ភ្នំពេញ: គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​របស់​ក្រសួង​មហាផ្ទៃ និង​សមត្ថកិច្ច​មូលដ្ឋាន​បាន​បង្ក្រាប​សិប្បកម្ម​ផលិត​បារី និង​សិប្បកម្ម​ផលិត​នំប៉័ង​ចំនួន ២ ​កន្លែង​ផ្សេងគ្នា​របស់​ជនជាតិ​ចិន​ក្នុង​ខណ្ឌ​សែនសុខ និង​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​ដោយ​ដកហូត​វត្ថុតាង​សរុប​ជិត ៥០ ​តោន ​ដែល​ជា​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់​។

លោក ញាណ នន នាយ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃ្មួញ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា សមត្ថកិច្ច​ចម្រុះ​បាន​ចុះទៅ​ឆែកឆេរ​ត្រួតពិនិត្យ​ជាក់ស្តែង​សិប្បកម្ម​ផលិត និង​ចែកចាយ​បារី​មួយកន្លែង​កាលពី​ថ្ងៃទី​ ៧ ខែ​តុលា ដោយ​សង្ស័យ​ផលិត​បារី​ក្លែងក្លាយ​​ខុសច្បាប់​នៅ​ភូមិ​ឃ្មួញ សង្កាត់​ឃ្មួញ ខណ្ឌ​សែនសុខ​។

លោក​បន្តថា ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​បាន​រកឃើញ​វត្ថុតាង​ផលិតផល​វត្ថុធាតុដើម​សម្រាប់​ផលិត​បារី​ចំនួន​ ១១ ​ប្រភេទ​សរុប​ចំនួន ១ ០៤៨ កេស មាន​ទម្ងន់​ប្រហែល ២៥ ​តោន​។ ក្នុងនោះ​រួមទាំង​រកឃើញ​វត្ថុតាង​ម៉ាស៊ីន និង​ឧបករណ៍​សម្រាប់​ផលិត​បារី​មួយចំនួន​ទៀត​។

លោក​បញ្ជាក់ថា​៖ «​ករណី​នេះ មន្ត្រី​ជំនាញ​គាត់​បាន​ប្រមូល​វត្ថុតាង​មួយចំនួន​ទៅ​ទុក​នៅ​ស្នាក់ការ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ដើម្បី​ពិនិត្យ និង​ពិសោធន៍​។ រីឯ​នៅ​កន្លែង​កើតហេតុ​ហ្នឹង សមត្ថកិច្ច​ឃាត់ខ្លួន​កម្មករ​ជនជាតិ​ចិន​ម្នាក់​ទៅ​សាកសួរ ប៉ុន្ដែ​ខ្ញុំ​មិនទាន់​ដឹង​ពី​នីតិវិធី​បន្តទៀត​បែបណា​ទេ ព្រោះ​ខ្ញុំ​មិនបាន​កាន់​សំណុំ​រឿងនេះ​»​។

លោក ហួរ ម៉េងវ៉ាង អធិការនគរបាល​ខណ្ឌ​សែនសុខ​ពី​ម្សិលមិញ​មិនទាន់​អាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណីនេះ​បានទេ ដោយ​ទូរស័ព្ទ​លោក​មិនអាច​ទាក់ទង​បាន​។

ដោយឡែក​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​របស់​ក្រសួង​មហាផ្ទៃ និង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​កាលពី​ថ្ងៃទី​ ៦ ខែ​តុលា ​ក៏បាន​ត្រួតពិនិត្យ​សិប្បកម្ម​ផលិត​នំបុ័ង​មួយ​កន្លែង​នៅ​ភូមិ​ព្រៃសាលា សង្កាត់​កាកាប​ទី​ ២ ខណ្ឌ​ពោធិ៍សែនជ័យ​ដោយ​សមត្ថកិច្ច​បាន​រកឃើញ​វត្ថុតាង​ឧបករណ៍​សម្ភារ និង​វត្ថុធាតុដើម​បម្រើឱ្យ​ការងារ​ផលិត​នំបុ័ង​សរុប​ចំនួន ១៦ ​ប្រភេទ​ស្មើនឹង​ទម្ងន់​ជាង ២២ ​តោន​។

