រតនគិរី/ស្ទឹងត្រែង: ​សមត្ថកិច្ច​ខេត្តរតនគិរី​បាន​ចុះបង្ក្រាប​រោង​សិប្បកម្ម​អារឈើ និង​កែច្នៃ​ឈើ​មួយកន្លែង​ស្ថិត​នៅ​ភូមិ​អូរកន្តិល សង្កាត់​បឹងកន្សែង ក្រុង​បានលុង​ដោយ​ដកហូត​ឈើ​សុក្រំ និង​កកោះ​ជាង ១៣០ ​ដុំ និង​ឈើ​ធ្នង់ ៥៤០ គីឡូក្រាម ប៉ុន្ដែ​ម្ចាស់​បាន​រត់គេចខ្លួន ខណៈ​សមត្ថកិច្ច​ខេត្តស្ទឹងត្រែង​ក៏បាន​ចុះ​ត្រួតពិនិត្យ​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ចំនួន​ ២ ​កន្លែង​ផងដែរ ហើយ​ម្ចាស់​រត់គេច​ខ្លួន​ដូចគ្នា​។

លោក ថាវ យ៉េន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី​បាន​ថ្លែងថា នៅ​ថ្ងៃទី​ ១ ខែ​កុម្ភៈ ឆ្នាំ​ ២០២០ កម្លាំង​មូលដ្ឋាន​កងរាជ​អាវុធហត្ថ​ក្រុង​បានលុង និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ដែល​ដឹកនាំ​ដោយ​លោក លាង អ៊ូ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​រតនគិរី​បាន​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ចំណុច​ភូមិ​អូរកន្តិល​។

លោក​បន្តថា ជា​លទ្ធផល​សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​ឈើ​ប្រភេទ​សុក្រំ​ ៩៣ ​ដុំ កកោះ ៤៣ ​ដុំ ធ្នង់ ៥៤០ ​គីឡូក្រាម​ពី​រោង​ម៉ាស៊ីន​អារឈើ និង​កែច្នៃ​ឈើ​ធ្វើ​គ្រឿងសង្ហារិម​ ១ ​កន្លែង ប៉ុន្ដែ​ម្ចាស់​រោង​សិប្បកម្ម និង​កម្មករ​បាន​រត់​គេចខ្លួន​បាត់អស់​។ បច្ចុប្បន្ន​វត្ថុតាង​ឈើ និង​គ្រឿង​ម៉ាស៊ីន​អារឈើ​មួយចំនួន ត្រូវបាន​ប្រគល់​ជូន​ទៅ​រដ្ឋបាល​​ព្រៃឈើ ដើម្បី​រក្សាទុក​។

លោក​បញ្ជាក់ថា​៖ «​កម្លាំង​ពួកខ្ញុំ គ្រាន់តែ​ទៅ​សហការ​អនុវត្ត​ច្បាប់​ហើយ​វត្ថុតាង​នានា​ដែល​បាន​រឹបអូស​ពី​បទល្មើស​នេះ ខ្ញុំ​បានប្រគល់​ជូនទៅ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​អស់​ហើយ​ដោយ​មន្ត្រី​ជំនាញ​គេ​ចាត់ចែង​យ៉ាងណា​ទៀត ខ្ញុំ​អត់​ដឹង​ទេ​»​។

លោក កែប កត់ នាយក​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី​បាន​ថ្លែង​ពីថ្ងៃ​ចន្ទ​ថា លោក​មិន​ទាន់​បានទទួល​របាយការណ៍​ជុំវិញ​សំណុំ​រឿងនេះ​ទេ​។ «​ប្រហែល​ជា​ពួកគាត់​កំពុង​ធ្វើការងារ​នេះហើយ តែ​មិន​ទាន់​រាយការណ៍​មក​ខ្ញុំ​»​។

ករណី​ស្រដៀង​គ្នា​នេះដែរ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ស្ទឹងត្រែង​បាន​ចុះ​ត្រួតពិនិត្យ​តាម​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ចំនួន​ ២ ​កន្លែង​នៅក្នុង​ក្រុង​ស្ទឹងត្រែង ដោយ​សមត្ថកិច្ច​សង្ស័យ​ថា រោង​សិប្បកម្ម​ទាំងនោះ​មិន​ទាន់​មានច្បាប់​ត្រឹមត្រូវ​ក្នុង​ការធ្វើ​អាជីវកម្ម​។

