន្ទាប់ពីមន្ត្រីជំនាញពិនិត្យទៅឃើញថា ៣ នាក់ មានច្បាប់រស់នៅ និងបំពេញការងារត្រឹមត្រូវ។
លោកបានឲ្យដឹងទៀតថា៖ «ពួកនេះ (ជនជាតិវៀតណាម) នៅពេលដែលសមត្ថកិច្ចចុះទៅ បាននាំគ្នារត់ពួនក្នុងបន្ទប់ទឹក ក្នុងគំនរឈើ និងសម្បកកង់ឡានទៀត ដើម្បីកុំឲ្យសមត្ថកិច្ចរកឃើញ តែសមត្ថកិច្ចនៅតែរកឃើញ ដោយចំណាយពេលយូរដែរ។ យើងមិនអាចឲ្យពួកគេមកធ្វើការងារដោយខុសច្បាប់ ដណ្តើមការងាររបស់ខ្មែរយើងអស់នោះទេ បើចេះត្រូវតែធ្វើដោយស្របច្បាប់»។
ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ លោក អ៊ុក ហៃសីលា បានឲ្យដឹងថា ជនអន្តោប្រវេសន៍វៀតណាមទាំង ៣៤ នាក់នេះ ត្រូវបានបញ្ជូនមកកាន់សមត្ថកិច្ច បន្តការសាកសួរកាលពីម្សិលមិញនេះ ដើម្បីរៀបចំបែបបទបញ្ជូនត្រឡប់ទៅវិញ និងផាកពិន័យតាមផ្លូវច្បាប់។ លោកថា៖ «តាមការសាកសួរ និងត្រួតពិនិត្យគឺមានអ្នកខ្លះទើបចូលមកធ្វើការ អត់មាន Passport ខ្លះមាន Passport តែជាប្រភេទទេសចរណ៍ ហើយមានខ្លះរស់នៅខុសច្បាប់ក្នុងកម្ពុជាយូរមកហើយ»។
បើតាមលោក អ៊ុកហៃសីលា ក្នុងពេល ៤ ខែដើមឆ្នាំ ២០១៥ នេះ ជនជាតិវៀតណាមដែលត្រូវឃាត់ខ្លួនបានក្នុងជំរឿនអន្តោប្រវេសន៍ទូទាំងរាជធានី ខេត្តក្នុងកម្ពុជាមានជាង ៥០០ នាក់ និងតែងតែត្រូវបានបញ្ជូនត្រឡប់ទៅវិញ អំឡុងពេល ១ សប្តាហ៍ក្រោយមន្ត្រីកុងស៊ុលនៃប្រទេសនេះបានរៀបចំឯកសាររួចរាល់។
យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ ចេញផ្សាយកាលពីដើមឆ្នាំ ២០១៥ កន្លងទៅនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងតាមរយៈលទ្ធផលនៃជំរឿនចុងក្រោយ រកឃើញជនបរទេសជិត ៨ ម៉ឺននាក់នៅកម្ពុជា ខណៈដែលជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន ១២៩៩ នាក់ មាន ៣១ សញ្ជាតិ ហើយក្នុងនោះ ៩០ ភាគរយជាជនជាតិវៀតណាម និងត្រូវបានបណ្តេញចេញក្នុងឆ្នាំ ២០១៤ ៕