ព្រះសីហនុ៖  កុង​តឺ​ន័​រ​ចំនួន ៨៣ ទូ​ ដែល​​ផ្ទុក​​ពេញ​ទៅ​ដោយ​កាកសំណល់​សំរាម​ ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្រ្កាប បន្ទាប់​ពី​មាន​ជន​ខិលខូច​​ លួច​នាំ​​ចូល​មក​ពី​បរទេស យកមក​ប្លុង​ចោល​ នៅ​កំពង់​ផែ​អន្តរ​ជាតិ​​​ខេត្ត​ព្រះសីហនុ ប៉ុន្ដែ​មន្រ្តី​មិន​ទាន់​ស្វែងរក​ឃើញ​​ប្រភព​សំរាម​ទាំង​នោះ​នៅ​ឡើយទេ​។ នេះបើ​តាម​លោក នេត្រ ភក្ត្រា រដ្ឋលេខា​ធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​។

លោក នេត្រ ភក្ត្រា បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្ដិ៍​នៅ​ល្ងាច​ថ្ងៃ​ទី ១៦ ខែ​កក្កដា​នេះ ថា កុង​តឺន័រ​ចំនួន​ ៨៣ ទូ ដែល​មាន​ផ្ទុក​កាក​សំណ​ល់​សំរាម​ នាំ​ចូល​ពី​បរទេស​នេះ ត្រូវ​កម្លាំង​សមត្ថ​កិច្ច នៃ​អគ្គនាយក​ដ្ឋាន​គយ និង​រដ្ឋាករ សហការ​ជា​មួយ​​សមត្ថ​កិច្ច​ពាក់​ព័ន្ធ បើក​ប្រតិបត្តិ​ការ​បង្ក្រាប​បាន​ នៅ​ខេត្ត​ព្រះសីហនុ។ នៅ​រសៀល​ថ្ងៃ​ទី ១៦ ខែកក្កដា ឆ្នាំ ២០១៩ នេះ ក្រសួង​បរិស្ថាន និង​អគ្គ​នាយ​កដ្ឋាន​គយ និង​រដ្ឋាករ នៃ​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ​ និង​ស្ថាប័​នពាក់​ព័ន្ធ​បាន​សម្រេច​គាស់​ទូ​កុង​តឺន័រ​ទាំង​អស់​នោះ ដើម្បី​ពិនិត្យ​ជាក់​ស្ដែង​នៅ​ក្នុង​កំពង់​ផែ​ខេត្ត​ព្រះ​សីហនុ។

បើ​តាម​លោក​នេត្រ​ ភក្រ្តា​ ការ​គាស់​ទូកុង​តឺន័រ​នៅ​រសៀល​ថ្ងៃ​នេះ ដឹកនាំ​ដោយ​លោក គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិ​បាល ទទួល​បន្ទុក​អគ្គ​នាយក នៃ​អគ្គនាយក​ដ្ឋាន​គយ និង​រដ្ឋាករ លោក​ សាយ សំអាល់ រដ្ឋ​មន្ដ្រី​ក្រសួង​បរិស្ថាន លោក​ គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ និង​ លោក​ លូ គឹមឈុន ប្រតិ​ភូ​រាជ​រដ្ឋា​ភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក​កំពង់​ផែ​ស្វយ័ត​ព្រះ​សីហនុ៕