លោក លៀង សេង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តស្ទឹងត្រែង​ថ្លែង​ពី​ម្សិលមិញ​ថា រយៈពេល​ ២ ​ថ្ងៃ​គឺ​ពី​ថ្ងៃទី​ ២៨-២៩ ខែ​មករា ឆ្នាំ​ ២០២០ កម្លាំង​អធិការនគរបាល-ក្រុង កម្លាំង​បរិស្ថាន និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បាន​ចុះ​ត្រួតពិនិត្យ​តាម​រោង​សិប្បកម្ម​បាន​ចំនួន​ ២ ​កន្លែង និង​ផ្ទះមួយ​កន្លែង​របស់​ឈ្មោះ «​ចែពៅ​» ដែល​ជា​កន្លែង​ស្តុក​ឈើ​សម្រាប់​នាំចេញ​យកមក​លក់​ឲ្យ​រោង​សិប្បកម្ម​ផ្សេងៗ​នៅក្នុង​ខេត្តស្ទឹងត្រែង ប៉ុន្ដែ​ម្ចាស់​បាន​រត់គេច​ខ្លួន​ទាំងអស់​។

លោក​បាន​បញ្ជាក់​ថា​៖ «​ឥឡូវនេះ ខ្ញុំ​មិនទាន់​ដឹង​ពី​ចំនួន​ឈើ និង​សម្ភារ​នៅក្នុង​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ទាំង​ ២ ​កន្លែង​ហ្នឹង​ទេ ព្រោះ​មន្ត្រី​ជំនាញ​យើង​នៅ​បន្តធ្វើ​ការវាស់វែង​នៅឡើយ​។ នៅពេល​យើង​វាស់វែង​ហើយ គឺ​យើង​សួររក​លិខិត ឬ​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ហើយ​ប្រសិន​បើ​គាត់​អត់​មាន​ទេ គឺ​នឹង​បិទ​អាជីវកម្ម​ហ្នឹង​តែម្ដង​តែ​មាន​ហើយ គឺ​យើង​អនុញ្ញាត ហើយ​នឹង​ដាក់​លក្ខខណ្ឌ​មួយ​ចំនួន​ថែមទៀត​»​។

លោក​ អៀង វ៉ាន់ឌី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​កាលពី​ថ្ងៃ​ចន្ទ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណីនេះ​។ ប៉ុន្ដែ​លោក វ៉ាន់ឌី បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ថា ក្នុងនាម​ប្រធាន​គណៈកម្មាធិការ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ព្រៃឈើ​ថ្នាក់​ខេត្ត លោក​នឹង​បន្ត​ដឹកនាំ​កម្លាំងចម្រុះ ចុះ​ត្រួតពិនិត្យ​ជា​បន្តបន្ទាប់​ទៀត​តាម​រោង​សិប្បកម្ម​នានា​ដែល​សង្ស័យថា មិនមាន​ច្បាប់​អនុញ្ញាត​។ ករណី​បង្ក្រាប​នេះ​លោក​នឹង​រក​ឲ្យ​ឃើញ​ចំពោះ​មូលហេតុ​ដែល​ម្ចាស់​សិប្បកម្ម​កែច្នៃ​ឈើ​ទាំងនោះ មិន​ព្រម​ទៅ​ធ្វើ​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​។

លោក​បាន​ជំរុញ​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ធ្វើ​កំណត់​ហេតុ​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​បន្ត​នីតិវិធី​ទៅកាន់​តុលាការ​។ លោក​បញ្ជាក់ថា ករណី​ចុះ​ត្រួតពិនិត្យ​តាម​រោង​សិប្បកម្ម​កែច្នៃ​ឈើ​នេះ​គឺជា​លើក​ទី​ ២ ​ហើយ​បន្ទាប់ពី​យុទ្ធនាការ​ក្តៅ​លើក​ទី​ ១ ​កាលពី​ឆ្នាំ​ ២០១៩ ​កន្លង​ទៅ​៕