កម្លាំង​នគរ​បាល​ជំនាញ​នៃ​លេខា​ធិការ​ដ្ឋាន គណៈ​កម្មា​ធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ក្លែង​ក្លាយក្រសួង​មហាផ្ទៃ កាល​ពី​ល្ងាច​ថ្ងៃ​​ទី​ ១១​ ខែ​សីហា ​បាន​ឆ្មក់​ចូល​បង្ក្រា​ប​ទី​តាំង​រោង​ចក្រ​ផលិត​បារីអត់​ច្បាប់​មួយ​កន្លែង ស្ថិតក្នុង​សង្កាត់​ចោមចៅ​ ៣ ខណ្ឌ​ពោធិ៍​​​សែន​ជ័យ ដោយ​បាន​ចាប់​ឃាត់​ខ្លួន​ បុគ្គលិក​ ១៨ នាក់​ នៃរោង​ចក្រ​នោះយក​ទៅ​សួរ​នាំ។

យោង​តាម​ប្រភព​ពីមន្ត្រី​នគរបាល​ជំនាញ​ម្នាក់ ដែល​បាន​ចូលរួម​នៅ​ក្នុង​ប្រតិបត្តិ​ការ បង្ក្រាប​ទីតាំង​រោង​ចក្រ​ផលិត​បារី​ខុស​ច្បាប់​​​នេះ បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​នៅ​ព្រឹក​ថ្ងៃ​ទី​ ១២​ សីហា​ ក្នុង​លក្ខខ​ណ្ឌមិន​បញ្ចេញ​ឈ្មោះ​ថា រោ​ងចក្រ​ផលិតបារីអត់​ច្បាប់​​នេះ ត្រូវ​បាន​គេរាយ​ការណ៍​ថា បាន​បើក​ដំណើការ​លួច​លាក់​អស់​រយៈ​ពេល​ ២ ឆ្នាំ​មក​ហើយ​ និង​មាន​កម្មករ​សរុប​ជាង ​១០០​ នាក់។

ប្រភព​បាន​បន្ត​ថា​៖ «ក្រុម​ហ៊ុន​រោង​ចក្រ​នេះ​ឈ្មោះ​ ប៊ីភី​អេ បូព៌ា អាស៊ី ​ឯ.ក បាន​ផលិត​បារី​ក្លែង​បន្លំ​ស្លាក​សញ្ញា​ពាណិជ្ជ​កម្ម​របស់​​ក្រុម​ហ៊ុន បារី​ម៉ាក​ល្បីៗ​ជាច្រើន​របស់​ប្រទេស​ចិន ប៉ុន្តែ​នៅ​ពេល​នេះ យើង​មិន​ដឹង​ថា ផលិត​ផល​ក្លែង​​គុណ​ភាព និង​ស្លាក​សញ្ញាពា​ណិជ្ជកម្មទាំង​នោះ បាន​ចរារ​ណ៍​ទៅ​ក្នុង​ទីផ្សារ​ណា​ខ្លះ​នោះ​ទេ»។

ប្រភព​ពី​មន្ត្រី​នគរ​បាល​ជំនាញ ​នៃ​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​​ផល​ក្លែង​ក្លាយ​ដដែល​នោះបាន​បន្ត​ថា ក្នុង​ប្រតិ​បត្តិការ​នោះ ក្រុម​សមត្ថ​កិច្ច​បាន​ចាប់​ឃាត់​ខ្លួន​បុគ្គលិក​ចំនួន​ ១៨​ នាក់ ក្នុង​នោះ ​មាន​ជន​ជាតិ​ចិន ​​១៤ ​នាក់ ជន​ជាតិ​វៀត​ណាម ៣ ​នាក់ និងអ្នក​បក​ប្រែ​ភាសា​ចិន​ម្នាក់​ ជាជន​ជាតិ​ខ្មែរ យក​ទៅ​សួរ​នាំ ដែល​រហូត​មក​ទល់​ពេល​នេះ គេនៅ​មិន​ទាន់​ស្គាល់​អត្ត​សញ្ញាណ​របស់​ម្ចាស់​ក្រុមហ៊ុន​រោង​ចក្រ​ផលិត​បារី​អត់​ច្បាប់​នោះ​នៅ​ឡើយ​ទេ។

លោក សាយ ណូរ៉ា ព្រះរាជ​អាជ្ញា​រង អម​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ ដែល​បាន​ចូល​រួម​សហ​ការ​ផ្នែក​ច្បាប់ នៅ​ក្នុង​ប្រតិ​បត្តិ​កា​រនោះ បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ថា ក្រោយ​ការ​ឆែក​ឆេរ មន្ត្រី​ជំនាញ​ បា​ន​រ​ក​ឃើញ​ផលិត​ផល​បារី​ក្លែង​បន្លំ ស្លាក​សញ្ញាពា​ណិជ្ជ​កម្ម របស់​ក្រុម​ហ៊ុន​បារីម៉ាក​ល្បីៗ​ជា​ច្រើន​ប្រភេទ​របស់​ប្រទេស​ចិន ដែល​ក្នុង​នោះ​រួមមាន​ ម៉ាក W (រូបគោជល់) , Yun Yam (រូបនាគ) , Lyqun, Yu Xi , Peony , Furong Wang , Nanjing , Shuang Xi (A 701) , Shuang Xi (រូបចៀម) និង​ម៉ាក Shuang Helen។