មន្ត្រី​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ​ម្នាក់​សុំ​មិន​បញ្ចេញឈ្មោះ​បាន​ឱ្យដឹងពី​ម្សិលមិញ​ថា ក្រោយពី​ត្រួតពិនិត្យ សមត្ថកិច្ច​រកឃើញ​ថា សិប្បកម្ម​ផលិត​នំបុ័ង​នេះ ធ្វើ​អាជីវកម្ម​មិន​ត្រឹមត្រូវ​តាមច្បាប់ គឺ​គ្មាន​ស្លាក​យីហោ គ្មាន​ការប្រកាស​បង្កើត​រោង​សិប្បកម្ម​,​ផលិតផល មិនទាន់​យក​ទៅ​ចុះបញ្ជី​, វិញ្ញាបនបត្រ​វិភាគ​គុណភាព​ហួស​សុពលភាព​,​ នៅលើ​សម្បក​វេចខ្ចប់​ក្លែង​អាសយដ្ឋាន​, ​គ្មាន​វិញ្ញាបនបត្រ​ចុះបញ្ជី​ម៉ាក​ផលិតផល និង​គ្មាន​វិញ្ញាបនបត្រ​ដំណើរការ​សិប្បកម្ម​ស្របច្បាប់​។

លោក​បញ្ជាក់ថា​៖ «​ពេល​យើង​ចុះបង្ក្រាប​ហ្នឹង អត់​ឃើញ​ម្ចាស់​នៅ​កន្លែង​ហ្នឹង​ទេ ប៉ុន្ដែ​យើង​បាន​បិទ​ហាង​បណ្ដោះអាសន្ន​សិន ហើយ​នឹង​ប្រមូល​វត្ថុតាង​មួយចំនួន​មក​ពិនិត្យ​។ នីតិវិធី​ច្បាប់​បន្តទៀត​គឺ​នៅលើ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ជា​អ្នកចាត់ចែង ខ្ញុំ​អត់​ដឹង​ដែរ​»​។

លោក ម៉ន វុធី អធិការ​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ​បាន​ចុះ​សហការ​ជាមួយ​មន្ត្រី​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ដែរ ប៉ុន្ដែ​ក្រុមការងារ​លោក​មិនបាន​ចាត់ចែង​របាយការណ៍ ឬ​កាន់​សំណុំ​រឿងនេះ​ទេ​។

លោក​បញ្ជាក់ថា​៖ «​របាយការណ៍​ដែល​ទាក់ទង​សំណុំ​រឿងនេះ​គឺ​យើង​មិនបាន​កាន់​ទេ អ៊ីចឹង​មិនអាច​ប្រាប់​ពី​ព័ត៌មាន​នេះ​បានទេ​។ សួរ​ទៅ​កម្លាំង​ជំនាញ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​របស់​ក្រសួង​មហាផ្ទៃ ព្រោះ​គាត់​ចាត់ចែង​សំណុំរឿង​ហ្នឹង​»​។

លោក មៀច សុផាន់ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ពី​ម្សិលមិញ​មិនទាន់​អាចទាក់ទង​សុំ​ការ​បញ្ជាក់បន្ថែម​ជុំវិញ​ករណី​នេះ​បានទេ​។

លោក ចាន់ វ៉ាន់ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​មិនទាន់​បាន​ទទួល​ព័ត៌មាន​នេះ​ទេ​។ ដូច្នេះ​លោក​មិនអាច​បញ្ជាក់​ពី​នីតិវិធី​ច្បាប់​បែបណា​ដែរ​។

ចំណែក​លោក ឡុង ស្រេង អនុប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​ក៏​មិនបាន​ដឹង​ពី​ប្រតិបត្តិការ​នេះដែរ​។

លោក ឡី សុភាព ប្រធាន​សមាគម​សហព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​អ្នកលក់​ឱសថ​កម្ពុជា​បាន​ថ្លែង​ពី​ម្សិលមិញ​ថា​៖ «​ខ្ញុំ​ក៏​សូម​ជំរុញ​ឱ្យ​ផលិតករ ឬ​សិប្បករ​ទាំងអស់​ត្រូវ​តែ​បែរ​មក​មើល​ច្បាប់ ហើយ​គោរព​អនុវត្តតាម​ទាំងអស់​គ្នា បើ​យើង​ទាំងអស់​គ្នា​មិន​អនុវត្ត​ទេ គឺ​វា​ប៉ះពាល់​ដល់​សង្គមជាតិ​យើង​ធ្ងន់ធ្ងរ​ណាស់​។ យើង​ត្រូវ​គោរព​ច្បាប់ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ទាំងអស់​គ្នា​»៕

វីដេអូ៖