កំពង់ធំ: សមត្ថកិច្ច មន្ទីរកសិកម្ម ​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​​កំពង់ធំ​បាន​ឃាត់​រថយន្ត​ធុន​ធំ​ ១ ​គ្រឿង​ នៅ​ស្រុក​ប្រាសាទបល្ល័ង្ក​កាលពី​ថ្ងៃទី​ ២៣ ខែ​កុម្ភៈ ខណៈ​ព្យាយាម​ដឹក​ដំឡូងមី​ពី​ខេត្តព្រះវិហារ​ទៅកាន់​រាជធានី​​ភ្នំពេញ ហើយ​ត្រូវបាន​ឆែកឆេរ​រកឃើញ​ឈើ​ប្រណីត​រាប់រយ​​កំណាត់​បង្កប់​នៅក្នុង​រថយន្ត​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​។

លោក ប៉ែន វណ្ណរិទ្ធិ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​​នេសាទ​ខេត្តកំពង់ធំ បាន​ថ្លែង​ពី​ម្សិលមិញ​ថា រថយន្ត​ធុន​ធំ ១ ​គ្រឿង​នេះ ពាក់​ស្លាក​លេខ 3A-1359 ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ចុះបង្ក្រាប​បាន​ក្រោយពី​សង្ស័យថា មាន​ភាពមិន​ប្រក្រតី​របស់​​រថយន្ត​នោះ ប៉ុន្ដែ​ភ្លាមៗ​នោះ​អ្នកបើកបរ​បាន​ឈប់​រថយន្ត ហើយ​រត់​គេចខ្លួន​បាត់​ដែល​សមត្ថកិច្ច​កំពុងតែ​ស្វែងរក​។

លោក​បន្ត​ថា ក្នុង​អំឡុងពេល​ឃាត់​រថយន្ត​នោះ​សមត្ថកិច្ច​រកឃើញ​ឈើ​រាប់រយ​កំណាត់​ដាក់​បង្កប់​នៅ​ខាងក្រោម​ការុង​ដំឡូងមី​។ ពោលគឺ ជនល្មើស​បាន​ដឹក​ដោយ​ដាក់​បង្កប់​ឈើ​ប្រភេទ​ឈើទាល​នៅ​ខាងក្រោម​ការុង​ដំឡូង​រួច​ដឹកជញ្ជូន​ចេញពី​ខេត្ត​ព្រះវិហារ​សំដៅ​ទៅ​ភ្នំពេញ​។

លោក​បញ្ជាក់ថា​៖ «​រថយន្ត​ដឹក​ដំឡូងមី និង​ឈើ​នេះ យើង​បាន​យកមក​រក្សាទុក​នៅ​ទីស្នាក់ការ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ធំ​រួច​ហើយ ដោយ​មន្ត្រី​ជំនាញ​យើង​កំពុង​ធ្វើការ​វាស់វែង និង​ធ្វើ​កំណត់ហេតុ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ប៉ុន្ដែ​ខ្ញុំ​មិនទាន់​ដឹង​ពី​ចំនួន​ឈើ​នៅឡើយ​។ ប្រសិន​ម្ចាស់​ចូល​ខ្លួន​មក​ដោះស្រាយ​តាមច្បាប់ គឺ​យើង​នឹង​ទទួល​ដោះស្រាយ​តាមច្បាប់​ស្ដីពី​ព្រៃឈើ​តែម្ដង​»​។

លោក ប៊ុន សុធី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ធំ​បាន​ថ្លែងថា សមត្ថកិច្ច​បាននិង​កំពុង​ស្រាវជ្រាវ​រក​ម្ចាស់ និង​អ្នកបើកបរ​រថយន្ត​នេះ ដើម្បី​យក​ផ្ដន្ទាទោស​តាមច្បាប់​ដោយ​ពួកគេ​បាន​លួច​ដឹកឈើ​ខុសច្បាប់​តាមរយៈ​ការបិទបាំង​ភ្នែក​សមត្ថកិច្ច​។ សមត្ថកិច្ច​ចម្រុះ​ជាច្រើន​នាក់​ដាក់​ប៉ុស្ដិ៍​ប្រចាំ​ការដែល​រង់ចាំ​ការត្រួតពិនិត្យ​ទំនិញ​ខុសច្បាប់ បើកបរ​លើស​ល្បឿន និង​ដឹកជញ្ជូន​ទំនិញ​លើស​ការកំណត់​ជាដើម​។

លោក​បន្តថា សមត្ថកិច្ច​បាន​ដាក់​ការសង្ស័យ​ទៅលើ​រថយន្ត​ល្មើសច្បាប់​ខាងលើ​នេះ ដោយ​សុំ​ធ្វើការ​ឆែកឆេរ ប៉ុន្ដែ​មុនពេល​មកដល់​ប៉ុស្ដិ៍​សមត្ថកិច្ច អ្នកបើកបរ​រថយន្ត​បាន​ឈប់​រថយន្ត ហើយ​រត់​ចូល​ព្រៃ​គេចខ្លួន​បាត់ស្រមោល​។ ភ្លាមៗ​នោះ​សមត្ថកិច្ច​បាន​រកឃើញ​ឈើ​ដែល​ដាក់​បង្កប់​ក្រោម​ដំឡូងមី ប៉ុន្ដែ​មិនទាន់​ដឹង​ពី​ចំនួន​ឈើ​នៅ​ឡើយ​ទេ​។

លោក​បញ្ជាក់ថា​៖ «​យើង​អត់​ទាន់​ដឹង​ពី​ចំនួន​ឈើ​ហ្នឹង​នៅឡើយ​ទេ តែ​ឈើ​នេះ​ប្រភេទ​ឈើទាល គឺ​ឈើ​ត្រូវបាន​គេ​អារច្រៀក​ជា​ដុំៗ​ដែល​មាន​ប្រវែង​ចន្លោះ​ពី​ ៣ ទៅ​ ៥ ​ម៉ែត្រ​។ កន្លងមក​យើង​ធ្លាប់បាន​ជួបប្រទះ​ជាច្រើន​ករណី​ហ្នឹងហើយ អ៊ីចឹង​រថយន្ត​ដែល​មើល​ទៅ​មានការ​សង្ស័យ គឺ​យើង​សុំ​គាត់​ឆែកឆេរ​តែម្ដង បើ​ឃើញ​ល្មើសច្បាប់​យើង​ឃាត់ តែ​បើ​គ្មាន​បញ្ហា​អ្វី​ទេ គឺ​អនុញ្ញាត​ឲ្យ​គាត់​បន្តដំណើរ​ទៀត​»​។ លោក ផល ធឿន អធិការនគរបាល​ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្ត​កំពង់ធំ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​មិនទាន់​បាន​ទទួល​របាយការណ៍​ពី​មន្ត្រី​ជំនាញ​របស់​លោក​នៅឡើយ​ទេ​៕