លោក ណូរ៉ា បញ្ជាក់​ថា៖ «ក្រោយ​ការ​ត្រួត​ពិនិត្យ ក្រុម​មន្ត្រី​ជំនាញ​បាន​ធ្វើ​ការ​ដក​ហូត​នូវ​សម្ភារ បម្រើ​ការ​ក្នុង​សិប្បកម្ម​ រួម​ជាមួយ​វត្ថុ​ធាតុ​ដើម​សម្រាប់​ផលិត​បារី និង​ផលិត​ផល​បារី​ មួយ​ចំនួន​យក​ទៅ​ពិសោធ​ន៍ និង​ទុក​ជា​វត្ថុតាង​។ ចំណែកសម្ភារ​ និង​វត្ថុ​ធាតុ​ដើមសម្រាប់​ផលិត​បារី និង​ផលិត​ផល​បារី ដ៏ច្រើន​សន្ធឹក​សន្ធាប់​ទៀត ត្រូ​វបាន​ចាក់​សោរ​ឃ្លុំ​បេ​ទុក​នៅ​ក្នុង​រោច​ក្រ​នោះ​ទាំង​អស់។ បន្ទាប់​មកក្រុម​សមត្ថ​កិច្ច​ជំនាញក៏បាន​សម្រេច​បិទ​ទ្វារ​រោង​ចក្រ​នេះ​ជា​បណ្ដោះ​អាសន្ន​ ដើម្បី​សម្រួល​ដល់​ដំណើ​ការ​ស៊ើប​អង្កេត​»។

ទន្ទឹម​នឹង​នេះ​ក្រុម​មន្ត្រី​ជំនាញ​ ក៏បាន​តម្រូវ​ឲ្យ​ផ្នែក​រដ្ឋ​បាល​ក្រុម​ហ៊ុនរោង​ចក្រ​នេះ ធ្វើការ​ទូទាត់​បើក​ប្រាក់​បៀវត្សរិ៍​ និង​ប្រាក់​អត្ថ​ប្រយោជន៍​មួយ​ចំនួន​ទៀត​ដល់​​ក្រុម​កម្មករ​ជន​ជាតិ​ខ្មែរ​ជាង​ ១០០ ​នាក់ ដែល​បម្រើកា​រនៅ​ក្នុង​រោង​ចក្រ​នោះ ​ខណៈ​ក្រុម​ហ៊ុន​រោង​ចក្រ​មួយ​នេះ ត្រូវ​បិទ​ទ្វារ​រហូត​ដល់​មាន​ការ​សម្រេច​ជាថ្មី ពី​គណៈ​កម្មការ​ជំនាញ។ នេះ​បើ​តាម​ លោក ណូរ៉ា។

លោក វេជ្ជ​បណ្ដិត មុំ គង់ នាយក​ប្រតិ​បត្តិអង្គ​ការ​ចលនា​ ​ដើម្បី​សុខ​ភាព​កម្ពុជាបាន​សម្ដែង​ការ​គាំ​ទ្រ​ ចំពោះ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​សមត្ថ​កិច្ច​ជំនាញ ដែល​បាន​ស្រាវ​ជ្រាវ​និង​បង្ក្រាប​ទីតាំង​រោង​ចក្រ​ផលិត​ថ្នាំ​ជក់អត់​ច្បាប់​​នេះ។

ជាមួយ​គ្នា​នេះ លោក​បាន​អំពាវ​ និង​ជំរុញ​ដល់​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត ត្រូវ​ពង្រឹងកា​រអនុវត្ត​ច្បាប់ ដោយ​ចុះស្រាវ​ជ្រាវ​ និង​បង្ក្រាប​រាល់​សកម្មភាព​នៃការ​ធ្វើ​ពាណិជ្ជ​កម្ម​ថ្នាំ​ជក់ (បារី) ខុស​ច្បាប់​នៅ​កម្ពុជា​បន្ថែម​ទៀត ខណៈ​ផលិត​ផល​ថ្នាំជក់ ឬ​បារី​ក្លែង​បន្លំ​ស្លាកស​ញ្ញាពា​ណិជ្ជកម្ម​ជាច្រើន ដែល​គ្មាន​ស្លាក​សញ្ញា​ព្រមាន​សុខភាព​ជាប់​នឹង​កញ្ចប់​បារី កំពុង​ត្រូវ​បាន​ចរាច​រណ៍ នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ ដោយ​ខុស​ច្បាប់​។

លោក​ថ្លែង​ថា​៖ «យើង​ចង់​ឃើញ​មន្ត្រី​ពាក់​ព័ន្ធ និងអាជ្ញាធរ​មូល​ដ្ឋានចូល​រួម​ពង្រឹង​ការ​អនុវត្ត​ច្បាប់ស្ដីពីការ​ត្រួត​ពិនិត្យ​ផលិត​ផល​ថ្នាំ​ជក់ ដើម្បី​លើក​កម្ពស់​​សុខ​ភាព​សាធា​រណៈ​នៅ​កម្ពុជា​»៕